មន្ត្រីក្រសួងសាធារណការនិងដឹកជញ្ជូនបានឱ្យដឹងថា ការកកស្ទះចរាចរណ៍នៅតាមដងផ្លូវសាធារណៈ បង្កឡើងដោយអ្នកបើកបរមិនចូលរួមគោរពច្បាប់ចរាចរណ៍ផ្លូវគោក។
ឯកឧត្ដម ឈួន វ៉ន់ អគ្គនាយកនៃអគ្គនាយកដ្ឋានដឹកជញ្ជូនផ្លូវគោករបស់ក្រសួងសាធារណការនិងដឹកជញ្ជូន បានថ្លែងដូចខាងលើនៅក្នុងកិច្ចប្រជុំពិភាក្សាពីការធ្វើអាជីវកម្មផ្តល់សេវាតាមប្រព័ន្ធបច្ចេកវិទ្យាឌីជីថលសម្រាប់មធ្យោបាយដឹកជញ្ជូនផ្លូវគោក ជាមួយនឹងក្រុមហ៊ុន TADA, GRAP, WE GO, LM CAR និង PASS APP នាទីស្តីការក្រសួង កាលពីថ្ងៃទី 02 មីនា 2023។
ទន្ទឹមនឹងការផ្ដោតសំខាន់លើការលើកទឹកចិត្តក្រុមហ៊ុនធ្វើអាជីវកម្មដឹកជញ្ជូនអ្នកដំណើរទាំងអស់ ឱ្យចូលរួមផ្តល់សេវាតាមប្រព័ន្ធបច្ចេកវិទ្យាឌីជីថលសម្រាប់មធ្យោបាយដឹកជញ្ជូនផ្លូវគោកក្នុងប្រទេស អគ្គនាយកនៃអគ្គនាយកដ្ឋានដឹកជញ្ជូនផ្លូវគោក ក៏បានស្នើឱ្យក្រុមហ៊ុនត្រូវអនុវត្តតាមគោលការណ៍ណែនាំក្នុងសេចក្តីប្រកាសលេខ 100 ប្រក.សក.ដជគ របស់អគ្គនាយកដ្ឋានដឹកជញ្ជូនផ្លូវគោក និងចូលរួមគោរពច្បាប់ស្តីពីចរាចរណ៍ផ្លូវគោក។
ក្នុងកិច្ចប្រជុំខាងលើ ឯកឧត្ដម ឈួន វ៉ន់ ក៏បានរម្លឹកពីបញ្ហាកកស្ទះចរាចរណ៍ផងដែរ។ លោកថា ចំណុចចម្បងដែលធ្វើឱ្យមានការកកស្ទះចរាចរណ៍គឺការមិនគោរពច្បាប់ចរាចរណ៍របស់អ្នកប្រើប្រាស់ផ្លូវ។
ទាក់ទងនឹងបញ្ហាកកស្ទះចរាចរណ៍នេះដែរ លោកឧត្ដមសេនីយ៍ត្រី សាន សុខសីហា អ្នកនាំពាក្យ នៃស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ កាលពីថ្ងៃទី 02 មីនា បានបញ្ជាក់ថា ការកកស្ទះចរាចរណ៍គឺបណ្ដាលមកពីកំណើននៃការសាងសង់ បុរី ខុនដូ និងផ្សារទំនើបជាដើមនៅតាមតំបន់កំពុងអភិវឌ្ឍ។ លោកបន្ថែមថា ការកកស្ទះដែលចាប់ផ្ដើមពីថ្ងៃទី 01 មីនាត្រង់កំណាត់ផ្លូវព្រះមុនីវង្ស ឆ្ពោះទៅស្ពានអាកាសក្បាលថ្នល់ និងម្ដុំស្ដុបបូកគោ ជាដើមនោះ ក៏ព្រោះតែអាជ្ញាធររាជធានីភ្នំពេញ ចាប់ផ្ដើមសាងសង់ស្ពានអាកាសផ្លូវ 60 ម៉ែត្រ ត្រង់ចំណុចប្រសព្វរវាងមហាវិថីសម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន មហាវិថីព្រះមុនីវង្ស និងវិថីកងយោធពលខេមរភូមិន្ទ (ផ្លូវលេខ 271)៕