នេះជាឆ្នាំទី 6 ហើយដែលមហោស្រពភាពយន្ដខ្លីចតុមុខ បានរៀបចំឡើង និងទទួលបានជោគជ័យខ្លាំងបំផុត រហូតដល់ឆ្នាំ 2017 នេះមានការគាំទ្រពីសំណាក់ផលិតករបរទេសបានមកចូលរួមប្រកួតរហូតដល់ទៅ 3,124 រឿង ជារឿងដែលមកពីបណ្ដាប្រទេសនៅក្នុងតំបន់អាស៊ាន សហរដ្ឋអាមេរិក និងសហភាពអឺរ៉ុបទៀតផង។
គេសង្កេតឃើញថា ក្នុងឆ្នាំនេះ មហោស្រពភាពយន្ដខ្លីចតុមុខក៏ទទួលបានសម្ទុះនៃការចូលរួមពីផលិតករវ័យក្មេង និងជើងចាស់ដែលជាជនជាតិខ្មែរយើងដែរ ដោយបានចូលរួមប្រកួតចំនួន 49 រឿង ហើយជាប់ជាជម្រើសក្នុងការចាក់បញ្ជាំងនៅក្នុងរោងភាពយន្ដចំនួន 28 រឿង ព្រមទាំងជាប់ក្នុងការប្រកួតជុំចុងក្រោយមានចំនួន 7 រឿងទៀតផង។
នៅរាត្រីថ្ងៃទី 25 ខែតុលា ឆ្នាំ 2017 ក្នុងពិធីបើកសម្ពោធមហោស្រពភាពយន្ដខ្លីចតុមុខឆ្នាំ2017 នៅក្នុងបរិវេណសាលមហោស្រពចតុមុខ ឯកឧត្តម សោម សុគន្ធ រដ្ឋលេខាធិការក្រសួងវប្បធម៌ និងវិចិត្រសិល្បៈបានថ្លែងនៅក្នុងពិធីថា « ពីមួយឆ្នាំទៅមួយឆ្នាំ ការរីកចម្រើននៃវិស័យភាពយន្ដនៅក្នុងប្រទេសកម្ពុជាកាន់តែរីកដុះដាលសុសសាយខ្លាំងឡើង ហើយកាន់តែទទួលបានភាពល្បីល្បាញរហូតដល់បរទេសបានមកចូលរួម និងមានការស្វែងយល់ពីសន្តិភាពរបស់ប្រទេសកម្ពុជាយើងទៀតផង»។
យ៉ាងណាមិញលោក ជា សុខហី ប្រធានមហោស្រពភាពយន្ដខ្លីចតុមុខ ក៏បានបញ្ជាក់ប្រាប់សារព័ត៌មាន ឡារ៉ែន ថា « ពិតជារំភើបណាស់ ! ចាប់តាំងពីយើងបានចាប់ផ្ដើមមក យើងសង្កេតឃើញថា សម្ទុះនៃការផលិតភាពយន្ដខ្មែរបានកើនឡើងខ្លាំងមែនទែន ដូចជានៅក្នុងឆ្នាំនេះ យើងទទួលបានជាង 3000រឿង ហើយអ្វីដែលមិនធ្លាប់មានពីមុនមកនោះគឺ រឿងខ្មែរមានដល់ទៅ 49 រឿងឯណោះ។ អស្ចារ្យមែនទែន! ភាពយន្ដខ្មែរនៅក្នុងឆ្នាំ 2017 នេះ មានគុណភាពល្អ និងគំនិតច្នៃប្រឌិតខ្ពស់ និងបានជាប់ជាជម្រើសយកទៅបញ្ចាំងនៅទីក្រុងតូក្យូ ប្រទេសជប៉ុនរហូតដល់ទៅ 3 រឿង »។
គួរបញ្ជាក់ផងដែរថា លោក ស៊ុំ ស៊ីថែន ជាអ្នកនាំពាក្យមហោស្រពភាពយន្ដខ្លីចតុមុខក៏បានបញ្ជាក់បន្ថែមផងដែរថា នៅក្នុងឆ្នាំនេះ កម្មវិធីនៃការបង្ហាញស្នាដៃភាពយន្ដខ្នាតខ្លីមានចំនួន 4 កម្មវិធី ដូចជា Film Cam ( ភាពយន្ដខ្លីរបស់ក្រុមជំរំភាពយន្ដ ) Legacy Film Lap , Family and You និងគម្រោងបង្ហាញភាពយន្ដទាំង 5 ដែលទទួលបានជយលាភីលេខ 1ក្នុងរយៈពេល 5 ឆ្នាំដំបូងរបស់មហោស្រពភាពយន្ដខ្លីចតុមុខផងដែរ៕