លោក Slaven Bilic អ្នកចាត់ការទូទៅរបស់ក្រុម West Ham បានបញ្ជាក់ថា ក្រុមរបស់លោកបានបញ្ចេញប្រតិកម្មវាយបកក្នុងរបៀបដ៏ត្រចះត្រចង់បំផុត ក្រោយពីដេញតាមពីក្រោយ2គ្រាប់ ដើម្បីផ្តួលក្រុមស្ថិតក្នុងទីក្រុងឡុងដ៍តែមួយ Tottenham ក្នុងលទ្ធផល 3-2 និងដើម្បីឈានទៅកាន់វគ្គ8ក្រុមចុងក្រោយនៃពាន Carabao Cup កាលពីថ្ងៃពុធ។
លោក Bilic បានស្ថិតក្រោមសម្ពាធ ក្រោយពីការរងបរាជ័យរបស់ពួកគេក្រោមស្នាដៃក្រុម Brighton ក្នុងការប្រកួតក្របខ័ណ្ឌ Premier League នាកីឡដ្ឋាន London Stadium កាលពីថ្ងៃសុក្រ ប៉ុន្តែបានជួបនឹងការរំភើបជាមួយការបញ្ចេញប្រតិកម្មរបស់កូនក្រុមខ្លួននៅពេលប្រកួតជាមួយនឹងក្រុម Spurs។ ខ្សែប្រយុទ្ធ Andre Ayew បានស៊ុតបាល់បញ្ចូលទី2គ្រាប់ដើម្បីតាមស្មើគ្រាប់បាល់របស់ Moussa Sissoko និង Dele Alli នៃក្រុម Spurs នៅមុនពេលខ្សែការពារ Angelo Ogbonna បានរកគ្រាប់បាល់ បំពេញការវាយបកដើម្បីឈ្នះយ៉ាងមិននឹកស្មានដល់តែម្តង។
លោក Bilic បានឲ្យដឹងថា៖ «ក្នុងការរកគ្រាប់បាល់បញ្ចូលទី3គ្រាប់នៅពេលប្រកួតជាមួយនឹងពួកគេ ដែលយើងមិនរបូតគ្រាប់បាល់សោះ ជាមួយនឹងទម្រង់លេងប្រកបដោយភាពក្លាហាន យើងពិតជាស័ក្តិសមក្នុងការឈ្នះមែន ហើយវាគឺជាការជឿជាក់ដ៏ធំមួយសម្រាប់យើង»។ លោក Bilic បានបន្ថែមទៀតថា៖ «ខ្ញុំបាននិយាយថា ខ្ញុំមានអារម្មណ៍ស្ងប់ និងរីករាយនៅពេលដែលយើងឈ្នះនៅថ្ងៃនេះ។ អ្នកឃើញហើយថា ក្រុមនេះពិតជារស់រវើក ហើយយើងពិតជាមានភាពរឹងមាំប្រកបដោយភាពវិជ្ជមាន។ យើងបានធ្វើរឿងជាច្រើន ប៉ុន្តែ បើគិតនៅរដូវកាលនេះ យើងមិនទាន់ធ្វើអ្វីបានសម្រេចឡើយ»។ ដោយឡែក នៅឯកីឡដ្ឋាន Stamford Bridge ឯនោះវិញ ការប្រកួតជាលើកទី1របស់លោក David Unsworth ក្នុងនាមជាគ្រូបង្វឹកបណ្តោះអាសន្ន បានបញ្ចប់ដោយការរងបរាជ័យក្នុងលទ្ធផល 2-1 ក្រោមស្នាដៃក្រុម Chelsea៕
ប្រភពពី៖ BBC