បន្ទាប់ពីត្រូវបានគេមើលឃើញថា ទំនងជានឹងយល់ព្រមលក់ក្នុងតម្លៃ 5 ពាន់លានផោនដូចដែលបានលើកឡើងដំបូង ថ្មីៗនេះត្រកូល Glazer បែរជាបន្តដំឡើងថ្លៃក្លឹបម្ចាស់កីឡដ្ឋាន Old Trafford ថែមមួយកម្រិតទៀត។
មកដល់បច្ចុប្បន្ន ការទិញដូរក្លឹបបាល់ទាត់ Manchester United នៅតែមានឧបសគ្គជាច្រើនដែលបង្កើតឡើងដោយភាគីត្រកូល Glazers។ មហាសេដ្ឋីអាម៉េរិកពីររូបនេះ មុននោះនៅតែចង់ស្វែងរកអ្នកទិញដែលមានសក្ដានុពល ហ៊ានចំណាយ 5 ពាន់លានផោនដើម្បីទិញក្លឹបរបស់ពួកគេ។ ក៏ប៉ុន្តែ ក្រោយមក Avram Glazer និង Joel Glazer បន្តលើកឡើងនូវវិធីសាស្ត្រទិញភាគហ៊ុនពីក្លឹប តែត្រូវបានបដិសេធភ្លាមៗដោយលោក Sheikh Jassim Bin Hamad Al Thani ប្រធានធនាគារអ៊ីស្លាមកាតា ដែលជាអ្នកបានស្នើទិញក្លឹប Man United កាលពីពេលថ្មីៗនេះ។
ភាគីនៅកាតាយល់ព្រមទិញ Man United ក្នុងតម្លៃ 5 ពាន់លានផោន ហើយបាននិយាយថា នឹងផ្ញើសំណើជាផ្លូវការទៅកាន់ម្ចាស់ក្លឹបនៅសហរដ្ឋអាម៉េរិកក្នុងពេលឆាប់ៗនេះ។ ចំណែកអ្នកមានជាងគេនៅអង់គ្លេសគឺ Sir Jim Ratcliffe ក៏ទំនងជាបានយល់ព្រមជាមួយនឹងតម្លៃដែលត្រកូល Glazer បានពពាយនាយលក់នាពេលកន្លង។
ទោះជាយ៉ាងនេះក្ដី ភាគីខាងម្ចាស់ក្លឹប បន្តដំឡើងថ្លៃ ក្រោយពីភាគីអ្នកប៉ងទិញយល់ព្រមជាមួយនឹងតម្លៃដំបូង។ ជាក់ស្ដែង លោក Avram Glazer និង Joel Glazer ចង់លក់ក្លឹប Man United ក្នុងតម្លៃ 6 ពាន់លានផោន។
បើសិនតម្លៃខាងលើត្រូវបានអ្នកវិនិយោគយល់ព្រមទិញ នៅពេលទៅដល់ដៃម្ចាស់ថ្មី តម្លៃរបស់ Man United អាចនឹងត្រូវបានដំឡើងជិតទ្វេដង។ ក៏ប៉ុន្តែ អ្នកជំនាញជាច្រើនយល់ថា តម្លៃ 6 ពាន់លានផោន (ជាង 7.2 ពាន់លានដុល្លារអាម៉េរិក) នេះពិតជាខ្ពស់ណាស់ បើគេមិននិយាយដល់ប្រាក់ចំណូល ឬសមិទ្ធផលដែលបីសាចក្រហមនឹងនាំមកឱ្យម្ចាស់ថ្មី៕