កម្ពុជា​លក់​លេខ​យានយន្ត​ពិសេស​បាន​ជាង 50 លាន​ដុល្លារ​ក្នុង​បី​ឆ្នាំ​កន្លង

ឯកឧត្តម​ទេសរដ្ឋមន្ត្រី ស៊ុន ចាន់ថុល នា​ថ្ងៃទី 07 មីនា 2023 នេះ បាន​ថ្លែងថា កម្ពុជា​លក់​លេខ​យានយន្ត​ពិសេស​បាន​ប្រមាណ 52 លាន​ដុល្លារ​អាម៉េរិក ក្រោយពី​ដាក់លក់​បាន​បី​ឆ្នាំ។

ក្រសួង​សាធារណការ និង​ដឹកជញ្ជូន នា​ថ្ងៃទី 07 មីនា 2023 បាន​សម្ពោធ​បើក​កម្មវិធី «អបអរសាទរ​ខួប​បី​ឆ្នាំ លេខ​ពិសេស​ផ្ទាល់ខ្លួន» អម​ជាមួយនឹង ការតាំងពិព័រណ៍​ផ្លាកលេខ និង​រថយន្ត, ការដាក់​តាំង​លក់ និង​ដេញថ្លៃ​លេខ​ពិសេស​នៅ​សួន​វត្ត​បទុម ក្រោម​អធិបតី​របស់​ឯកឧត្តម​ទេសរដ្ឋមន្ត្រី ស៊ុន ចាន់ថុល រដ្ឋមន្ត្រីក្រសួង​សាធារណការ និង​ដឹកជញ្ជូន។

នៅក្នុង​ព្រឹត្តិការណ៍​ខាងលើ ឯកឧត្តម​ទេសរដ្ឋមន្ត្រី​បាន​មានប្រសាសន៍ថា ថវិកា​ដែល​បាន​ពី​ការលក់​លេខ​ពិសេស​ផ្ទាល់ខ្លួន​នេះ មួយផ្នែក​នឹងត្រូវ​បាន​យកទៅ​ជួន​មូលនិធិ​គន្ធបុប្ផា និង​មន្ទីរពេទ្យ​កុមារ​ជាតិ។

ទាក់ទង​ទៅនឹង​ការវិវត្ត​នៃ​ការលក់​លេខ​ពិសេស ឯកឧត្តម​ទេសរដ្ឋមន្ត្រី បានឱ្យដឹងថា ក្នុង​រយៈពេល​បី​ឆ្នាំ​មកនេះ ក្រសួង​លក់​លេខ​ពិសេស​ផ្ទាល់ខ្លួន​បាន 16,000 លេខ រកចំណូលបាន​ប្រមាណ 28 លាន​ដុល្លារ​អាម៉េរិក ខណៈ​លេខ​ពិសេស​ខេត្ត​ក្រុង​លក់បាន 101,000 លេខ រកចំណូលបាន​ជាង 24 លាន​ដុល្លារ។ ដូច្នេះ ក្នុង​បី​ឆ្នាំ​កន្លង កម្ពុជា​លក់​លេខ​ពិសេស​បាន​ប្រមាណ​ជាង 52 លាន​ដុល្លារ​អាម៉េរិក។

នៅក្នុង​ឆ្នាំ 2022 កម្ពុជា​លក់​លេខ​ពិសេស​បាន 25 លាន​ដុល្លារ កើន 22% បើ​ធៀប​នឹង​ឆ្នាំ 2021។ ក្រសួង​សាធារណការ និង​ដឹកជញ្ជូន​រំពឹងថា ការលក់​លេខ​ពិសេស​ក្នុងឆ្នាំនេះ​នឹង​កើត 5% ធៀប​នឹង​ឆ្លាំ​កន្លង៕

Leave a Comment