Skip to content

Lionel Messi ប្រកួត​ចុងក្រោយ​នៅ Champions League ធ្វើឱ្យ Ronaldo «លួច​សប្បាយចិត្ត»?

El Pulga ទំនង​ទើបតែ​បានបញ្ចប់​ការបង្ហាញ​ថ្វី​ជើង​​ដែល​ត្រូវបាន​គេ​យល់ថា «ចុងក្រោយ» បន្ទាប់ពី​ចាញ់ Bayern ក្នុងការ​ប្រកួត​ជើង​ទី​ពីរ​នៅឯ​កីឡដ្ឋាន Allianz Arena ប្រទេស​អាល្លឺម៉ង់។ ប្រការនេះ​អាចធ្វើឱ្យ Ronaldo សប្បាយចិត្ត។

កំពូល​តារាបាល់ទាត់​ជនជាតិ​ព័រទុយហ្កាល់ Cristiano Ronaldo ចាប់តាំងពី​បាន​ចាក​ចេញពី​ពិភព​បាល់ទាត់​លំដាប់​កំពូល និង​បាន​ទៅ​ប្រកួត​ឱ្យ​ក្លឹប​នៅ​មជ្ឈិមបូព៌ា​ក្នុង​វ័យ 38 ឆ្នាំ ត្រូវបាន​គេ​យកមក​ប្រៀបធៀប​ជាមួយនឹង Messi ដែលជា​កំពូល​តារាបាល់ទាត់​រប​ស់​ប្រទេស​អា​ហ្ស​ង់​ទីន។ ជាពិសេស តំណែង​ជើងឯក World Cup 2022 ដែល Messi និង​ក្រុម​អា​ហ្ស​ង់​ទីន​ដណ្ដើមបាន គឺជា​រឿង​លេចធ្លោ​ដែល​គេ​លើក​យកមក​សង្កត់​សង្កិន​​ផ្លូវចិត្ត​របស់ Ronaldo ព្រោះ​មនុស្ស​ជាច្រើន​យល់ថា CR7 បាន «អស់អំណាច» ពិតប្រាកដ។

ដូច្នេះហើយ យោងតាម​ទំព័រ Express រឿង​ដែលថា Messi លេង​ក្នុង​ការប្រកួត​ចុងក្រោយ​នៅ Champions League ឆ្នាំនេះ បន្ទាប់ពី​បរាជ័យ​ចំពោះមុខ Bayern ក្នុង​ជើង​ទី​ពីរ និង​អាចជា​ការ​ប្រកួត​លើកចុងក្រោយ​ក្នុង​អាជីព បណ្ដាលឱ្យ Ronaldo ត្រេកអរ​ខ្លាំង។ ប្រការនេះ​អាច​នឹង​កើតឡើង បើសិន Messi ​សម្រេចចិត្ត​​មិន​ពន្យារ​កិច្ចព្រមព្រៀង​ជាមួយក្លឹប PSG។

បើទោះជា​នៅតែមាន​សមត្ថភាព​លេង​នៅ​ពិភព​បាល់ទាត់​លំដាប់​កំពូល​របស់​ពិភពលោក ប៉ុន្តែ​បើសិន​ចាក​ចេញពី PSG មែន Messi ទំនងជា​ពិបាក​រក​ក្លឹប​ថ្មី ដោយសារ​ថា បច្ចុប្បន្ន​មាន​ក្លឹប​មិន​ច្រើន​នោះទេ​ដែលមាន​សមត្ថភាព​ផ្ដល់ប្រាក់​បៀវត្សរ៍​ឱ្យ El Pulga។ ជាង​នេះ ក្នុង​វ័យ​កាន់តែច្រើន ការ​ទាត់​ឱ្យ​ក្លឹបធំៗក្នុង​រយៈពេល​យូរ​ឆ្នាំ​ទៀត​គឺជា​បញ្ហា​​ធំ​ដែល​មិនមែន​សម្រាប់តែ Messi នោះទេ តែ​កីឡាករ​ទាំងអស់​នឹង​ជួប​រឿងនេះ។

ចំណែក Ronaldo វិញ ការចូល​រួមជាមួយ Al Nassr គឺ​មានន័យថា គាត់​បាន​ឈប់​ប្រកួត​ជា​ផ្លូវការ​នៅក្នុង «សមរភូមិ» អឺរ៉ុប និង​បោះ​បង់​តួនាទី​ជា​អ្នកប្រមាញ់​គ្រាប់​បាល់​លំដាប់​កំពូល​នៅ​ទ្វីប​នេះ។ ក្នុង​អាជីព CR7 រកបាន 140 គ្រាប់​នៅ Champions League ច្រើនជាង Messi ដែល​រក​បានតែ 129 គ្រាប់។ ដូច្នេះហើយ រឿង​ដែលថា M30 នឹង​ចាក​ចេញពី Champions League គឺ​ជា​កត្តា​ដែល​នឹង​ជួយ​រក្សា​​កំណត់ត្រា​របស់​កំពូល​តា​រា​បាល់ទាត់​ព័រទុយហ្កាល់​ ឱ្យ​នៅ​គង់វង្ស៕

Leave a Reply

Your email address will not be published. Required fields are marked *