Nong Poy ដែលត្រូវបានអ្នកសារព័ត៌មានមួយចំនួនហៅថា «បវរកញ្ញាប្ដូរភេទស្អាតបំផុតប្រចាំប្រទេសថៃ» ពាក់មកុដដាំមាស ពេជ្រ និងយំខ្សឹកខ្សួលពេលធ្វើពិធីរៀបមង្គលការ។
នាថ្ងៃទី 01 មីនា ស្រីស្អាតវ័យ 37 ឆ្នាំ និងអ្នកជំនួញ Oak Phakwa Hongyok រៀបមង្គលការតាមបែបប្រពៃណីរបស់ប្រជាជនដើមកំណើតចិននៅ Phuket ប្រទេសថៃ។ នាងពាក់មកុដដែលមានដាំផ្កាធ្វើពីមាស។
Praew ឱ្យដឹងថា តារាសម្ដែងរូបនេះជូតទឹកភ្នែកច្រើនដងនៅពេលធ្វើពិធីនៅចំពោះមុខដូនតា និងស្ដាប់ពាក្យជូនពររបស់ញាតិមិត្ត។ Nong Poy ទទួលបានអំណោយជាគ្រឿងអលង្ការប្រចាំត្រកូលជាច្រើនពីគ្រួសារខាងប្រុស។ គ្រួសាររបស់ Oak Phakwa Hongyok ក៏ត្រៀមអាវប៉ាក់សរសៃអំបោះមាស រួមនឹងគ្រឿងអលង្ការបុរាណធ្វើពីមាស និងត្បូងមានតម្លៃផងដែរ។
ក្រោយពេលធ្វើពិធីតាមបែបបុរាណ គូស្វាមីភរិយាថ្មីនេះនឹងធ្វើពិធីរៀបការតាមបែបសម័យទំនើបនៅថ្ងៃទី 02 មីនា។ គ្រួសាររបស់ Oak Phakwa Hongyok បិទទ្វារហាងនានារបស់ខ្លួនដើម្បីធ្វើពិធីរៀបការ។ Oak Pahkwa Hongyok ឆ្នាំនេះអាយុ 41 ទទួលមរតកក្រុមហ៊ុនគ្រប់គ្រងភោជនីយដ្ឋាន ហាងកាហ្វេ និងសេវាកម្មទេសចរណ៍នៅ Phuket។
Oak Phakwa Hongyok បានស្គាល់ Nong Poy កាលពីជាងម្ភៃឆ្នាំមុន ពេលនាងមិនទាន់វះកាត់ប្ដូរភេទ។ ពួកគេមានទំនាក់ទំនងស្នេហានឹងគ្នាពីរឆ្នាំ មុនពេលសម្រេចចិត្តរៀបការ។
Nong Poy វះកាត់ប្ដូរភេទកាលពីវ័យ 17 ឆ្នាំ ហើយមួយឆ្នាំក្រោយមក នាងក៏ដណ្ដើមបានតំណែងបវរកញ្ញានៅ Miss International Queen។ នាងធ្លាប់សម្ដែងក្នុងភាពយន្តទូរទស្សន៍មួយចំនួនរបស់ហុងកុង និងថៃ។ Nong Poy ក៏ផ្សាយពាណិជ្ជកម្មឱ្យក្រុមហ៊ុនជាច្រើនផងដែរ។
Nong Poy គឺជាជនជាតិថៃប្ដូរភេទដំបូងគេដែលមានឈ្មោះនៅក្នុងបញ្ជី «ស្រីស្អាតជាងគេទាំង 100 នាក់របស់ពិភពលោក» ប្រកាសដោយ TC Candler (គេហទំព័រផ្សាយពីសិល្បៈ) កាលពីឆ្នាំ 2015៕