(អង់គ្លេស) – ខ្សែបម្រើ Harry Maguire និងខ្សែបម្រើ Bruno Fernandes រួមគ្នាលើកពាន League Cup នៅលើទីលានបាល់ទាត់ Wembley កាលពីព្រលប់ថ្ងៃទី 26 កុម្ភៈ បញ្ចប់ស្ថានភាពដែលក្លឹប Manchester United គ្មានពានក្នុងរយៈពេលជិត 6 ឆ្នាំ។
197 ថ្ងៃ រាប់ចាប់ពីពេលចាញ់ Brentford 0-4 នៅលិគកំពូលអង់គ្លេសតាំងពីតង់ទីមួយ ក្រុម Man United ដណ្ដើមបានពានជាលើកដំបូងក្នុងរដូវកាល។ Fernandes និង Maguire រួមគ្នាលើកពាន ដូចទៅនឹង Steve Bruce និង Bryan Robson ធ្លាប់បានធ្វើជាមួយនឹងពានលិគកំពូលអង់គ្លេសក្នុងសម័យ Alex Ferguson កាលពីម្ភៃឆ្នាំមុន។
អ្នកលើកពានខាងលើចុងក្រោយគេគឺគ្រូបង្វឹក Erik Ten Hag។ ក្នុងរយៈពេលតែជាងកន្លះឆ្នាំប៉ុណ្ណោះ គ្រូបង្វឹករូបនេះបានជួយបញ្ចប់ស្ថានភាពគ្មានពានជិត 6 ឆ្នាំរបស់ក្លឹប Man Utd។ ក្រុមបីសាចក្រហមបានឈ្នះក្រុម Newcastle 2-0 ក្នុងវគ្គផ្ដាច់ព្រ័ត្រ។ ក្រោយពីរកបាន 2 គ្រាប់ក្នុងតង់ទីមួយ Man Utd ក៏បន្ត «ចងជើង» Newcastle នៅតង់ទីពីរ ធ្វើឱ្យគូប្រកួតគ្មានឱកាសបង្កគ្រោះថ្នាក់។
បន្ទាប់ពីឡើងទទួលពានជើងឯកនៅលើវេទិកា កូនសិស្ស និងគ្រូបង្វឹក Ten Hag ក៏ចុះទៅទីលានដើម្បីអបអរសាទរ។ Fernandes និង Maguire នៅតែជាអ្នកលើកពាន។ នេះគឺជាពាន League Cup ទី 6 ក្នុងប្រវត្តិសាស្ត្ររបស់ក្លឹប Manchester United នាំឱ្យពួកគេក្លាយជាក្រុមខ្លាំងលំដាប់ទីបី បន្ទាប់ពី Liverpool និង Man City នៅលើ «សមរភូមិ» នេះ។ លើកចុងក្រោយដែល Man Utd បានលើកពានគឺនៅ Europa League 2017 ក្នុងសម័យ Jose Mourinho៕