អង្គការអវកាសអឺរ៉ុប (ESA) កំពុងសហការជាមួយក្រុមហ៊ុន Solsys Mining របស់ប្រទេសន័រវែសដើម្បីអភិវឌ្ឍវិធីសាស្ត្រកែច្នៃដីរបស់ព្រះចន្ទឱ្យទៅជាជីសម្រាប់ដំណាំលើទឹកនៅលើភពរណបនេះ។
ការដាំរុក្ខជាតិលើឋានព្រះចន្ទពិតជាចាំបាច់សម្រាប់មហិច្ឆតាបង្ហាញវត្តមានយូរអង្វែងរបស់មនុស្សជាតិនៅលើដីរបស់លោកខែ។ ប៉ុន្តែនេះនឹងជាការងារដ៏លំបាក ព្រោះថាដីនៅលើឋានព្រះចន្ទខ្វះសារធាតុអាសូត ដែលដើរតួនាទីយ៉ាងសំខាន់សម្រាប់ការរីកលូតលាស់របស់រុក្ខជាតិ។
ទីភ្នាក់ងារអវកាសអឺរ៉ុប (ESA) កំពុងសហការជាមួយក្រុមហ៊ុនកសិកម្ម Solsys Mining វិទ្យាស្ថានបច្ចេកទេសន័រវែស និងមជ្ឈមណ្ឌលស្រាវជ្រាវអន្តរវិជ្ជាក្នុងវិស័យអវកាស ដើម្បីស្រាវជ្រាវលើការប្រើប្រាស់ដីបែបថ្មីលើឋានព្រះចន្ទសម្រាប់គម្រោង «ដាំដំណាំលើទឹក» ដោយមិនបាច់មានដី។
គម្រោងដែលនាំមុខដោយ ESA គឺផ្ដោតទៅលើការស្វែងរកវិធីសាស្ត្រថ្មីដើម្បីចម្រាញ់សារធាតុបំប៉នពីដីព្រះចន្ទ ដើម្បីធ្វើជាជីសម្រាប់ដំណាំលើទឹក។ ដំណើរការស្រាវជ្រាវគ្រោងនឹងអូសបន្លាយពេលដល់ចុងឆ្នាំ 2023 ដោយមានថវិកាប្រមាណ 100,000 អឺរ៉ូប (ប្រហែល 106,000 ដុល្លារអាម៉េរិក)។
ការដាំដំណាំលើទឹកនៅលើឋានព្រះចន្ទ ទាមទារឱ្យមានរោងចក្រកែច្នៃនៅលើភពរណបមួយនេះដើម្បីចម្រាញ់យកបណ្ដាសារធាតុបំប៉នពីដីព្រះចន្ទ មុនពេលបញ្ចូលវាទៅក្នុងផ្ទះកញ្ចក់សម្រាប់ផ្គត់ផ្គង់ដល់ដំណាំលើទឹក។
«ដើម្បីបង្កើតឱ្យមានវត្តមានយូរអង្វែងលើឋានព្រះចន្ទ មនុស្សត្រូវការប្រើប្រាស់ប្រភពធនធានដែលមានស្រាប់ និងទាញយកសារធាតុបំប៉ននានាដែលនៅក្នុងស្រទាប់ដីរបស់ព្រះចន្ទសម្រាប់ការដាំដុះ» វិស្វករ Malgorzata Holynska របស់អង្គការ ESA សង្កត់ធ្ងន់ដូច្នេះ។
យោងតាម Interesting Engineering ការស្រាវជ្រាវខាងលើនេះនឹងរួមចំណែកក្នុងការបើកផ្លូវសម្រាប់បេសកកម្មព្រះចន្ទនាពេលអនាគត ដែលដូចទៅនឹងកម្មវិធី Artemis របស់ទីភ្នាក់ងារអវកាសអាម៉េរិក (NASA) ជាដើម៕