សហព័ន្ធកីឡាបាល់ទាត់អាស៊ី (AFC) បានសម្រេចចិត្តប្រារព្ធព្រឹត្តិការណ៍ Asian Cup 2023 ចាប់ពីថ្ងៃទី 12 មករា 2024 ដល់ 10 កុម្ភៈ 2024 នៅប្រទេសកាតា។
ការសម្រេចចិត្តខាងលើនេះត្រូវបានធ្វើឡើងបន្ទាប់ពីមានកិច្ចប្រជុំនានារវាង AFC និងសហព័ន្ធកីឡាបាល់ទាត់ពិភពលោក (FIFA)។ វគ្គផ្ដាច់ព្រ័ត្រនឹងត្រូវធ្វើឡើងនៅថ្ងៃទី 10 កុម្ភៈ 2024។ ក៏ប៉ុន្តែ កាលបរិច្ឆេទខាងលើមិនទាន់ស្ថិតក្នុង FIFA Days ដូច្នេះ AFC សង្ឃឹមថា FIFA នឹងមានវិធីរៀបចំសមស្របដើម្បីជួយឱ្យក្រុមជម្រើសជាតិនានាមានកម្លាំងខ្លាំងបំផុតសម្រាប់ការប្រកួត។
ដំបូងឡើយ ប្រទេសចិនគ្រោងនឹងប្រារព្ធព្រឹត្តិការណ៍បាល់ទាត់ Asian Cup 2023 ចាប់ពីថ្ងៃទី 16 មិថុនា 2023 ដល់ 16 កក្កដា 2023 ប៉ុន្តែមកដល់ឆ្នាំ 2022 ប្រទេសនេះក៏សុំដកខ្លួនដោយសារតែកូវីដ-19។ ប្រទេសកាតាដែលទើបតែបានទទួល World Cup 2022 ត្រូវបានជ្រើសរើសឱ្យធ្វើជាម្ចាស់ផ្ទះបន្ទាប់ពីបានទទួលការគាំទ្រច្រើនជាងកូរ៉េខាងត្បូង និងអូស្ត្រាលី។
ក្រោយពីបានកំណត់ពេលវេលាជាក់លាក់ AFC នឹងធ្វើការចាប់ឆ្នោតយ៉ាងយូរត្រឹមខែមិថុនា 2023។ ក្រុមជម្រើសជាតិចំនួន 24 ក្រុមដែលត្រូវបានកំណត់រួចហើយ ត្រូវចែកជា 6 ពូល ដោយប្រកួតជាជុំ ដើម្បីជ្រើសយក 6 ក្រុមដែលជាប់ចំណាត់ថ្នាក់លេខមួយ, 6 ក្រុមជាប់លេខពីរ និង 4 ក្រុមជាប់លេខបី ដែលមានសមិទ្ធផលល្អជាងគេ ឡើងទៅប្រកួតនៅវគ្គ 1/8។
ព្រឹត្តិការណ៍ Asian Cup លើកចុងក្រោយនាពេលកន្លងក៏ត្រូវបានធ្វើឡើងក្នុងខែមករា នៅអាស៊ីខាងលិច ដោយប្រទេសអេមីរ៉ាត់អារ៉ាប់រួម (UAE) ធ្វើជាម្ចាស់ផ្ទះ។ ប្រទេសកាតាវិញ បច្ចុប្បន្នគឺជាជើងឯកបាល់ទាត់ Asian Cup ហើយនេះគឺជាលើកទីបីដែលកាតាធ្វើជាម្ចាស់ផ្ទះ Asian Cup បន្ទាប់ពីបានទទួលលើកទីមួយកាលពីឆ្នាំ 1988 និងលើកទីពីរកាលពីឆ្នាំ 2011៕