ថ្មីៗនេះ កំពូលតារាបាល់ទាត់ Cristiano Ronaldo បានធ្វើឱ្យអ្នកគាំទ្រមានការភ្ញាក់ផ្អើលខ្លាំង ព្រោះតែសមិទ្ធផលដ៏អស្ចារ្យដែល CR7 ធ្វើបានសម្រាប់ Al-Nassr ដោយជួយឱ្យក្លឹបនេះយកឈ្នះលើ Manchester United ដែលគ្រប់គ្នានឹកស្មានមិនដល់។
ចាប់តាំងពីបានចូលរួមជាមួយនឹងក្លឹប Al-Nassr កីឡាករ Ronaldo បាននាំមកនូវការផ្លាស់ប្ដូរយ៉ាងច្រើនដល់ក្រុមបាល់ទាត់ដែលមិនមានឈ្មោះល្បីនៅក្នុងផែនទីបាល់ទាត់ពិភពលោក។ ក្រៅពីការរកបានគ្រាប់បាល់ ឬបង្កឱកាសរកបានគ្រាប់បាល់ កំពូលតារាបាល់ទាត់ជនជាតិព័រទុយហ្កាល់ថែមទាំងបានជួយឱ្យចំនួននៃការធ្វើអន្តរកម្មលើទំព័របណ្ដាញសង្គមរបស់ក្លឹប Al-Nassr ឡើងដល់តួលេខខ្ពស់បំផុតក្នុងប្រវត្តិសាស្ត្រ។
យោងតាម DeporFinanzas កំពូលថ្វីជើង CR7 បានជួយឱ្យ Al-Nassr សម្រេចបាន 150 លានលើកស្ដីពីការទាក់ទងគ្នារវាងទំព័របណ្ដាញសង្គមរបស់ក្លឹប និងអ្នកគាំទ្រ។ តួលេខនេះច្រើនជាង 149 លានលើករបស់ Man United ជាក្លឹបដែល Ronaldo ធ្លាប់បានសាងកេរ្តិ៍ឈ្មោះកាលពីអតីតកាល។ អ្វីដែលគួរឱ្យចាប់អារម្មណ៍ជាងនេះ នោះគឺ វត្តមានរបស់ Ronaldo ក៏បានជួយឱ្យក្លឹប Al-Nassr ឡើងដល់ Top 10 ក្នុងចំណោមបណ្ដាក្លឹបបាល់ទាត់ទូទាំងពិភពលោកដែលមានឥទ្ធិពលជាងគេលើបណ្ដាញសង្គមផងដែរ។
ក្នុងចំណោមក្លឹបទាំង 10 ដែលមានឥទ្ធិពលជាងគេលើពិភពបណ្ដាញសង្គម Real Madrid កំពុងនាំមុខគេ ដោយមានការធ្វើអន្តរកម្មចំនួន 209 លានលើក ខណៈ PSG ឈរលំដាប់ទីបី។ ក្រៅពីនេះក៏នៅមានបណ្ដាក្លឹបដែល CR7 ធ្លាប់បានលេង និងកំពុងលេងឱ្យ រួមមាន Man United, Real Madrid និង Al-Nassr។
ប្រការខាងលើបង្ហាញថា បើទោះជាចាកឆ្ងាយពីពិភពបាល់ទាត់លំដាប់កំពូលក្នុងវ័យ 38 ឆ្នាំ ប៉ុន្តែឥទ្ធិពលរបស់ Ronaldo នៅតែខ្លាំង ហួសពីការស្មានរបស់អ្នកគាំទ្រ៕