(បារាំង) – អតីតកំពូលថ្វីជើងដែលស៊ុតបញ្ចូលទីបាន 13 គ្រាប់នៅក្នុងការប្រកួតបាល់ទាត់ World Cup 1958 លោក Just Fontaine បានទទួលមរណភាពកាលពីថ្ងៃទី 01 មីនា 2023 ក្នុងវ័យ 89 ឆ្នាំ។
យោងតាមព័ត៌មានពីក្រុមគ្រួសារ អតីតកីឡាករ Fontaine បានទទួលមរណភាពកាលពីល្ងាចថ្ងៃទី 01 មីនា នៅទីក្រុង Toulouse ប្រទេសបារាំង។ ក្លឹបចាស់ចំនួនពីររបស់លោក គឺ Stade de Reims និង PSG សុទ្ធតែបានផ្ញើលិខិតចូលរួមរំលែកទុក្ខ។
លោក Fontaine បានចាប់កំណើតនៅម៉ារ៉ុក កាលពីឆ្នាំ 1933 នៅក្នុងគ្រួសារដែលមានឪពុកជាជនជាតិបារាំង និងម្ដាយជាជនជាតិអេស្ប៉ាញ។ នៅ World Cup 1958 ដែលធ្វើឡើងនៅប្រទេសស៊ុយអែត លោក Fontaine ស៊ុតបញ្ចូលទីបាន 13 គ្រាប់។ រហូតមកដល់បច្ចុប្បន្ន នេះនៅតែជាសមិទ្ធផលល្អបំផុតរបស់កីឡាករមួយរូបនៅក្នុងមួយរដូវកាលរបស់ World Cup។
ក្នុង World Cup 1958 លោក Fontaine រកបាន 6 គ្រាប់នៅក្នុង 3 ប្រកួតដែលប៉ះនឹង ប៉ារ៉ាហ្កាយ, អតីតប្រទេសយូហ្គោស្លាវី និងស្កុតឡែន នៅវគ្គជម្រុះ។ លោករកបាន 2 គ្រាប់ក្នុងការប្រកួតនៅវគ្គ ¼ ដែលឈ្នះអៀរឡង់ខាងជើង 4-0 និង 1 គ្រាប់ទៀតក្នុងវគ្គពាក់កណ្ដាលផ្ដាច់ព្រ័ត្រដែលត្រូវចាញ់ប្រេស៊ីល 2-5។ ក្នុងការប្រកួតដណ្ដើមពានរង្វាន់មេដាយសំរឹទ្ធដែលបានឈ្នះអាល្លឺម៉ង់ខាងលិច 6-3 លោក Fontaine រកបាន 4 គ្រាប់ជូនក្រុមជម្រើសជាតិបារាំង។
កំណត់របស់លោក Fontaine ច្រើនជាង 2 គ្រាប់ បើធៀបនឹងសមិទ្ធផលរបស់កំពូលថ្វីជើងលំដាប់ទីពីរ Sandor Kocsis ដែលរកបាន 11 គ្រាប់នៅ World Cup 1954។ បណ្ដាកំពូលថ្វីជើងដែលជាប់ចំណាត់ថ្នាក់បន្ទាប់រួមមាន Gerd Muller រកបាន 10 គ្រាប់នៅ World Cup 1970, Eusebio 9 គ្រាប់នៅ World Cup 1966, Ademir 9 គ្រាប់នៅ World Cup 1950, Guillermo Stabile 8 គ្រាប់នៅ World Cup 1930, Ronaldo Nazario 8 គ្រាប់នៅ World Cup 2002 និង Kylian Mbappe 8 គ្រាប់នៅ World Cup 2022។
លោក Fontaine ត្រូវបោះបង់អាជីពជាកីឡាករបាល់ទាត់នៅក្នុងវ័យ 28 ឆ្នាំ ដោយសារតែរបួស។ លោករកបានគ្រាប់បាល់សរុប 30 គ្រាប់នៅក្នុង 21 ប្រកួតដែលលេងឱ្យក្រុមជម្រើសជាតិបារាំង៕