សេវាកម្មអ៊ីនធើណិតថ្មី Starlink អនុញ្ញាតឱ្យប្រើប្រាស់ដោយភ្ជាប់ជាមួយនឹងផ្កាយរណបនៅស្ទើរតែគ្រប់តំបន់លើពិភពលោក ដោយលក់ក្នុងតម្លៃ 200 ដុល្លារអាម៉េរិក/ខែ។
កាលពីថ្ងៃទី 20 កុម្ភៈ ក្រុមហ៊ុន SpaceX បានឱ្យដឹងថា ខ្លួនបានចាប់ផ្ដើមផ្គត់ផ្គង់សាកល្បងនូវប្រព័ន្ធអ៊ីនធើណិតក្នុងបណ្ដាតំបន់ដែល Starlink មិនទាន់ទៅដល់។ ក្រៅពីកញ្ចប់សេវាកម្មអ៊ីនធើណិតតម្លៃ 200 ដុល្លារ/ខែ អ្នកប្រើប្រាស់ក៏ត្រូវទិញឧបករណ៍ទទួលសញ្ញាអ៊ីនធើណិត Starlink Kit ដែលមានតម្លៃ 599 ដុល្លារអាម៉េរិក។
យោងតាម PCMag ក្រុមហ៊ុន SpaceX បានចាប់ផ្ដើមផ្ញើអ៊ីម៉េលទៅកាន់អតិថិជនគោលដៅដើម្បីអញ្ជើញឱ្យ ប្រើប្រាស់សាកល្បងសេវាអ៊ីនធើណិតថ្មីរបស់ពួកគេ។ ប៉ុន្តែបើយោងតាម The Verge ក្រុមហ៊ុនរបស់មហាសេដ្ឋីអាម៉េរិក Elon Musk មិនទាន់អធិប្បាយលំអិតអំពីអ្វីដែលពួកគេនឹងធ្វើនៅពេលផ្គត់ផ្គង់អ៊ីនធើណិតនៅទូទាំងពិភពលោកនៅឡើយ។ ចំណែកផ្កាយរណបជាច្រើនគ្រឿងរបស់ SpaceX ក៏កំពុងរង់ចាំទទួលលិខិតអនុញ្ញាតដើម្បីផ្គត់ផ្គង់សេវាកម្មនេះនៅក្នុងទីផ្សារផ្សេងៗ មានដូចជា ឥណ្ឌា និងប៉ាគីស្ថានជាដើម។
SpaceX ក៏បានឱ្យដឹងថា អ្នកប្រើប្រាស់អាចនឹងត្រូវបង់ពន្ធ ថ្លៃនាំចូលឧបករណ៍ Starlink Kit បន្ថែមពីលើថ្លៃសេវាអ៊ីនធើណិត និងថ្លៃឧបករណ៍ Starlink Kit នេះផងដែរ។
SpaceX កំពុងផ្គត់ផ្គង់សេវាអ៊ីនធើណិតជម្រើសប្ដូរតំបន់ជាមួយនឹងតម្លៃទាបជាង នោះគឺ Starlink RV ក្នុងនោះអ្នកប្រើប្រាស់ត្រូវចំណាយបន្ថែម 25 ដុល្លារ ក្រៅពីកញ្ចប់ថេរ 110 ដុល្លារ/ខែ។ ក៏ប៉ុន្តែ កញ្ចប់តម្លៃទាបនេះអនុញ្ញាតឱ្យប្រើប្រាស់តែនៅក្នុងប្រទេសដែលអតិថិជនកំពុងរស់នៅប៉ុណ្ណោះ។ ចំណែកកញ្ចប់ប្ដូរតំបន់ទូទាំងពិភពលោកគឺសម្រាប់អ្នកដែលផ្លាស់ទីឆ្លងប្រទេសជាញឹកញាប់ក្នុងរយៈពេលយូរ។
ដំណើរការរបស់ប្រព័ន្ធអ៊ីនធើណិត Starlink របស់ SpaceX
សម្រាប់បណ្ដាប្រទេសនៅក្នុងតំបន់អាស៊ីអាគ្នេយ៍ មានដូចជា ហ្វ៊ីលីពីន សិង្ហបុរី ម៉ាឡេស៊ី និងព្រុយណេ ជាដើម SpaceX គ្រោងនឹងផ្គត់ផ្គង់អ៊ីនធើណិតចាប់ពីឆ្នាំ 2023 នេះ។
យោងតាមគោលការណ៍ប្រទេសមួយចំនួន បើសិន SpaceX ចង់ផ្គត់ផ្គង់អ៊ីនធើណិតនៅប្រទេសណាមួយ ពួកគេនឹងត្រូវមានកិច្ចព្រមព្រៀងពាណិជ្ជកម្មជាមួយក្រុមហ៊ុនណាមួយដែលបានទទួលការអនុញ្ញាតឱ្យផ្ដល់សេវាទូរគមនាគមន៍ក្នុងប្រទេសនោះជាមុន រួមនឹងគោលការណ៍មួយចំនួនផ្សេងទៀត។
គិតត្រឹមពាក់កណ្ដាលឆ្នាំ 2022 SpaceX មានផ្កាយរណប Starlink ប្រហែល 3,500 គ្រឿងកំពុងដំណើរការនៅលើគន្លងគោចរផែនដី និងផ្គត់ផ្គង់អ៊ីនធើណិតដល់អ្នកប្រើប្រាស់ប្រហែល 500,000 នាក់នៅក្នុង 37 ប្រទេសលើពិភពលោក៕