
នៅក្នុងថ្ងៃប្រគល់ពានរង្វាន់ The Best FIFA Football Awards 2022 កាលពីម្សិលមិញ កំពូលតារាបាល់ទាត់ Kylian Mbappe របស់ក្លឹប PSG បានបង្ហើបឱ្យដឹងនូវក្រុមបាល់ទាត់ដែលគាត់មានបំណងចូលរួមក្នុងពេលអនាគត។
កាលពីរដូវក្ដៅកន្លង Mbappe បានចុះកិច្ចព្រមព្រៀងជាមួយ PSG បើទោះជាមានការទាក់ទាញពី Real Madrid មុននោះ។ ក៏ប៉ុន្តែ នៅក្នុងពិធីប្រគល់ពានរង្វាន់ The Best FIFA Football Awards 2022 ដែលត្រូវបានធ្វើឡើងកាលពីថ្ងៃទី 28 កុម្ភៈ 2023 (ពេលវេលានៅកម្ពុជា) កំពូលតារាបាល់ទាត់បារាំងរូបនេះបានចែករំលែករឿងដ៏គួរឱ្យភ្ញាក់ផ្អើល។
ជាក់ស្ដែង នៅពេលរម្លឹកដល់រឿងដែលថាអាចចាកចេញពី PSG ក្នុងពេលអនាគត ខ្សែប្រយុទ្ធវ័យ 24 ឆ្នាំ Mbappe មិនមានការរារែកក្នុងការនិយាយដល់ករណីទៅចូលរួមទាត់នៅពានរង្វាន់ Serie A។


ក្នុងកិច្ចសម្ភាសមួយជាមួយនឹង Gazzetta dello Sport កាលពីអតីតកាល Kylian Mbappe ក៏បានចែករំលែកមូលហេតុដែលនាំឱ្យគាត់គាំទ្រខ្លាំងចំពោះ Rossoneri (AC Milan) ដោយនិយាយថា ៖
«ទំនាក់ទំនងរបស់ខ្ញុំជាមួយនឹង Milan គឺពិតជាធំធេង។ កាលពីនៅក្មេង ខ្ញុំមានមេដោះជនជាតិអ៊ីតាលីម្នាក់ រួមនឹងគ្រួសាររបស់គាត់ យើងបានចំណាយពេលយ៉ាងច្រើននៅក្បែរគ្នា។ ពិតជាអស្ចារ្យខ្លាំងណាស់នៅពេលគ្រប់គ្នាសុទ្ធតែស្រលាញ់ AC Milan។ ដូច្នេះហើយបានជាខ្ញុំទទួលមរតកជាស្មារតីនោះ និងបានមើលការប្រកួតជាច្រើនរបស់ក្រុមបាល់ទាត់នេះ»។
បច្ចុប្បន្ន Mbappe នៅមានកិច្ចសន្យាជាមួយ PSG ដែលមានសុពលភាពរហូតដល់រដូវក្ដៅ 2024 អមនឹងលក្ខខណ្ឌជួយឱ្យកីឡាកររូបនេះអាចពន្យារកិច្ចសន្យាបន្ថែមមួយឆ្នាំ (2025) ទៀត។ ក៏ប៉ុន្តែ ក្នុងករណីគាត់មិនចង់ គាត់នឹងចាកចេញពីប៉ារីសទៅតាមទម្រង់ទិញដូរដោយសេរី បន្ទាប់ពីរដូវកាល 2023/2024 បានបញ្ចប់។

ដូច្នេះហើយបានជា PSG ក៏ប្រឹងប្រែងរក្សាកំពូលថ្វីជើងរបស់ខ្លួន។ ក៏ប៉ុន្តែបើតាមប្រភពព័ត៌មានពីបារាំង ក្នុងករណីមិនអាចចងជើងបាន ក្លឹប PSG នឹងយល់ព្រមលក់ Mbappe នៅក្នុងរដូវក្ដៅឆ្នាំនេះ។
ព័ត៌មាននេះអាចនឹងធ្វើឱ្យទីផ្សារទិញដូរកីឡាករឡើងកម្ដៅខ្លាំងក្នុងរដូវកាល 2023/2024។ ព្រោះថា មិនត្រឹមតែ Real Madrid នោះទេ ប៉ុន្តែនៅមានក្លឹបធំៗជាច្រើនទៀតនៅអឺរ៉ុប កំពុងត្រៀមប្រាក់ដើម្បីដណ្ដើមយកកំពូលថ្វីជើងដែលត្រូវបានគេចាត់ទុកថាជាអនាគតរបស់ពិភពបាល់ទាត់អន្តរជាតិរូបនេះ៕
