ភ្នំពេញ៖ បន្ទាប់ពីគម្រោងវារីអគ្គិសនី និងគម្រោងទម្លាក់ទឹកស្អាតពីលើកំពូលភ្នំកំចាយក្នុងខេត្តកំពតចាប់ផ្តើមសាងសង់មក ប្រជាពលរដ្ឋដែលរស់នៅក្នុងខេត្តចំនួន3 គឺខេត្តកំពត ខេត្តកែប និងខេត្តព្រះសីហនុបានរីករាយត្រេកអរ និងសាទរចំពោះគម្រោងនេះខ្លាំងណាស់ ព្រោះនឹងបានទឹកស្អាតប្រើប្រាស់គ្រប់ខ្នងផ្ទះ ប៉ុន្តែពួកគាត់ក៏មានការបារម្ភផងដែរថា តើទឹកស្អាតនោះនឹងមានតម្លៃទាបឬខ្ពស់? ហើយឥឡូវនេះ ដំណឹងនេះត្រូវបានបង្ហាញឱ្យដឹងច្បាស់ជាផ្លូវការហើយ។
ក្នុងពេលដឹកនាំគណៈប្រតិភូចុះទៅពិនិត្យមើលគម្រោងយកទឹកធ្លាក់ពីវារីអគ្គិសនីភ្នំកំចាយខេត្តកំពតរបស់ក្រុមហ៊ុនចិនឈ្មោះ China Energy Engineering Corporation Limited កាលពីពេលថ្មីៗនេះ ឯកឧត្តម ចម ប្រសិទ្ធ ទេសរដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងឧស្សាហកម្ម និងសិប្បកម្ម បានពិភាក្សាជាមួយតំណាងក្រុមហ៊ុន ដើម្បីកំណត់តម្លៃទឹកឱ្យបានទាបដើម្បីជាប្រយោជន៍ដល់ប្រជាពលរដ្ឋ ព្រោះក្រុមហ៊ុនទទួលបានដីសម្បទានពីរដ្ឋាភិបាលចំនួន 2 កន្លែងសម្រាប់កសាងរោងចក្រទឹកស្អាត ទីមួយគឺ អតីតព្រលានយន្តហោះខេត្តកំពត និងទីពីរ អតីតព្រលានយន្តហោះខេត្តកែបក្នុងការសាងសង់ទីតាំងក្រុមហ៊ុនដើម្បីផ្គត់ផ្គង់ទឹកស្អាតទៅដល់ប្រជាពលរដ្ឋ។
ជាលទ្ធផល ក្រោយពីបានសិក្សាសមិទ្ធលទ្ធភាពរបស់ក្រុមហ៊ុនចិនខាងលើរួចហើយ តម្លៃទឹកលក់ដុំកើនតម្លៃរហូតដល់ប្រមាណ 4ពាន់1រយរៀលក្នុងមួយម៉ែត្រគុប ជាតម្លៃដែលឯកឧត្តមចាត់ទុកថា ខ្ពស់ជាងតម្លៃទឹកលក់នាពេលបច្ចុប្បន្ន ខុសនឹងគោលនយោបាយរបស់រាជរដ្ឋាភិបាលដែលត្រូវធ្វើឱ្យទឹកមានតម្លៃថោកសមរម្យសម្រាប់ឱ្យប្រជាពលរដ្ឋអាចប្រើប្រាស់ទឹកស្អាតចេញពីបំពង់បង្ហូរបានគ្រប់ៗគ្នា។
សូមបញ្ជាក់ថា តាមគោលជំហររបស់ក្រសួងបើក្រុមហ៊ុនចិនទាំងពីរសហការគ្នាក្នុងការវិនិយោគពិតជាប្រសើរដើម្បីធ្វើយ៉ាងណាឱ្យទឹកស្អាតដែលផលិតចេញមកនោះមានតម្លៃថោកសមរម្យ គឺមានតម្លៃលក់ដុំត្រឹមតែ 1ពាន់រៀលក្នុងមួយម៉ែត្រគុបទើបអាចទទួលយកបាន។
តំណាងក្រុមហ៊ុន Sinohydro បានឯកភាពដោយនឹងពិភាក្សាគ្នាជាមួយក្រុមហ៊ុន China Energy Engineering Corporation Limited ដើម្បីរកចំណុចឯកភាពរួមមួយក្នុងការទម្លាក់តម្លៃឱ្យដល់1,000រៀលក្នុងមួយម៉ែត្រគុបនេះ៕