ទូរស័ព្ទពិតជារបកគំហើញដ៏អស្ចារ្យរបស់មនុស្សជាតិ ដោយសារតែវាបានជួយឱ្យមនុស្សអាចទាក់ទងគ្នាបានដោយមិនបាច់ទៅជួបគ្នា ឬផ្ញើសំបុត្រដូចកាលពីសម័យមុន។ ក៏ប៉ុន្តែ អ្នកបង្កើតទូរស័ព្ទពិតប្រាកដវិញ ទំនងជាមិនទាន់ត្រូវបានគេស្គាល់ច្បាស់នៅឡើយ។
អ្នកបង្កើតទូរស័ព្ទដំបូងគេបង្អស់លើពិភពលោក គឺលោក Antonio Meucci ជនជាតិអាម៉េរិកដើមកំណើតអ៊ីតាលី។ លោកបានបង្កើតទូរស័ព្ទដំបូងគេកាលពីឆ្នាំ 1860។
ព័ត៌មានស្ដីពីអ្នកបង្កើតទូរស័ព្ទដំបូងគេមានភាពចម្រូងចម្រាសច្រើន ព្រោះថា ក្នុងអំឡុងទសវត្សរ៍ឆ្នាំ 1860 Antonio Meucci គឺជាអ្នកពិភាក្សាអំពីទូរស័ព្ទជាមួយនឹង Alexander Graham Bell និងបានហៅទូរស័ព្ទជាលើកដំបូងទៅឱ្យភរិយារបស់ខ្លួន ហើយបានហៅឧបករណ៍នេះថា «ទូរស័ព្ទ»។
ក៏ប៉ុន្តែ ក្នុងពេលនោះ លោក Meucci មិនមានប្រាក់គ្រប់ 250 ដុល្លារអាម៉េរិកដើម្បីចុះឈ្មោះកម្មសិទ្ធិបញ្ញាសម្រាប់ទូរស័ព្ទ។ ដូច្នេះ Alexander Graham Bell ក៏បានក្លាយជាម្ចាស់ទូរស័ព្ទ ព្រោះលោកបានចុះឈ្មោះកម្មសិទ្ធិបញ្ញា។ នេះគឺជារឿងគួរឱ្យសង្ស័យធំមួយស្ដីពីរបកគំហើញត្រូវបានគេបន្លំ។ មនុស្សជាច្រើនបានដឹងថា
Bell គឺជាអ្នកបង្កើតទូរស័ព្ទដំបូងគេ ប៉ុន្តែក៏មានមនុស្សជាច្រើនបានបញ្ជាក់ថា Bell បានបន្លំរបកគំហើញទូរស័ព្ទរបស់ Meucci ហើយយកវាធ្វើជារបស់ខ្លួន។
ក៏ប៉ុន្តែ មកដល់ថ្ងៃទី 11 មិថុនា 2002 សភាជាន់ទាបអាម៉េរិកបានប្រកាសជាផ្លូវការថា Antonio Meucci ទើបជា «ឪពុកបង្កើត» របស់ទូរស័ព្ទ មិនមែន Alexander Graham Bell នោះទេ។
ទោះជាយ៉ាងណាក៏ដោយ ការពិតស្ដីពី «ឪពុកបង្កើត» របស់ទូរស័ព្ទនៅតែជារឿងប្រទាញប្រទង់គ្នាដដែល ដោយអ្នកខ្លះគាំទ្រ Alexander Graham Bell និងអ្នកខ្លះគាំទ្រ Antonio Meucci។ ទំព័រ Imagining the Internet របស់សាកលវិទ្យាល័យ Elon បានចុះផ្សាយថា Antonio Meucci ជាអ្នករកឃើញវិធីបង្កើតទូរស័ព្ទដំបូងគេនៅឆ្នាំ 1849, ជនជាតិបារាំង Charles Bourseul រកឃើញកាលពីឆ្នាំ 1854 ខណៈ Alexander Graham Bell ទទួលបានបណ្ណកម្មសិទ្ធិបញ្ញាដំបូងពីសហរដ្ឋអាម៉េរិកនៅឆ្នាំ 1876៕