Elon Musk ចង់​បង្កើត​កំពូល AI ថ្មី ដើម្បី​ប្រកួត​នឹង ChatGPT

មហាសេដ្ឋី​អាម៉េរិក Elon Musk ត្រូវបាន​គេ​ជឿថា កំពុង​ពិភាក្សា​ជាមួយ​ក្រុម​អ្នកជំនាញកំពូលៗដែល​ធ្លាប់ធ្វើ​ការឱ្យ Google ដើម្បី​អភិវឌ្ឍ​ប្រព័ន្ធ​បញ្ញា​សិប្បនិម្មិត (AI) ថ្មី ក្នុង​បំណង​ប្រកួតប្រជែង​នឹង ChatGPT។

កាលពី​ប៉ុន្មាន​សប្ដាហ៍​កន្លង លោក Musk បាន​ជួប​អ្នកស្រាវជ្រាវ​ផ្នែក AI ជាច្រើនរូប ដើម្បី​ពិភាក្សា​អំពី​ការបង្កើត​បន្ទប់ពិសោធន៍​ថ្មី​សម្រាប់​ការអភិវឌ្ឍ​កម្មវិធី​ដែល​អាច​ជំនួស ChatGPT។ ក្នុងចំណោម​អ្នកជំនាញ​ទាំងនោះ​ក៏មាន Igor Babuschkin អតីត​អ្នកជំនាញ​ជាន់ខ្ពស់​របស់ Google DeepMind និង OpenAI។

Babuschkin បានបញ្ជាក់​ថា​បាន​ចាក​ចេញពី DeepMind កាលពី​សប្ដាហ៍​កន្លង ប៉ុន្តែ​មិនទាន់​យល់ព្រម​ធ្វើការ​ជា​ផ្លូវ​ការឱ្យ Elon Musk។ លោក Babuschkin និយាយថា ខ្លួន​ចង់​ធ្វើការ​ជាមួយ Musk ដើម្បី​បង្កើត​អ្វីមួយ​ដែល​ស្ថិតក្នុង​បរិយាកាស LLM (រូបមន្ត​ភាសា​ធំ)។ នេះ​គឺជា​បច្ចេកវិទ្យា​នៅ​ពីក្រោយ​ជោគជ័យ​របស់ ChatGPT។ ប៉ុន្តែ លោក Babuschkin ឱ្យដឹងថា ការបង្កើត chatbot មួយ​ដែល​មិនមាន​ការគ្រប់គ្រង​ត្រឹមត្រូវ មិនមែនជា​គោលដៅ​របស់​មហាសេដ្ឋី​អាម៉េរិក។

Elon Musk រួម​នឹង Sam Altman, Reid Hoffman, Peter Theil គឺជា​សហ​ស្ថាបនិក​របស់ OPenAI តាំងពី​ឆ្នាំ 2015។ ដំបូង​ឡើយ នេះ​គឺជា​ប្រព័ន្ធ​ប្រភព​បើកចំហ (open source) និង​ធ្វើ​សកម្ម​ភាពមិន​រកប្រាក់​ចំណេញ។ ពួកគេ​ផ្ដោតលើ​ការអភិវឌ្ឍ AI ដើម្បី​ធ្វើឱ្យមាន​តុល្យភាព​ជាមួយ Google។

ខែកុម្ភៈ 2018 លោក Musk ក៏បាន​លាលែង​ពី​តំណែង​ប្រធាន​ក្រុមហ៊ុន​ខាងលើ​។ ឆ្នាំ 2020 លោក Musk សម្ដែង​ការមិន​ពេញចិត្ត​នៅពេល OpenAI ផ្ដល់​ការអនុញ្ញាតឱ្យ Microsoft ធ្វើ​ការ​​ដោយ​ផ្ដាច់មុខ​ចំពោះ GPT-3។ លោក Musk ធ្លាប់​និយាយថា «ជា​មូលដ្ឋាន OpenAI ត្រូវបាន​គ្រប់គ្រង​ដោយ Microsoft»។

ថ្មីៗនេះ លោក Musk ក៏បាន​រិះគន់​ចំពោះ OpenAI ព្រោះតែ​មិនមាន​វិធានការ​ទប់ស្កាត់ ChatGPT បង្កើត​ការសន្ទនា​ដែលមាន​ផ្ទុក​ព័ត៌មាន​មិន​ពិត ឬ​បះ​ពាល់​ដល់​អ្នកប្រើប្រាស់។

ChatGPT ត្រូវបាន​វាយតម្លៃថា​ជាកម្មវិធី​បញ្ញា​សិប្បនិម្មិត​មួយ​ក្នុងចំណោម​បច្ចេកវិទ្យា​លេចធ្លោ​ជាងគេ​ក្នុង​ឆ្នាំ​កន្លង។ ក៏ប៉ុន្តែ ក្រុម​អ្នកជំនាញ​ព្រមាន​ចំពោះ​ហានិភ័យ​ជាច្រើន​ទាក់ទង​នឹង AI មួយ​នេះ។ Sam Altman ដែលជា CEO របស់ OpenAI ក៏បាន​និយាយថា លទ្ធផល​ដែល​បង្កើតឡើង​ដោយ ChatGPT ជាក់ស្ដែង​មាន​ផ្ទុក​កំហុស​ច្រើន។ កាលពី​ខែធ្នូ 2022 លោក Sam Altman បាន​សរសេរ​លើ Twitter ថា «វា​ដឹង​ច្រើនណាស់ ប៉ុន្តែ​អ្វីដែល​គ្រោះថ្នាក់​គឺថា វា​មានការ​ជឿជាក់ និង​បង្ក​កំហុសឆ្គង​មួយផ្នែក​គួរឱ្យបារម្ភ»។

ChatGPT គឺជា chatbot បញ្ញា​សិប្បនិម្មិត​មួយ​ដែល​អភិវឌ្ឍ​ដោយ​ក្រុមហ៊ុន OpenAI និង​បង្ហាញខ្លួន​កាលពី​ខែវិច្ឆិកា 2022។ វា​ត្រូវបាន​បង្កើតឡើង​ដោយ​យោងទៅលើ​រូបមន្ត​ភាសា​ធំ GPT-3 របស់ OpenAI និង​ត្រូវបាន​កែលំអ​ដោយ​បច្ចេកវិទ្យា​សិក្សា។

អ្នកប្រើប្រាស់​អាច​បញ្ជា​ឱ្យ ChatGPT សរសេរ​អត្ថបទ​ទៅតាម​ប្រធានបទ​ដែល​ខ្លួន​​បានជ្រើសរើស ដោយ​មិនមាន​បញ្ហា​រំលោភ​លើ​កម្មសិទ្ធិបញ្ញារ​បស់​អ្នកដទៃ៕

Leave a Comment