Skip to content

កប៉ាល់​បើកបរ​ស្វ័យប្រវត្ត​ដំណើរការ​ដោយ​អ៊ីដ្រូសែន​រាវ​ដំបូង​គេ​លើ​ពិភពលោក

ក្រុមហ៊ុន HI-FIVED របស់​អង់គ្លេស ទើបតែ​ទទួលបាន​ថវិកា​ឧបត្ថម្ភ 6.46 លាន​ដុល្លារ​អាម៉េរិក​ពី​រាជរដ្ឋាភិបាល​ដើម្បី​អភិវឌ្ឍ​កប៉ាល់​អ៊ីដ្រូសែន ក្នុង​បំណង​បន្សាប​កាបូន​នៅក្នុង​វិស័យ​ដឹកជញ្ជូន​តាមផ្លូវ​ទឹក។

យោងតាម​ការ​ពិពណ៌នា​នៅលើ​គេហទំព័រ​របស់ HI-FIVED កប៉ាល់​ដែលមាន​ឈ្មោះថា H-USV នឹង​អាច​ផ្ទុកទំនិញ​បាន 4.5 តោន ផ្លាស់​ទី​ក្នុង​ល្បឿន 7.4 គីឡូម៉ែត្រ/ម៉ោង ហើយ​អាចធ្វើ​ដំណើរ​ជា​បន្ត​បន្ទាប់ពី 40 ទៅ 60 ថ្ងៃ។ នេះ​គឺជា​កប៉ាល់​បើកបរ​ស្វ័យប្រវត្ត​ដំណើរការ​ដោយ​អ៊ីដ្រូសែន​រាវ​ដំបូង​គេ​លើ​ពិភពលោក។ ការប្រើប្រាស់​អ៊ីដ្រូសែន​ធ្វើជា​ឥន្ធនៈ​នឹង​ជួយ​កាត់បន្ថយ​បរិមាណ​ឧ​ស្ម័យ​កាបូន​បាន​រហូតដល់ 99.1% នៅក្នុង​វិស័យ​ដឹកជញ្ជូន។ នេះ​បើតាម Interesting Engineering ចុះផ្សាយ​កាលពី​ថ្ងៃទី 27 កុម្ភៈ 2023។

H-USV ប្រើប្រាស់​សេន​សឺរ​បរិស្ថាន និង​បញ្ញា​សិប្បនិម្មិត​ដើម្បី​វិភាគ​ទិន្នន័យ ស្វែងរក​ការគំរាមកំហែង ឬ​ឧបសគ្គ​ និង​សម្រេចចិត្ត​ក្នុង​ពេលវេលា​ជាក់ស្ដែង។

ក្រុមហ៊ុន Unitrove មាន​ទីស្នាក់ការ​ក​ណ្ដា​ល​នៅ Leceister ដែលជា​សមាជិក​មួយរ​បស់ HI-FIVED នឹង​ផ្គត់ផ្គង់​ហេដ្ឋារចនាសម្ព័ន្ធ​ចាំបាច់​សម្រាប់​កប៉ាល់ H-USV ដើម្បី​អភិវឌ្ឍ​ផ្លូវ​គមនាគមន៍​បៃតង​រវាង​ទីក្រុង Aberdeen នៅ​ស្កុ​តឡែ​ន និង​ប្រជុំ​កោះ Orkney និង Shetland ដែលមាន​ចម្ងាយ​ពី​ដីគោក​របស់​ស្កុ​តឡែ​ន​ប្រហែល 9.6 គីឡូម៉ែត្រ។

​កប៉ាល់ H-USV ដំបូង​ៗ​ត្រូវបាន​គេ​គ្រោង​នឹង​ប្រគល់ឱ្យ​ដៃ​គូ​សហការ​ចាប់​ពី​ឆ្នាំ 2024។ រាជ​រដ្ឋាភិបាល​អង់គ្លេស​កំ​ពុង​រក​វិធី​ដើម្បី​ផលិត​អ៊ីដ្រូសែន​ស្អាត​ជាង​បច្ចុប្បន្ន តាមរយៈ​ការ​ស្រូប​ទាញយក​កាបូន​ដែល​បំ​ភាយ​ចេញពី​ការផលិត​អ៊ីដ្រូសែន ឬ​ប្រើប្រាស់​ទឹកជា​ប្រភព​សម្រាប់​ចម្រាញ់ ជំនួស​ឱ្យ​ឧស្ម័ន​ធម្មជាតិ៕

Leave a Reply

Your email address will not be published. Required fields are marked *