ផលិតកម្មភាពយន្ត Warner Bros បានបញ្ជាក់ថា នឹងផលិតវគ្គបន្ទាប់ដោយយោងទៅលើប្រលោមលោកដែលស្ថិតក្នុងយីហោ «ចិញ្ចៀនអាទិទេព» (The Lord Of The Rings) របស់អ្នកនិពន្ធ J. R. Tolkien។
កាលពីថ្ងៃទី 23 កុម្ភៈ David Zaslav បុគ្គលិកជាន់ខ្ពស់មួយរូបរបស់ក្រុមហ៊ុន Warner Bros បានប្រកាសថា សម្រេចបានកិច្ចព្រមព្រៀងដើម្បីដំណើរការយីហោ «The Lord Of The Rings» ជាថ្មី ក្នុងនោះ New Line Cinema ទទួលបន្ទុកក្នុងការផលិតភាពយន្តនេះ។ ស្ថាប័នទាំងពីរខាងលើនេះធ្លាប់បានបញ្ចេញខ្សែភាពយន្ត «The Lord Of The Rings» (2001-2003) និង «The Hobbit (2012-2014)។
តំណាងរបស់ផលិតកម្មភាពយន្តឱ្យដឹងថា បណ្ដាគម្រោងថ្មីនឹងមិនផលិតវគ្គមុនៗឡើងវិញឡើយ។ ពួកគេនឹងផលិតវគ្គបន្ទាប់របស់ «The Lord Of The Rings»។ Warner Bros និង New Line Cinema បច្ចុប្បន្នកំពុងចាប់ដៃគ្នាផលិតវគ្គ «The Lord Of The Rings: The War of the Rohirrim»។ សាច់រឿងនេះយកទិដ្ឋភាព 183 ឆ្នាំមុននៃវគ្គ «The Lord Of The Rings: The Two Towers (2002)។ ចំណែកវគ្គបន្ទាប់ពីនោះ មិនទាន់ត្រូវបានបង្ហើបឱ្យដឹងនៅឡើយ។
កាលពីដើមទសវត្សរ៍ឆ្នាំ 2000 ផលិតកម្មភាពយន្ត Warner Bros បានកែសម្រួលប្រលោមលោកទៅជាខ្សែភាពយន្ត «The Lord of the Rings» ដែលមាន 3 វគ្គ និងដឹកនាំរឿងដោយលោក Peter Jackson។ ខ្សែភាពយន្តទាំងនេះមានចំណងជើងរងថា «The Fellowship of the Ring», «The Two Towers» និង «The Return of the King»។
ឈុតឆាកសង្ខេបរបស់រឿង «The Lord Of The Rings: The Two Towers»
ភាពយន្តទាំង 3 វគ្គខាងលើរកប្រាក់ចំណូលពីការលក់សំបុត្របានជិត 3 ពាន់លានដុល្លារអាម៉េរិក ក្លាយជាខ្សែភាពយន្តមួយដែលជោគជ័យជាងគេ។ ភាពយន្តទាំងនេះក៏ដណ្ដើមបានពានមាស Oscar ចំនួន 17 នៅក្នុងចំណោមបេក្ខភាពសរុបចំនួន 30។
ក្រោយជោគជ័យរបស់ «The Lord of the Rings» ផលិតកម្ម Warner Bros ក៏បន្តផលិតភាពយន្តរឿង «Hobbit» ដែលមាន 3 វគ្គ នឹងរកប្រាក់ចំណូលបានជាង 2.29 ពាន់លានដុល្លារអាម៉េរិក៕