Piers Morgan ដែលជាអ្នកធ្វើបទសម្ភាសជាមួយ Cristiano Ronaldo នាំឱ្យ CR7 ត្រូវក្លឹបបញ្ចប់កិច្ចសន្យានាពេលកន្លង បង្ហាញពីការសប្បាយចិត្តនៅពេល Manchester United ចាញ់ Liverpool 0-7 នៅលិគកំពូលអង់គ្លេស (English Premier League)។
«Ten Hag លាលែងពីតំណែងហើយនៅ? ធ្វើយ៉ាងណាទើបគ្រូបង្វឹករបស់ Man Utd អាចរក្សាបានតំណែង បន្ទាប់ពីការប្រកួតទទួលបានលទ្ធផលអាក្រក់បែបនេះ» Morgan សរសេរលើបណ្ដាញសង្គម Twitter ដូច្នេះ អមជាមួយរូបថត Erik ten Hag ឆ្លើយនឹងសំណួរក្នុងកិច្ចសម្ភាស ក្រោយពីការប្រកួតរវាង Manchester United និង Liverpool នៅ Anfield។
Morgan ធ្លាប់បានលើកជាសំណួរដើម្បីឱ្យ Ronaldo បង្ហើបអាថ៌កំបាំងផ្ទៃក្នុងរបស់ Man Utd ក៏ដូចជាចោទប្រកាន់ក្លឹបនេះថាក្បត់រូបគាត់ កាលពីដើមខែវិច្ឆិកា 2022។ កិច្ចសម្ភាសនោះបាននាំឱ្យ Man Utd សម្រេចចិត្តបញ្ចប់កិច្ចសន្យាមុនកាលកំណត់ជាមួយ CR7 ធ្វើឱ្យកំពូលកីឡាករជនជាតិព័រទុយហ្កាល់ត្រូវទៅទាត់ឱ្យក្លឹប Al Nassr នៅអារ៉ាប៊ីសាអូឌីត។
ចាប់ពីពេលនោះមក ពិធីករផ្នែកកីឡា Morgan ក៏ផ្ដើមបញ្ចេញមតិកាន់ជើង Ronaldo និងរិះគន់ Man Utd ជាញឹកញាប់។ កាលពីថ្ងៃទី 06 មីនា 2023 បន្ទាប់ពីបានទស្សនាការប្រកួតដែលក្រុមរបស់គ្រូបង្វឹក Ten Hag ចាញ់ Liverpool 0-7 លោក Morgan បានបង្ហោះអត្ថបទចំនួន 4 ជាបន្តបន្ទាប់នៅលើបណ្ដាញសង្គមដើម្បីចំអកឱ្យ Man Utd។
«ពិតជារឿងដ៏គួរឱ្យចាប់អារម្មណ៍ និងអស់សំណើច ប៉ុន្តែនេះប្រាកដជាកម្មពារ ជាផលកម្ម» ពិធីករជនជាតិអង់គ្លេស Morgan សរសេរ និងបង្ហោះអមជាមួយរូបដែលលោកបានថតជាមួយ Ronaldo ពេលធ្វើបទសម្ភាសដែលនាំឱ្យ Man Utd មិនសប្បាយចិត្តនាពេលកន្លង។
បន្ទាប់មក ពិធីករវ័យ 57 ឆ្នាំខាងលើក៏បានថតអត្ថបទសម្ភាស Ten Hag នៅលើទំព័រកាសែតមួយ ហើយបង្ហោះលើបណ្ដាញសង្គម។ ក្នុងអត្ថបទសម្ភាសនេះ គ្រូបង្វឹករបស់ Man Utd និយាយថា គាត់ដេកលក់ស្រួលបន្ទាប់ពីបានលុបបំបាត់ Ronaldo ចេញពីក្រុម។ Morgan សរសេរថា «ជូនពរសំណាងល្អក្នុងដំណេកនៅយប់នេះណា៎ អ្នកមានទេពកោសល្យ»។
https://www.youtube.com/watch?v=FP9MCTFVutw
Man Utd ចាញ់ Liverpool 0-7
ការចាញ់ Liverpool 0-7 គឺជាបរាជ័យអាក្រក់បំផុតរបស់ Man Utd នៅក្នុងប្រវត្តិសាស្ត្រលិគកំពូលអង់គ្លេស។ លទ្ធផលនេះបានធ្វើឱ្យមានការសង្ស័យចំពោះសមត្ថភាពរបស់ «បីសាចក្រហម» បន្ទាប់ពីសម័យកាលត្រចះត្រចង់ ដែលមួយផ្នែកធំគឺដោយសារ Ronaldo។
Ronaldo មិនបានបញ្ចេញមតិទាក់ទងនឹងបរាជ័យរបស់ Man Utd ខាងលើនោះទេ។ CR7 ក៏ទើបតែបានរួមដៃជាមួយ Al Nassr យកឈ្នះ Al Batin 3-1 នៅពានរង្វាន់អារ៉ាប៊ីសាអូឌីត កាលពីថ្ងៃទី 04 មីនា។ ជ័យជម្នះនេះបានជួយឱ្យ Al Nassr រក្សាបានតំណែងកំពូលតារាង ដោយមានពិន្ទុច្រើនជាង Al Ittihad ចំនួនពីរពន្ទុ៕