អ្នកដឹកនាំរឿងរបស់ «Titanic» បានទទួលស្គាល់ថា តួអង្គ Jack អាចនៅមានជីវិត បន្ទាប់ពីបានបង្កើតឡើងវិញនូវស្ថានការណ៍ដូចទៅនឹងឈុតឆាកក្នុងខ្សែភាពយន្ត។
យោងតាមទំព័រ Complex ការជជែកគ្នាអំពីការស្លាប់របស់ Jack បានអូសបន្លាយពេលពេញ 25 ឆ្នាំ ធ្វើឱ្យអ្នកដឹករឿង James Cameron ត្រូវចេញមុខបកស្រាយជាច្រើនលើក។ កាលពីឆ្នាំ 2019 លោក James បានប្រាប់ទំព័រ The Toronto Sun ថា ការស្លាប់របស់ Jack (សម្ដែងដោយ Leonardo DiCaprio) គឺជា «ជម្រើសសិល្បៈ» មិនទាន់ទងនឹងកត្តារូបវិទ្យាឡើយ។ «គាត់ត្រូវតែស្លាប់។ ដូចទៅនឹង Romeo និង Juliet។ នេះគឺជាភាពយន្តស្ដីពីស្នេហា ការលះបង់ និងការស្លាប់។ ស្នេហាត្រូវបានគណនាដោយការលះបង់» លោក James Cameron ថ្លែងដូច្នេះ។
ក្នុងឱកាសខួប 25 ឆ្នាំនៃការបង្ហាញវត្តមានរបស់ភាពយន្ត Titanic លោក James Cameron បានយល់ព្រមចូលរួមក្នុងការពិសោធអំពីឱកាសនៃការរស់រានមានជីវិតរបស់តួអង្គ Jack។ ដោយមានការចូលរួមរបស់ក្រុមអ្នកស្រាវជ្រាវអំពីឥទ្ធិពលនៃភាពត្រជាក់ទៅលើរាងកាយមនុស្ស ក្រុមផលិតភាពយន្តបានបង្កើតបន្ទះក្ដារអណ្ដែតដូចក្នុងរឿង Titanic និងជួលអ្នកសម្ដែងពីរនាក់ដែលមានអាយុ កម្ពស់ ទម្ងន់ និងស្លៀកពូកដូចទៅនឹង Jack និង Rose ហើយធ្វើត្រាប់តាមសកម្មភាព និងសម្ដីដូចក្នុងភាពយន្តនេះ។
ក្នុងការពិសោធដំបូង Jack និង Rose សុទ្ធតែនឹងត្រូវលិចក្នុងទឹក បើសិនឡើងលើបន្ទះក្ដារជាមួយគ្នា។ ក្នុងការពិសោធទីពីរ អ្នកទាំងពីរតោងបន្ទះក្ដារ និងបណ្ដែតខ្លួនមួយកំណាត់នៅលើផ្ទៃទឹក។ James Cameron យល់ថា វិធីនេះមិនអាចទៅរួច ព្រោះពួកគេអស់កម្លាំងទៅហើយក្រោយពីកប៉ាល់បានលិច។ ក្នុងការពិសោធទីបី Rose យកអាវពោងឱ្យ Jack ចំណែកនាងឡើងទៅលើបន្ទះក្ដារ ជួយឱ្យកំលោះនេះរស់បានច្រើនម៉ោងបន្ថែមទៀត។
«ស្ថានភាពរបស់កំលោះនេះនៅល្អ អាចរង់ចាំរហូតដល់ទូកសង្គ្រោះមកដល់។ Jack អាចរស់រានមានជីវិត។ ប៉ុន្តែនឹងនៅមានបញ្ហាជាច្រើនទៀតដែលអាចនឹងកើតឡើង» លោក James Cameron និយាយដូច្នេះ និងបន្តថា Jack អាចនឹងមិនព្រមទទួលយកអាវពោងពី Rose ព្រោះគិតថា «ខ្ញុំនឹងមិនធ្វើអ្វីដែលនាំឱ្យនាងជួបគ្រោះថ្នាក់»។ ក្រោយពីបានទទួលស្គាល់ថា Jack មានលទ្ធភាពអាចរស់រាន លោក James Cameron បញ្ជាក់ថា «ខ្ញុំគួរណាស់តែធ្វើបន្ទះក្ដារតូចជាងនេះ»។
ក្នុងកម្មវិធី podcast Happy Sad Confused កាលពីចុងឆ្នាំកន្លង ពិធីករ Josh Horowitz បាននិយាយដល់ស្ថានការណ៍ខាងលើជាមួយនឹងតារាសម្ដែង Kate Winslet ដែលបានសម្ដែងជាតួអង្គឯក Rose។ ដោយមានបទពិសោធន៍ច្រើនទាក់ទងនឹងកីឡាមុជទឹកសមុទ្រ ជិះស្គីលើរលកសមុទ្រ អ្នកស្រី Kate Winslet និយាយថា «បើសិនអ្នកដាក់មនុស្សពីរនាក់ឡើងលើបន្ទះក្ដារ វានឹងបាត់បង់តុល្យភាពភ្លាម។ … ខ្ញុំពិតជាមិនជឿថា អ្នកទាំងពីរនឹងនៅមានជីវិត បើសិនឡើងលើបន្ទះក្ដារនោះ។
ឈុតឆាកនៃការស្លាប់របស់តួអង្គ Jack បន្ទាប់ពីកប៉ាល់ Titanic បានលិច
នៅលើបណ្ដាញសង្គម Quora ប្រធានបទស្ដីពី «រឿងរ៉ាវអ្វីខ្លះនឹងកើតឡើងបើសិន Jack មិនស្លាប់ក្នុងហេតុការណ៍លិចកប៉ាល់ Titanic» បានទាក់ទាញមតិរាប់ពាន់លើក។ ទស្សនិកជនជាច្រើនស្រមៃថា គូស្នេហ៍នេះអាចបែកគ្នា ដោយសារ Rose រងសម្ពាធពីគ្រួសារ វណ្ណៈរបស់ពួកគេខុសគ្នាឆ្ងាយ ពិសេសគឺនៅពេល Jack ជាអ្នកក្រ មិនមានប្រាក់មួយសេននៅក្នុងថង់។ ចំណែកទស្សនិកជនខ្លះទៀតជឿថា Rose មិនគប់ខ្សែកដែលមានតម្លៃខ្ពស់ចូលទៅក្នុងសមុទ្រ ប៉ុន្តែពួកគេនឹងលក់វា ហើយអាចរស់នៅជាមួយគ្នា។ ទស្សនិកជនភាគច្រើនយល់ថា បើសិន Jack មិនស្លាប់ ខ្សែភាពយន្តនេះនឹងបាត់បង់អត្ថន័យមួយចំនួន៕