សត្វកណ្ដុរយក្សប៊ីវើរ (Beaver) រស់នៅតាមបណ្ដោយមាត់ទន្លេ នាំគ្នាសាងសង់ទំនប់ដ៏ធំមួយនៅប្រទេសអង់គ្លេស ជួយឱ្យមនុស្សប្រមាណ 7,000 នាក់ដែលកំពុងរស់នៅក្នុងទីរួមស្រុក Pickering ដេកលក់ស្រួលក្នុងផ្ទះ បើទោះមានភ្លៀងធំច្រើនថ្ងៃ។
ក្រុមអ្នកស្រាវជ្រាវបានឱ្យដឹងថា គ្រួសាររបស់កណ្ដុរប៊ីវើរ បានសាងសង់ទំនប់ធម្មជាតិមួយដែលការពារតំបន់ Pickering នៅ Yorkshire ភាគខាងជើង ពីគ្រោះទឹកជំនន់ នេះបើតាមទំព័រ Daily Star ចុះផ្សាយកាលពីថ្ងៃទី 21 កុម្ភៈ។ រាប់ចាប់តាំងពីត្រូវបាននាំមកកាន់ទន្លេ Seven នៅក្នុងតំបន់ព្រៃ Cropton កាលពី 3 ឆ្នាំមុន ហ្វូងសត្វកណ្ដុរយក្សប៊ីវើរ បានកែប្រែទិដ្ឋភាពនៅក្នុងតំបន់។
យោងតាម Cath Bashforth ដែលជាបរិស្ថានវិទូមកពីស្ថាប័នការពារព្រៃឈើអង់គ្លេស ទំនប់របស់ហ្វូងសត្វកណ្ដុរប៊ីវើរគឺធ្វើពីមែកឈើ និងភក់ល្បាប់ ហើយមានបណ្ដោយជិត 70 ម៉ែត្រ។ «បច្ចេកទេស និងភាពប្រសប់របស់ពួកវាគឺលើសពីអ្វីដែលមនុស្សអាចស្រមៃឃើញអំពីពួកវា» Bashforth និយាយដូច្នេះ។
តំបន់ Pickering ធ្លាប់ឆ្លងកាត់ហេតុការណ៍លិចលង់ធ្ងន់ធ្ងរក្នុងរយៈពេលច្រើនឆ្នាំ ដោយសារតែទឹកជំនន់ពីតំបន់ភាគខាងជើងរបស់ទីរួមស្រុកនេះ។ ស្ថាប័នគ្រប់គ្រងធម្មជាតិ និងឧទ្យានជាតិ North York Moor បាននាំហ្វូងសត្វកណ្ដុរយក្សប៊ីវើរមកកាន់តំបន់ខាងលើ បន្ទាប់ពីអាជ្ញាធរគ្រប់គ្រងបរិស្ថានប្រកាសថា ពួកគេមិនមានថវិកាគ្រប់គ្រាន់សម្រាប់អនុវត្តកម្មវិធីទប់ស្កាត់ទឹកជំនន់ដែលមានតម្លៃរាប់លានដុល្លារអាម៉េរិក។ ជំនប់របស់ប៊ីវើរកំពុងសង្គ្រោះទីរួមស្រុក Pickering។
សកម្មភាពទប់ទំនប់របស់សត្វកណ្ដុរយក្សប៊ីវើរ
សត្វប៊ីវើរល្បីឈ្មោះខ្លាំងដោយសារតែការធ្វើទំនប់ទទឹងជ្រោះ និងធ្វើសម្បុកក្នុងបឹងដែលពួកវាបានបង្កើត បន្ទាប់ពីសង់ទំនប់។ សម្បុករបស់ពួកវាធ្វើពីមែកឈើ និងល្បាប់។ ផ្លូវចូលសម្បុកតែងស្ថិតនៅក្រោមទឹក។ ពេលជួបហេតុការណ៍អាក្រក់ សត្វនេះនឹងយកកន្ទុយបោកទៅលើទឹកដើម្បីជាសញ្ញាប្រាប់ថា ពួកវាកំពុងប្រឈមនឹងគ្រោះថ្នាក់៕