នៅក្នុងពិធីលើកតម្កើងកិត្តិយសនៃការក្លាយជាកីឡាករដែលរកគ្រាប់បាល់បានច្រើនគ្រាប់ជាងគេសម្រាប់ PSG កំពូលតារាបាល់ទាត់បារាំង Kylian Mbappe បានបញ្ចេញប្រតិកម្មទាក់ទិននឹងពាក្យចចាមអារ៉ាមស្ដីពីគោលដៅអនាគតរបស់ខ្លួន។
កាលពីថ្ងៃទី 05 មីនា (ពេលវេលានៅកម្ពុជា) Kylian Mbappe បានក្លាយជាកីឡាករដែលរកបានគ្រាប់បាល់ច្រើនជាងគេក្នុងប្រវត្តិសាស្ត្ររបស់ PSG បន្ទាប់ពីបានជួយឱ្យក្លឹបនេះឈ្នះ Nantes 4-2។ ដើម្បីលើកតម្កើងកិត្តិយសរបស់ Mbappe ក្លឹប PSG ក៏បានធ្វើពិធីមួយដ៏ធំ។
នៅក្នុងពិធីខាងលើ Mbappe បានបញ្ចេញប្រតិកម្មចំពោះពាក្យចចាមអារ៉ាមកន្លងមកដែលនិយាយថា កីឡាករកើតឆ្នាំ 1998 នេះនឹងចាកចេញពីកីឡដ្ឋាន Le Parc des Princes នៅចុងរដូវកាលនេះ ពិសេសនៅក្នុងករណីដែល PSG ត្រូវ Bayern Munich ជម្រុះត្រឹមជើងទីពីរនៃវគ្គ knock-out ខាងមុខ។
«ខ្ញុំមិនគិតថានឹងចាកចេញឡើយ។ ខ្ញុំកំពុងមានសេចក្ដីសុខនៅទីនេះ និងមិនគិតអ្វីផ្សេងក្រៅតែពីការទទួលយកនូវអ្វីដែលខ្លួនកំពុងមាននៅ PSG» Mbappe ថ្លែងដូច្នេះ។
Mbappe បន្ថែមថា «ពិតជាមានមោទកភាពនៅពេលបានប្រកួតនៅទីនេះ ចារក្នុងប្រវត្តិសាស្ត្រសម្រាប់រដ្ឋធានីប៉ារីសរបស់ខ្ញុំ ទឹកដីបារាំងរបស់ខ្ញុំ។ ប្រការនេះពិតជាល្អប្រសើរ ពិសេសនៅពេលខ្ញុំបានក្លាយជាផ្នែកមួយរបស់ក្លឹបនេះ»។
ក្រៅពីនេះ Kylian Mbappe ក៏បាននិយាយអំពីមហិច្ឆតារបស់ខ្លួន៖ «ថ្ងៃណាមួយខ្ញុំប្រាកដជាដណ្ដើមបានគ្រាប់បាល់មាស។ នោះគឺជាបេសកកម្មដ៏ធំរបស់ខ្ញុំ»។
ការអះអាងខាងលើរបស់ Mbappe បានធ្វើឱ្យពាក្យចចាមអារ៉ាមទាំងឡាយដែលថា កីឡាកររូបនេះនឹងចាកចេញពីក្លឹប PSG ក្លាយជាអតីតកាល និងអស់ន័យខ្លឹមសារ៕