Kathryn Newton បង្កការចាប់អារម្មណ៍នៅពេលសម្ដែងជាតួអង្គ Cassie Lang ដែលជាកូនស្រីរបស់កំពូលវីរបុរសមនុស្សស្រមោចក្នុងចក្រវាលភាពយន្ត Marvel (Marvel Cinematic Universe)។
Marvel ជ្រើសយក Kathryn Newton មកសម្ដែងជំនួស Emma Fuhrmann ដែលដើរតួជា Cassie ក្នុងភាពយន្តរឿង «Ant-Man and the Wasp: Quantumania»។ ក្រុមហ៊ុន Marvel Entertainment សម្រេចចិត្តជ្រើសយក Kathryn ក៏ព្រោះតែចង់ស្វែងរកតារាសម្ដែងមួយរូបដែលសមស្របសម្រាប់តួអង្គកំពូលវីរនារីរបស់ពួកគេ។ កូនស្រីរបស់មនុស្សស្រមោចត្រូវបានគេរំពឹងថានឹងក្លាយជាម្នាក់ក្នុងចំណោមតួអង្គសំខាន់ៗរបស់យីហោ Marvel Cinematic Universe។
Kathryn Newton គឺជាតារាមួយដួងដែលកំពុងរះនៅ Hollywood។ ស្រីស្អាតដែលកើតឆ្នាំ 1997 ក្នុងត្រកួលធូរធារនៅ Florida រូបនេះ មានម្ដាយជាអ្នកបើកបរយន្តហោះ និងឪពុកជាអ្នកជំនួញ។
Kathryn Newton បានចូលប្រលូកក្នុងវិស័យកម្សាន្តតាំងពីអាយុបួនឆ្នាំ ដោយបង្ហាញវត្តមានក្នុងភាពយន្តទូរទស្សន៍រឿង «All My Children»។ អាយុ 12 ឆ្នាំ Kathryn Newton និងគ្រួសារបានទៅរស់នៅក្នុងទីក្រុង Los Angeles ដើម្បីឱ្យ Kathryn អាចផ្ដោតលើអាជីពអ្នកសម្ដែង។
ឆ្នាំ 2010 នាងធ្លាប់ឈ្នះពានរង្វាន់ចំនួនពីរនៅ Young Artist Awards ដោយបានសម្ដែងក្នុងរឿង «Gary Unmarried»។ ចាប់តាំងពីពេលនោះមក អាជីពរបស់ Kathryn Newton នៅ Hollywood ចេះតែរីកចម្រើនយ៉ាងឆាប់រហ័ស។ នាងបន្តបង្ហាញវត្តមាននៅក្នុងរឿង «Paranormal Activity», «Supernatural», «Big Little Lies», «Three Billboards Outside Ebbing», «Missouri», «Pokemon Detective Pikachu» ឬ «Freaky» ជាដើម។
ភាគច្រើននៃឈុតឆាកសម្ដែងរបស់ Kathryn Newton ទទួលបានការវាយតម្លៃល្អពីក្រុមអ្នកជំនាញ ក៏ដូចជាទស្សនិកជន។ នាពេលខាងមុខ Kathryn Newton ប្រាកដជាធ្វើឱ្យកក្រើកវិស័យភាពយន្តនៅពេលនាងបង្ហាញខ្លួនក្នុងនាមជាតួអង្គឯករបស់រឿង «Lisa Frankenstein» និង «Winner»។
ក្រៅពីការសម្ដែង Kathryn Newton ក៏ចូលចិត្តលេងកូនគោល និងធ្លាប់ចូលរួមប្រកួតប្រជែងជាច្រើនលើក ហើយសម្រេចបានពិន្ទុខ្ពស់ផងដែរ។ ក៏ប៉ុន្តែ ស្រីស្អាតរូបនេះបានសម្រេចចិត្តចាប់យកអាជីពជាអ្នកសម្ដែងជាជាងធ្វើជាកីឡាការិនីអាជីព៕