(អេមីរ៉ាតអារ៉ាប់រួម) – នាវាមុជទឹកខ្នាតតូចដែលមានរូបរាងដូចទៅនឹងយន្តហោះអវកាស ឬយានអវកាសក្នុងភាពយន្ត មានល្បឿនលឿនជាងឆ្ងាយធៀបនឹងនាវាផ្លាស់ទីក្រោមទឹកនាបច្ចុប្បន្ន។
នាវាមុជទឹកគំរូ ឈ្មោះ Kronos ធ្លាប់ត្រូវបានដាក់បង្ហាញនៅកំពង់នាវាទេសចរណ៍ក្នុងមជ្ឈមណ្ឌលជាតិពិព័រណ៍ Abu Dhabi របស់អេមីរ៉ាតអារ៉ាប់រួម (UAE) នេះបើតាម Popular Science ចុះផ្សាយកាលពីថ្ងៃទី 06 មីនា។ ដោយមានស្លាបនៅក្រោមផ្ទៃទឹក និងកាប៊ីនសម្រាប់អ្នកបើកបរមានរាងដូចដំបូលមូល Kronos ស្រដៀងទៅនឹងយានហោះអវកាស។
Kronos ត្រូវបានផលិតដោយក្រុមហ៊ុន Desert Power Design និង Highland System នៅ UAE។ នាវាមុជទឹកនេះសមស្របសម្រាប់ប្រើប្រាស់ក្នុងគោលដៅសម្ងាត់ផ្នែកយោធា សង្គ្រោះ និងបច្ចេកទេសក្រោមទឹក។ យោងតាមក្រុមហ៊ុន នាវាមុជទឹកគំរូនេះមានបណ្ដោយ 9.1 ម៉ែត្រ និងទទឹង 7.4 ម៉ែត្រ អាចបំពាក់មីស៊ីលក្រោមទឹក Black Scorpion ផលិតដោយអ៊ីតាលី ចំនួន 6 គ្រាប់។ Kronos ត្រូវការអ្នកបើកបរម្នាក់ និងអាចដឹកមនុស្សបាន 10 នាក់។
ដោយមានល្បឿន 48 គីឡូម៉ែត្រ/ម៉ោងពេលបរក្រោមទឹក និង 80 គីឡូម៉ែត្រ/ម៉ោងពេលបរលើទឹក Kronos អាចប្រៀបផ្ទឹមបានទៅនឹងនាវាមុជទឹកនុយក្លេអែរសម្រាប់ប្រើប្រាស់ក្នុងការវាយប្រហារ និងលឿនជាងឆ្ងាយបើធៀបនឹងនាវាដឹកជញ្ជូនក្រោមទឹកសម្រាប់កងកម្លាំងពិសេសនាបច្ចុប្បន្ន។
Kronos ដំណើរការដោយម៉ូទ័រអគ្គិសនីដែលអាចបរបាន 18 ម៉ោង។ នាវានេះក៏មានបំពាក់ម៉ាស៊ីនម៉ាស៊ូត ដូច្នេះអាចដំណើរការដោយប្រភពអគ្គិសនីពីម៉ាស៊ូត និងអគ្គិសនីពីថ្មក្នុងរយៈពេលជាង 50 ម៉ោង៕