គម្រោង GW របស់ចិននឹងបាញ់បង្ហោះផ្កាយរណបជាងមួយម៉ឺនគ្រឿង ឡើងទៅកាន់គន្លងគោចរកម្រិតទាបរបស់ផែនដីដើម្បីប្រកួតប្រជែងជាមួយនឹងប្រព័ន្ធផ្កាយរណបអ៊ីនធើណិត Starlink របស់អាម៉េរិក។
ចិនកំពុងរៀបគម្រោងស្ថាបនាប្រព័ន្ធផ្កាយរណបមួយដ៏ធំដើម្បីផ្គត់ផ្គង់អ៊ីនធើណិតដល់អ្នកប្រើប្រាស់នៅទូទាំងពិភពលោក និងដើម្បីប្រកួតប្រជែងជាមួយនឹងប្រព័ន្ធផ្កាយរណប Starlink របស់ SpaceX នៅសហរដ្ឋអាម៉េរិក។ គម្រោងថ្មីរបស់ក្រុមហ៊ុនចិននេះមានឈ្មោះថា GW នេះបើតាមក្រុមអ្នកស្រាវជ្រាវដែលដឹកនាំដោយសាស្ត្រាចារ្យ Xu Can មកពីសាកលវិទ្យាល័យបច្ចេកទេសអវកាសនៅប៉េកាំង។
ក្នុងអត្ថបទចុះផ្សាយលើទស្សនាវដ្ដី Command Control and Simulation របស់ចិន កាលពីថ្ងៃទី 15 កុម្ភៈ លោក Xu Can និងសហការីបានឱ្យដឹង GW ដែលនឹងមានផ្កាយរណបសរុប 12,992 គ្រឿង គឺជាគម្រោងរបស់ក្រុមហ៊ុនបណ្ដាញផ្កាយរណបចិនដែលទើបត្រូវបានបង្កើតឡើងនាពេលថ្មីៗនេះ។ ពួកគេមិនបានបង្ហើបឱ្យដឹងអំពីកាលបរិច្ឆេទនៃការបាញ់បង្ហោះផ្កាយរណបទាំងនេះ ប៉ុន្តែចំនួននេះនឹងគ្រប់គ្រាន់សម្រាប់ការប្រកួតប្រជែងជាមួយនឹងផ្កាយរណបជាង 12,000 គ្រឿងដែល SpaceX គ្រោងនឹងសម្រេចបាននៅឆ្នាំ 2027។
តាមការប៉ាន់ស្មាន ផ្កាយរណបរបស់គម្រោង GW អាចនឹងត្រូវបានបាញ់បង្ហោះជាបន្តបន្ទាប់ និងយ៉ាងឆាប់រហ័ស មុនពេល SpaceX ស្ថាបនា Starlink បានពេញលេញ។ GW ទំនងជានឹងត្រូវបានដាក់លើគន្លងគោចរដែល Starlink មិនអាចហោះទៅដល់ ដើម្បីមានប្រៀបជាងលើរយៈកម្ពស់។
យោងតាម SpaceX បណ្ដាញផ្កាយរណប Starlink បច្ចុប្បន្នមានជិត 3,000 គ្រឿង ដែលស្ថិតនៅលើគន្លងគោចរ ហើយគ្រោងនឹងកើនឡើងដល់ជាង 40,000 គ្រឿងនៅពេលពេញលេញ៕