Skip to content

ហិរញ្ញវត្ថុ​នៅតែ​ត្រូវការ​បន្ថែម​ដើម្បី​ដោះស្រាយ​បញ្ហា​រួបរឹត​វិស័យ​ស្រូវ​អង្ករ

ទុន​បង្វិល​ច្រើន​ថែមទៀត​នៅតែ​ត្រូវការ​សម្រាប់​ជួយ​ស្រោចស្រង់​ស្ថានភាព​ស្រូវ​អង្ករ​នៅ​កម្ពុជា​ឱ្យ​កាន់តែ​ប្រសើរ ថ្វីបើ​ស្ថានភាព​នាពេលនេះ​មាន​ភាព​វិជ្ជមាន​ឡើងវិញ​ចាប់តាំងពី​ពាក់កណ្តាល​ឆ្នាំ2017 ដោយសារ​តម្រូវការ​ទីផ្សារ​ខាងក្រៅ​ប្រទេស​បាន​ងើបឡើង និង​តម្លៃ​ក៏​ប្រសើរ​ជាង​ពេល​ប៉ុន្មាន​ឆ្នាំកន្លងមក។

លោក​ឧកញ៉ា ហ៊ុន ឡាក់ អនុប្រធាន​សហព័ន្ធ​ស្រូវ​អង្ករ​កម្ពុជា និង​ជា​អគ្គនាយក​ក្រុមហ៊ុន មេគង្គ អូ​រី​ហ្សា​ដែលជា​ក្រុមហ៊ុននាំចេញ​អង្ករ​ដ៏​សំខាន់​មួយ​នៅ​កម្ពុជា បាន​អះអាងថា ស្ថានភាព​ស្រូវ​អង្ករ​បាន​វិល​មករក​ភាពល្អប្រសើរ​វិញ​ចាប់តាំងពី​ពាក់កណ្តាល​ឆ្នាំ2017 ដោយ​ទីផ្សារ​ខាងក្រៅ​បាន​បញ្ជា​ទិញ​កាន់តែច្រើន ហើយ​តម្លៃ​អង្ករ​ក៏​ល្អ​ជាង​ពេលមុន​ផងដែរ។ ជាមួយគ្នានេះ តម្លៃ​ស្រូវ​នៅក្នុង​ស្រុក​ក៏​រក្សាបាន​នូវ​ស្ថិរភាព​ខ្ពស់ជាង​ឆ្នាំមុន។

លោក​ឧកញ៉ា បាន​បន្ថែមទៀតថា ស្ថានភាព​ល្អប្រសើរ​បែបនេះ​មិនអាច​រក្សា​បានយូរ​ទេ ប្រសិនបើ​វិស័យ​មួយ​នេះ​នៅតែ​ខ្វះ​ទុន​សម្រាប់ធ្វើ​ចលនា​ទិញ​ពេល​ប្រមូល​ផល​ឱ្យបាន​រហ័ស បើទោះបីជា​កសិករ​ចូលរួម​ស្វែងយល់ និង​ដាំ​ដុះ​ស្រូវ​ដែលមាន​តម្រូវការ​ទីផ្សារ​ខ្ពស់​ក៏ដោយ។

លោក​ឧកញ៉ា បាន​បញ្ជាក់ថា៖“កសិករ​ខ្មែរ​នាពេលនេះ​មាន​ភាព​វ័យឆ្លាត​ក្នុង​ការដាំដុះ​ស្រូវ ដែល​ខុសពី​ប៉ុន្មាន​ឆ្នាំមុន ការផលិត​ស្រូវ​គឺ​មិនទាន់មាន​ភាពច្បាស់លាស់ ផ្សាភ្ជាប់​ទៅនឹង​តម្រូវការ​ទីផ្សារ​នោះទេ។ ដំណើរ​ការផលិត គឺ​ទៅមុខ​ហើយ តែ​អ្វីដែល​ត្រូវធ្វើ​គឺ​ដើមទុន​សម្រាប់​ទិញស្រូវ​នៅពេល​ប្រមូល​ផល និង​ឃ្លាំង​ស្តុក​ស្រូវ។ ទាំង​ការផលិត ដើមទុន និង​ឃ្លាំង​ស្តុក​ត្រូវតែដើរ​ស្របគ្នា ទើប​វិស័យនេះ​ដំណើរការ​ទៅមុខ​បាន​លឿន។ បម្រែបម្រួល​ទាំង​តម្រូវការ និង​តម្លៃ ក្នុង​វិស័យ​ស្រូវ​អង្ករ​នាពេលនេះ​បានធ្វើឱ្យ​វិស័យនេះ​មាន​ភាព​ធូរស្រាល បើ​ធៀប​ទៅនឹង​ស្ថានភាព​កាលពី​ឆ្នាំកន្លងមក។ ស្រូវ​អង្ករ​កម្ពុជា លែងមាន​កង្វល់​ចំពោះ​កង្វះ​អ្នកទិញ ហើយក៏​គ្មាន​កង្វល់​ចំពោះ​ការធ្លាក់​ថ្លៃ​នោះដែរ ប៉ុន្តែ​កញ្ចប់​ថវិកាបម្រុង​សម្រាប់​ផ្តល់​កម្ចី​ដល់​អ្នក​ទិញស្រូវ និង​ម្ចាស់​រោង​ម៉ាស៊ីន ដែល​ទម្លាក់​ដោយ​រាជរដ្ឋាភិបាល​ប្រមាណ50លាន​ក្នុង​ឆ្នាំ2017 នេះ​គឺ​មិន​គ្រប់គ្រាន់​ទេ។

ទោះបីជា​យ៉ាងណាថ្មីៗនេះ​គេ​សង្កេតឃើញ​មាន​ប្រភព​ទុនថ្មីៗ បានផ្តល់​កម្ចី​ដល់​ប្រតិបត្តិ​ករ​ហិរញ្ញវត្ថុ​ខ្នាតតូច ដើម្បី​ត្រៀម​ផ្តល់​កម្ចី​ដល់​វិស័យ​ស្រូវ​អង្ករ ប៉ុន្តែ​ទុន​ទាំងនេះ​គឺ​នៅ​តិច​ណាស់ បើ​ធៀប​ទៅនឹង​តម្រូវការ​ប្រតិបត្តិការ​ជាក់ស្តែង។ កម្ចី​សម្រាប់​វិស័យ​កសិកម្ម​មាន​និន្នាការ​កើន​ឡើងជា​បន្តបន្ទាប់ ពិសេស​ពី​វិស័យ​ហិរញ្ញវត្ថុ​ឯកជន។ នេះ​បើតាម​មន្ត្រីជាន់ខ្ពស់​នៃ​ធនាគារជាតិ​នៃ​កម្ពុជា។

លោកជំទាវ នាវ ច័ន្ទ​ថា​ណា ទេសាភិបាលរង​ធនាគារជាតិ​នៃ​កម្ពុជា នាពេល​កន្លងមក បាន​លើកឡើងថា តាម​ការសង្កេត​តាមដាន ការផ្តល់​កម្ចី​ពី​ធនាគារពាណិជ្ជ និង​គ្រឹះស្ថាន​មីក្រូហិរញ្ញវត្ថុ កម្ចី​ដែល​បានផ្តល់​ដល់​វិស័យ​កសិកម្ម​ទាំងមូល​មាន​ទំហំ2.5ប៊ី​លាន​ដុល្លារ ដោយ​ក្នុងនោះ​ពី​គ្រឹះស្ថាន​មីក្រូហិរញ្ញវត្ថុ​មាន​ទំហំ 1ប៊ី​លាន​ដុល្លារ និង​ពី​ធនាគារពាណិជ្ជ​កម្ម​មាន​ទំហំ1.5ប៊ី​លាន​ដុល្លារ គិត​មក​ត្រឹម​ខែសីហា ឆ្នាំ2017។

លោកជំទាវ បាន​បន្តថា ជាមួយគ្នា​នៃ​ការផ្តល់​កម្ចី​ដែលមាន​ភាគរយ​ធំ​បែបនេះ ធនាគារជាតិ​នៃ​កម្ពុជា​ក៏បាន​លើកទឹកចិត្ត​ដល់​ប្រតិបត្តិ​ករ​ហិរញ្ញវត្ថុ​ឯកជន ពិនិត្យមើល​ក្នុងការ​បន្ធូរបន្ថយ​ល​ក្ខ​ខណ្ឌ​ក្នុងការ​ផ្តល់​កម្ចី​ដល់​ការទិញ​ស្រូវ ដោយ​មិនត្រូវ​ចាំតែ​តម្រូវ​លើ​ការដាក់​អចលនទ្រព្យ​បញ្ចាំ​នោះទេ តែ​ត្រូវ​ពិនិត្យ​លើ​អាជីវកម្ម​ជាក់ស្តែង។ ជាមួយ​ការ​បន្ធូរ​លក្ខខណ្ឌ​ខ្លះ ធនាគារ​ដែល​ផ្តល់ប្រាក់​កម្ចី​គួរតែ​តាមដាន​អ្នក​ខ្ចីប្រាក់​នោះ​ថា តើ​គាត់​ប្រាកដជា​យកប្រាក់​នោះ​ទៅ​ប្រកប​អាជីវកម្ម​ក្នុង​វិស័យ​ស្រូវ​អង្ករ​នេះ​ពិតប្រាកដ ឬទេ? ព្រោះ​កន្លងមក​មាន​អ្នកខ្លះ​អាច​យក​វិស័យនេះ​ដឹកមុខ តែ​ពេល​ទទួលបាន​កម្ចី បែរជា​យកទៅ​ប្រកបមុខរបរ​ផ្សេង​ទៅវិញ។

លោកជំទាវ បាន​ថ្លែងថា៖ “យើង​លើកទឹកចិត្ត​ឱ្យ​ផ្តល់​ប្រាក់កម្ចី​ក្នុង​វិស័យ​ស្រូវ​អង្ករ​នេះ ដោយ​ពិនិត្យមើល​លើ​អាជីវកម្ម​ជាក់ស្តែង​ជាជាង​ទ្រព្យ​បញ្ចាំ តែ​ត្រូវ​ពិនិត្យ​ឱ្យ​ដិតដល់​ថា គាត់​ខ្ចីប្រាក់​នេះ​យកទៅ​សម្រាប់តែ​ស្រូវ​អង្ករ​តែមួយ​មុខ​ទេ”៕

Leave a Reply

Your email address will not be published. Required fields are marked *