ក្នុងព្រឹត្តិការណ៍ «អ្នកវិនិយោគឆ្នាំ 2023» របស់ Tesla សម្រាប់ភាគហ៊ុនិក ដែលធ្វើឡើងកាលពីថ្ងៃទី 01 មីនា 2023 ក្រុមហ៊ុន Tesla បានឱ្យដឹងថា ចំនួនរថយន្តអគ្គិសនីដែលបានផលិតរបស់ពួកគេ សម្រេចបានបួនលានគ្រឿង។
រថយន្តទីបួនលានរបស់ Tesla គឺ Model Y ផលិតនៅរោងចក្រ Giga Texas ជាទីដែលប្រារព្ធព្រឹត្តិការណ៍ «អ្នកវិនិយោគឆ្នាំ 2023»។ Tesla ក៏បានចុះផ្សាយវីដេអូខ្លីមួយ ក្នុងនោះគេឃើញមានបុគ្គលិកទាំងឡាយនាំគ្នាជប់លៀងអបអរជោគជ័យដែលពួកគេសម្រេចបាន។
យោងតាម Tesla ក្រុមហ៊ុននេះត្រូវចំណាយពេលរហូតដល់ 12 ឆ្នាំ ទើបផលិតបានរថយន្តអគ្គិសនីមួយគ្រឿងដំបូង។ រថយន្តអគ្គិសនី Tesla ទីមួយលានត្រូវបានផលិតកាលពីឆ្នាំ 2020។ មុននោះយ៉ាងយូរ រថយន្តដំបូងរបស់ Tesla គឺ Tesla Roadster ជំនាន់ដំបូងត្រូវបានផលិត និងលក់ក្នុងឆ្នាំ 2008។
ចាប់តាំងពីឆ្នាំ 2008 Tesla ក៏បានបង្កើនការផលិត និងការលក់ចេញជាបន្តបន្ទាប់។ គិតត្រឹមចុងឆ្នាំ 2022 Tesla ផលិតបានជាង 3.7 លានគ្រឿង។
We produced our 4 millionth vehicle at Giga Texas today ✌ pic.twitter.com/YMxb4zX5WB
— Tesla (@Tesla) March 1, 2023
រាប់ចាប់ពីចំណុចបីលានគ្រឿងដល់បួនលានគ្រឿង Tesla ប្រើពេល 7 ខែ។ តួលេខ និងពេលវេលានេះបង្ហាញថា បច្ចុប្បន្ន Tesla អាចផលិតបានជាង 1.7 លានគ្រឿង/ឆ្នាំ ខ្ពស់ជាងឆ្ងាយបើធៀបនឹងតួលេខជិត 1.3 លានគ្រឿងកាលពីឆ្នាំ 2022។ ឆ្នាំនេះ Tesla អាចផលិតបាន 1.8 លានគ្រឿង ប៉ុន្តែអ្នកខ្លះជឿថា អាចឡើងដល់ 2 លានគ្រឿង។
ជាក់ស្ដែង ល្បឿននៃការផលិតរបស់ Tesla គ្រោងនឹងកើនឡើងដល់ 20 លានគ្រឿង/ឆ្នាំ ជិតស្មើនឹងទ្វេដងនៃចំនួនរថយន្តដែលបណ្ដាក្រុមហ៊ុនធំៗសម្រេចបាន៕