(ហូឡង់) – បន្ទាប់ពីត្រូវដាល់មួយដៃចំផ្ទៃមុខនៅពេលក្រុម Sevilla កំពុងប្រកួតនៅ Europa League អ្នកចាំទី Marko Dmitrovic ក៏បានបោកផ្ដួលបុរសជាអ្នកគាំទ្រម្នាក់ដែលបានចូលទៅខាងមុខទី កាលពីព្រលប់ថ្ងៃទី 23 កុម្ភៈ។
នៅនាទីទី 90 ពេលក្រុមម្ចាស់ផ្ទះ PSV (Philips Sport Vereniging) ត្រូវការ 2 គ្រាប់បន្ថែមទៀតដើម្បីចៀសវាងត្រូវជម្រុះ ស្រាប់តែបុរសជនជាតិហូឡង់ម្នាក់ចុះទៅដល់ទីលានប្រកួត និងរត់ទៅកាន់ Dmitrovic ពីខាងក្រោយ។ ពេលនោះ អ្នកចាំទីជនជាតិស៊ែប៊ី មិនបានចាប់អារម្មណ៍ ដោយសារតែកំពុងតាមដានបាល់។ អ្នកគាំទ្រម្នាក់នេះក៏ចាប់ជាប់អាវ និងដាល់មួយដៃទៅលើផ្ទៃមុខអ្នកចាំទីរបស់ក្រុមភ្ញៀវ Sevilla។ Dmitrovic ក៏បានដាល់តបត ហើយចាប់បោកផ្ដួល និងសង្កត់អ្នកគាំទ្ររូបនេះរហូតដល់បុគ្គលិកសន្តិសុខមកដល់។
អ្នកគាំទ្រនេះត្រូវបាននាំខ្លួនចេញទៅក្រៅ។ ការប្រកួតក៏ត្រូវបានបន្តក្រោយពីផ្អាកពីបីនាទី។ PSV ក្រោយមកក៏រកបាន 1 គ្រាប់ទៀត ហើយក៏ឈ្នះ 2-0 នៅជើងទីពីរ ប៉ុន្តែត្រូវចាញ់សរុប 2-3។ ដូច្នេះ PSV ក៏ត្រូវអង្គុយមើល Sevilla ឡើងទៅកាន់វគ្គ 1/8 នៅ Europa League។
Dmitrovic ទទួលបានការបណ្ដុះបណ្ដាលពីក្លឹប Red Star Belgrade ហើយធ្លាប់លេងបាល់នៅហុងគ្រី និងអង់គ្លេស មុនពេលទៅកាន់អេស្ប៉ាញ។ គាត់គឺជាអ្នកចាំទីលេខមួយរបស់ Eibar នៅ La Liga អំឡុងឆ្នាំ 2017-2021 តែក្រោយមកក៏បានក្លាយជាអ្នកចាំទីបម្រុងរបស់ Sevilla។