អង្គការសហប្រជាជាតិកំពុងពិចារណាលើសំណើពង្រាយកញ្ចក់ខ្នាតយក្សក្នុងទីអវកាសដើម្បីបញ្ចៀសគ្រប់គ្រងពន្លឺព្រះអាទិត្យ និងកាត់បន្ថយផលប៉ះពាល់នៃកម្ដៅផែនដីដែលកំពុងកើនឡើងនៅទូទាំងសកលលោក។
របាយការណ៍ពីស្ថាប័នពាក់ព័ន្ធរបស់អង្គការសហប្រជាជាតិបានឱ្យដឹងថា ដើម្បីឆ្លើយតបនឹងគោលដៅស្ដីពីអាកាសធាតុ មនុស្សលោកអាចត្រូវការដំឡើងផ្ទាំងកញ្ចក់ដ៏ធំដើម្បីបង្វែរពន្លឺព្រះអាទិត្យទៅកាន់ទីអវកាស។ នេះបើតាម Interesting Engineering ចុះផ្សាយកាលពីថ្ងៃទី 02 មីនា។
«ក្នុងចំណោមគំនិតដែលត្រូវបានកម្មវិធីបរិស្ថានអង្គការសហប្រជាជាតិលើកឡើងដើម្បីទប់ស្កាត់បញ្ហាបន្ទាន់ស្ដីពីអាកាសធាតុ គឺការកែប្រែវិទ្យុសកម្មព្រះអាទិត្យ (SRM)។ SRM គឺជាវិធីតែមួយគត់ដែលគេស្គាល់ថា អាចប្រើប្រាស់ដើម្បីបញ្ចុះកម្ដៅផែនដីក្នុងរយៈពេលច្រើនឆ្នាំ» របាយការណ៍ខាងលើបានឱ្យដឹងដូច្នេះ។ ការពិសោធនានាទាក់ទងនឹងអាកាសធាតុសុទ្ធតែបង្ហាញថា SRM អាចគ្រប់គ្រងផលប៉ះពាល់របស់ឧស្ម័នផ្ទះកញ្ចក់ ដែលជាដើមហេតុនាំឱ្យកម្ដៅផែនដីកើនឡើង។
ក៏ប៉ុន្តែ របាយការណ៍របស់អង្គការសហប្រជាជាតិនេះបានសង្កត់ធ្ងន់ថា គេត្រូវការការសិក្សាស្រាវជ្រាវបន្ថែមដើម្បីយល់ច្បាស់នូវផលវិបាកដែលអាចនឹងកើតឡើងនៅពេលប្រើប្រាស់បច្ចេកវិទ្យាបញ្ចុះកម្ដៅផែនដី៕