ឪពុកម្ដាយរបស់ Benjamin Perkin (កាណាដា) បានទទួលទូរស័ព្ទពីកូនប្រុស ដែលតាមពិត នោះគឺជាសំឡេងបង្កើតឡើងដោយបច្ចេកវិទ្យាបញ្ញាសិប្បនិម្មិត (AI) និងនិយាយថា ខ្លួនកំពុងជាប់ឃុំ ហើយត្រូវការប្រាក់ 15,000 ដុល្លារជាបន្ទាន់។
រឿងអាក្រក់បានកើតឡើងនៅក្នុងគ្រួសាររបស់ Perkin អាយុ 36 ឆ្នាំ ក្រោយពីមានមនុស្សម្នាក់អះអាងថាជាមេធាវី ហៅទូរស័ព្ទទៅកាន់ឪពុកម្ដាយរបស់គាត់ ប្រាប់ថា Perkin បានបង្កគ្រោះថ្នាក់ចរាចរណ៍ បណ្ដាលឱ្យអ្នកការទូតម្នាក់បាត់បង់ជីវិត។ ជននេះប្រាប់ថា Perkin កំពុងស្ថិតនៅក្នុងមន្ទីរឃុំខាំង និងត្រូវការប្រាក់សម្រាប់ផ្លូវច្បាប់។
ដើម្បីធ្វើឱ្យទុកចិត្ត ជននេះក៏យកទូរស័ព្ទឱ្យ Perkin តែតាមពិតគឺគ្រាន់តែភ្ជាប់ជាមួយនឹងឧបករណ៍ AI ដែលមានសមត្ថភាពក្លែងបន្លំសំឡេង។ «Perkin AI» និយាយថា ត្រូវការប្រាក់ចាំបាច់។ «សំឡេងនិយាយស្និទ្ធស្នាលធ្វើឱ្យឪពុកម្ដាយខ្ញុំជឿថា នោះគឺជាសំឡេងរបស់ខ្ញុំ» Perkin រៀបរាប់ប្រាប់ Washington Post ដូច្នេះ។
ប៉ុន្មាននាទីក្រោយមក «មេធាវី» ក៏បានតឿនឱ្យឪពុកម្ដាយគាត់ផ្ទេរប្រាក់ ដូច្នេះពួកគាត់ក៏បានទៅកាន់ធនាគារដកប្រាក់ និងផ្ញើ 15,449 ដុល្លារតាមរយៈប្រព័ន្ធប្ដូរប្រាក់ទៅជា Bitcoin។ ឪពុកម្ដាយរបស់ Perkin និយាយថា ពួកគាត់សង្ស័យ ប៉ុន្តែនៅតែធ្វើតាម ព្រោះគិតថា បាននិយាយជាមួយកូនប្រុស។ ព្រលប់នោះ ពេល Perkin ហៅទូរស័ព្ទមក ទើបពួកគេដឹងការពិត។
Perkin សង្ស័យថា វីដេអូទាំងឡាយដែលខ្លួនបានបង្ហោះលើ YouTube ត្រូវបានជនទុច្ចរិតយកទៅបង្រៀនដល់ម៉ាស៊ីន AI របស់ពួកគេ។
នេះមិនមែនជាករណីតែមួយឡើយ។ នៅព្រឹកថ្ងៃមួយនោះ ស្ត្រីវ័យ 73 ឆ្នាំមួយរូប ឈ្មោះ Ruth Card រស់នៅក្នុងតំបន់ Regina ប្រទេសកាណាដា ក៏ជួបបញ្ហាស្រដៀងនឹងករណីខាងលើ។ ប៉ុន្តែ សំណាងល្អ មុនពេលផ្ញើប្រាក់ គាត់ត្រូវបានប្រធានមួយរូបរបស់ធនាគារអញ្ជើញឱ្យចូលការិយាល័យ និងបានប្រាប់ថា អាចជារឿងបោកប្រាស់។ ពេលពួកគេទូរស័ព្ទទៅកាន់ចៅប្រុស ទើបដឹងថា វាដូចទៅនឹងការរៀបរាប់របស់បុគ្គលិកធនាគារនេះពិតមែន។
ការរីកចម្រើនរបស់បច្ចេកវិទ្យាបញ្ញាសិប្បនិម្មិតនាពេលកន្លង បានជួយដល់ការអភិវឌ្ឍវិស័យនានា ប៉ុន្តែវាក៏ជាឧបករណ៍ដែលក្រុមជនទុច្ចរិតប្រើសម្រាប់រកលុយពីជនរងគ្រោះផងដែរ៕