ក្រុមអ្នកស្រាវជ្រាវក្នុងជួរកងទ័ពចិនបានធ្វើសង្គ្រាមមួយទល់នឹងមួយ រវាងយន្តហោះដ្រូនដែលបញ្ជាដោយបញ្ញាសិប្បនិម្មិត (AI) និងយន្តហោះដែលបញ្ជាដោយមនុស្សនៅក្នុងស្ថានភាពពិត។
ប្រព័ន្ធបញ្ញាសិប្បនិម្មិតបានបង្ហាញប្រសិទ្ធភាពយ៉ាងលេចធ្លោនៅក្នុងសង្គ្រាម និងតែងតែធ្វើឱ្យសត្រូវស្ថិតក្នុងស្ថានភាព «ចាញ់ប្រៀប»។ លទ្ធផលនៃការសាកល្បងនេះត្រូវបានប្រកាសលើទស្សនាវដ្ដី Acta Aeronautica et Astronautica Sinica របស់ប្រទេសចិនកាលពីថ្ងៃទី 27 កុម្ភៈ 2023 មួយខែក្រោយពីកងទ័ពអាម៉េរិកបានឱ្យដឹងថា អ្នកបើកបរយន្តហោះ AI ថ្មីៗនេះបានចូលរួមការសាកល្បងជាច្រើន រួមទាំងការធ្វើសមយុទ្ធលើយន្តហោះចម្បាំង F-16 ផងដែរ។
សង្គ្រាមអាកាសដែលធ្វើតេស្តដោយប្រទេសចិននេះរួមមាន កូនយន្តហោះពីរគ្រឿង ក្នុងនោះមួយគ្រឿងគ្រប់គ្រងដោយពីឡុត AI និងមួយគ្រឿងទៀតបើកបរពីចម្ងាយដោយមនុស្ស។ ពេលសង្គ្រាមផ្ទុះឡើង ពីឡុតពិតផ្លាស់ទីទៅមុខដើម្បីមានប្រៀបជាង និងបាននៅពីលើ។ ប៉ុន្តែ ពីឡុត AI ស្មាតត្រូវគំនិតរបស់សត្រូវ និងទប់ទល់ដោយការហោះតាមយ៉ាងប្រកិតពីក្រោយ។
យន្តហោះដែលបញ្ជាដោយមនុស្ស ហោះដាំក្បាលទៅក្រោមដើម្បីបញ្ឆោតយន្តហោះ AI ហោះតាម ក្នុងបំណងធ្វើឱ្យវាជ្រុលទៅបុកនឹងដី។ ប៉ុន្តែ យន្តហោះ AI ក៏បានផ្លាស់ទីទៅកាន់ទីតាំងពួនស្ទាក់ និងរង់ចាំសត្រូវហោះឡើងខ្ពស់។ ពីឡុតពិតបានសាកល្បងយុទ្ធសាស្ត្រផ្សេងៗគ្នាជាច្រើនដើម្បីបញ្ឆោតនៅក្នុងការដេញតាមគ្នានេះ។ ក្រុមវិស្វករបានផ្អាកការសាកល្បងត្រឹមវិនាទីទី 90 ដោយសារតែពីឡុតពិតមិនអាចគេចផុតពីពីឡុត AI។
គម្រោងខាងលើនេះត្រូវបានដឹកនាំដោយសាស្ត្រាចារ្យ Huang Juntao នៅមជ្ឈមណ្ឌលស្រាវជ្រាវ និងអភិវឌ្ឍបច្ចេកវិទ្យាអាវុធអនាគតរបស់កងទ័ពចិន។
ក្នុងសង្គ្រាមខាងលើ ពីឡុត AI មានប្រៀបជាងច្រើនចំណុច បើធៀបនឹងពីឡុតពិត ពិសេសគឺការគិត និងការសម្រេចចិត្តរបស់ពីឡុត AI មានភាពរហ័ស មិនភ័យខ្លាច និងអាចស្មានត្រូវការវិវិត្តនៃឆាកប្រយុទ្ធ។ ក្រុមអ្នកជំនាញរបស់ចិនមិនបានឱ្យដឹងច្បាស់អំពីពេលវេលា និងទីកន្លែងនៃការសាកល្បងបច្ចេកវិទ្យាខាងលើ ប៉ុន្តែការបញ្ជូនអត្ថបទព័ត៌មានត្រូវបានធ្វើឡើងមុនខែតុលា 2022។
បច្ចេកវិទ្យាខាងលើនេះប្រាកដជានឹងត្រូវបានដាក់បញ្ចូលទៅក្នុងជួរកងទ័ពចិននាពេលខាងមុខ ហើយអនាគត ពីឡុត AI ក៏នឹងមានវត្តមាននៅក្នុងជួរទ័ពអាកាសរបស់ប្រទេសមហាអំណាចនានាលើពិភពលោក៕