ក្រុមហ៊ុនមួយដែលមានដើមកំណើតពីភ្នាក់ងារហៅរថយន្តតាក់ស៊ីកំពុងរៀបផែនការដើម្បីផលិតរថយន្តអគ្គិសនី និងម៉ូតូអគ្គិសនី ក្នុងទ្រង់ទ្រាយធំនៅឥណ្ឌា។
យោងតាម Bloomberg ក្រុមហ៊ុន Ola Electric Mobility មានគម្រោងសាងសង់ «មជ្ឈមណ្ឌលរថយន្តអគ្គិសនីធំបំផុតលើលោក» ដោយមានទុនវិនិយោគ 76.1 ពាន់លានរូពី (ប្រហែល 918.3 ពាន់លានដុល្លារអាម៉េរិក)។
ក្នុងប្រកាសកាលពីពេលថ្មីៗនេះ Ola ឱ្យដឹងថា មជ្ឈមណ្ឌលនេះនឹងមានទំហំប្រហែល 809 ហិកតា នៅក្នុងរដ្ឋ Tamil Nadu ភាគខាងត្បូងប្រទេសឥណ្ឌា។ នេះនឹងក្លាយជាកន្លែងផលិតម៉ូតូអគ្គិសនី រថយន្តអគ្គិសនី និងថ្មផ្ទុកថាមពលសម្រាប់យានយន្តអគ្គិសនី។ ក្រៅពីនេះ មជ្ឈមណ្ឌលខាងលើក៏នឹងមានឧទ្យាន និងផ្ទះសម្រាប់កម្មករស្នាក់នៅផងដែរ។ ក្រុមហ៊ុនឥណ្ឌានេះគ្រោងនឹងផលិតទ្រង់ទ្រាយធំនូវថ្មផ្ទុកថាមពលសម្រាប់រថយន្តអគ្គិសនីចាប់ពីចុងឆ្នាំនេះ។
ក្រៅពី Ola នៅមានក្រុមហ៊ុន Reliance Industries របស់មហាសេដ្ឋី Mukesh Ambani និងក្រុមហ៊ុន Rajesh Exports ជាដើមក៏នឹងទទួលបានអត្ថប្រយោជន៍ទៅតាមកម្មវិធីដែលមានតម្លៃ 2.3 ពាន់លានដុល្លារអាម៉េរិករបស់រដ្ឋាភិបាលឥណ្ឌា ដើម្បីអភិវឌ្ឍថ្មផ្ទុកថាមពលទំនើប។
កាលពីឆ្នាំមុន Ola បានឱ្យដឹងថា ថ្មប្រភេទលីចូម (Lithium-ion) ដំបូងត្រូវបានអភិវឌ្ឍនៅក្នុងមជ្ឈមណ្ឌលផលិតថ្មរបស់ខ្លួននៅ Bengaluru ជាទីដែលក្រុមហ៊ុននេះបានវិនិយោគ 500 លានដុល្លារ។
លោក Bhavish Aggarwal ដែលជាស្ថាបនិកក្រុមហ៊ុន Ola បានបង្ហើបឱ្យដឹងពីគម្រោងចូលរួមក្នុងទីផ្សាររថយន្តអគ្គិសនីកាលពីដើមសប្ដាហ៍នេះ ដើម្បីប្រកួតប្រជែងជាមួយ Tata Group និង Hyundai Motor ឬ Tesla ជាដើម។
អ្នកជំនួញវ័យ 36 ឆ្នាំខាងលើថ្លែងថា Ola កំណត់គោលដៅបញ្ចេញរថយន្តអគ្គិសនីដំបូងនៅរដូវក្ដៅឆ្នាំក្រោយ និងមានតម្លៃក្រោម 50,000 ដុល្លារអាម៉េរិក/គ្រឿង៕