Cristiano Ronaldo កំពុងរកបានសេចក្ដីសុខនៅឯក្លឹប Al Nassr របស់អារ៉ាប៊ីសាអូឌីត នៅពេលបន្តដណ្ដើមបានតំណែងប្រកបដោយកិត្តិយសគួរឱ្យចាប់អារម្មណ៍។
កាលពីថ្ងៃទី 06 មីនា សហព័ន្ធកីឡាបាលទាត់អាស៊ី (AFC) បានប្រកាសជាផ្លូវការថា កីឡាកខ្សែប្រយុទ្ធ Cristiano Ronaldo របស់ក្លឹប Al Nassr ដណ្ដើមបានពានរង្វាន់កីឡាករឆ្នើមបំផុតនៅអាស៊ីខាងលិចប្រចាំខែកុម្ភៈ ដែលបោះឆ្នោតជ្រើសរើសដោយអ្នកគាំទ្រ។ កំពូលតារាបាល់ទាត់ជនជាតិព័រទុយហ្កាល់នេះទទួលបានសន្លឹកឆ្នោតគាំទ្រចំនួន 73,957 សំឡេង ស្មើនឹង 48%។
ឈរលំដាប់ទីពីរសម្រាប់ពានរង្វាន់ខាងលើ គឺ Aso Rostam របស់ក្លឹប Al Shorta (អ៊ីរ៉ាក់) ដោយទទួលបានសំឡេងគាំទ្រ 45%។ ចំណែក Odion Ighalo អតីតកីឡាកររបស់ Manchester United ដែលបច្ចុប្បន្នកំពុងប្រកួតឱ្យ Al Hilal នៅ Saudi Pro League ដូច Ronaldo ដែរនោះ ជាប់ចំណាត់ថ្នាក់លេខបី ដោយមានសំឡេងគាំទ្រ 4%។
រីឯកីឡាករមួយរូបផ្សេងទៀតដែលប្រកួតនៅពានរង្វាន់ជើងឯកអារ៉ាប៊ីសាអូឌីត គឺខ្សែប្រយុទ្ធ Omar Al Somah (ក្លឹប Al Arabi) ទទួលបាន 3% ក្នុងចំណោមសំឡេងគាំទ្រសរុប និងត្រូវជាប់លេខបួន។ យោងតាមស្ថិតិ ការបោះឆ្នោតជ្រើសរើសកីឡាករឆ្នើមនៅអាស៊ីខាងលិចប្រចាំខែកុម្ភៈ មានអ្នកគាំទ្រប្រមាណ 157,000 នាក់ចូលរួមបោះឆ្នោត។
AFC ឱ្យដឹងថា ពានរង្វាន់នេះត្រូវបានរៀបចំឡើងដើម្បីឱ្យអ្នកគាំទ្រជ្រើសរើសកីឡាករដែលលេងបានល្អបំផុតនៅតំបន់អាស៊ីខាងលិច ដោយយោងទៅលើលក្ខខណ្ឌមួយចំនួនមានដូចជា ចំនួនគ្រាប់បាល់ដែលរកបាន ឬបង្កឱកាសស៊ុតបញ្ចូលទីបានសម្រេច ចំណាត់ថ្នាក់របស់ក្លឹបនៅក្នុងស្រុក និងស្ថានភាពនៃការទាត់ឱ្យក្រុមជម្រើសជាតិជាដើម។
Ronaldo បានមកទាត់ឱ្យ Al Nassr ចាប់ពីចុងឆ្នាំ 2022 ក្រោយពីត្រូវ Man Utd បញ្ចប់កិច្ចសន្យាមុនកាលកំណត់។ នៅទីនេះ ម្ចាស់ពានរង្វាន់បាល់មាសចំនួន 5 រូបនេះ ទទួលបានប្រាក់បៀវត្សរ៍ឡើងដល់ 200 លានដុល្លារអាម៉េរិក/ឆ្នាំ៕