ភាពយន្ត «Avatar 2» បំបែក​កំណត់ត្រា​ប្រាក់ចំណូល​របស់​ភាពយ​ន្ត «Titanic»

ខ្សែភាពយន្ត «Avatar 2» រកប្រាក់​ចំណូល​បាន 2.2433 ពាន់​លាន​ដុល្លារ​អាម៉េរិក ច្រើនជាង​ភាពយន្ត «Titanic» និង​ក្លាយជា​ភាពយន្ត​ដែល​រកបាន​ប្រាក់ចំណូល​ពី​ការលក់​សំបុត្រ​ចូល​ទស្សនា​ខ្ពស់​ជាងគេ​លំដាប់​ទី​បី​នៅ​គ្រប់​សម័យកាល។

កាលពី​ថ្ងៃទី 20 កុម្ភៈ Variety បាន​ផ្សាយ​ថា Avatar 2 ឬ Avatar: The Way of Water (អវតា៖ វិ​ថិ​មហាសាគរ) បាន​យកឈ្នះ​លើ Titanic (2.2428 ពាន់​លាន​ដុល្លារ) និង​បាន​ចូលមក​កាន់កាប់​តំណែង​លំដាប់​ទី​បី​ក្នុងចំណោម​ភាពយន្ត​ដែលមាន​ប្រាក់ចំណូល​ខ្ពស់បំផុត​ក្នុង​គ្រប់​សម័យកាល។ បច្ចុប្បន្ន ភាពយន្ត Avatar 2 កំពុង​តាម​ពីក្រោយ Avatar (2.92 ពាន់​លាន​ដុល្លារ) និង Avengers: Endgame (2.7 ពាន់​លាន​ដុល្លារ)។

លោក James Cameron បាន​ក្លាយជា​អ្នកដឹកនាំ​រឿង​ដែលមាន​ខ្សែភាពយន្ត​ចំនួន​បី​ក្នុងចំណោម​បួន​ដែលមាន​ឈ្មោះ​នៅក្នុង​បញ្ជី​ស្ដីពី​ភាពយន្ត​រកបាន​ប្រាក់ចំណូល​ខ្ពស់​ជាងគេ។

ខ្សែភាពយន្ត​ Avatar 2 ឬ Avatar: The Way of Water (អវតា៖ វិ​ថិ​មហាសាគរ)

ក្រុមហ៊ុន Disney បាន​ចំណាយ​ប្រាក់​ប្រហែល 460 លាន​ដុល្លារ​ដើម្បី​ផលិត និង​ឃោសនា​ឱ្យ​ខ្សែភាពយន្ត អវតា៖ វិ​ថិ​មហាសាគរ ធ្វើឱ្យ​វា​ក្លាយ​ជាមួយ​ក្នុងចំណោម​គម្រោង​ភាពយន្ត​ដែលមាន​ការចំណាយ​ខ្ពស់បំផុត​ក្នុង​ប្រវត្តិសាស្ត្រ។ លោក James Cameron ចំណាយពេល​ប្រហែល 13 ឆ្នាំ​ដើម្បី​អភិវឌ្ឍ និង​បង្ហើយ​ស្នាដៃ​របស់លោក។ Avatar 2 បានចាប់ផ្ដើម​បញ្ចាំង​នៅ​រោងភាពយន្ត​កាលពី​ខែធ្នូ 2022 និង​បាន​នាំមុខគេ​ក្នុង​បញ្ជរ​លក់​សំបុត្រ​នៅ​អាម៉េរិក​ខាងជើង​ក្នុង​រយៈពេល 10 សប្ដាហ៍​ជា​បន្តបន្ទាប់។

ខ្សែភាពយន្ត «Avatar 2» ដែលជា​វគ្គ​បន្ទាប់​រប​ស់ «Avatar» ផលិត​កាលពី​ឆ្នាំ 2009 និយាយ​អំពី Jake Sully (Sam Worthington) កសាង​គ្រួសារ​ថ្មី​នៅ Pandora។ ពួកគេ​រស់​ដោយ​សុភមង្គល​ជាមួយនឹង​កូន 4 នាក់ ក្នុងនោះ​មាន Kiri (Sigourney Weaver) ដែលជា​កូនស្រី​របស់​សព​បណ្ឌិត Grace Augustine។ ក៏ប៉ុន្តែ ជីវភាព​សុខសាន្ត​រប​ស់​ពួកគេ​មិនបាន​អូសបន្លាយ​ពេល​យូរ​ឡើយ នៅពេល​មនុស្ស​វិល​ត្រលប់​ទៅ​សងសឹក។

ខ្សែភាពយន្ត Titanic

ចំណែក Titanic វិញ គឺជា​ខ្សែភាពយន្ត​ដែល​ចាប់​បញ្ចាំង​លើកដំបូង​ក្នុង​ឆ្នាំ 1997។ ភាពយន្ត​នេះ​ត្រូវបាន​ផលិតឡើង​ដោយយោង​ទៅតាម​ហេតុការណ៍​លិច​កប៉ាល់​ទេសចរណ៍​មួយ​កាលពី​ឆ្នាំ 1912។ Titanic ទទួលបាន​ជោគជ័យ​ខ្លាំង​នៅឯ​បញ្ជរ​លក់​សំបុត្រ និង​ដណ្ដើមបាន​ពានរង្វាន់ Oscar ចំនួន 11។ គម្រោង​ភាពយន្ត​នេះ​ក៏​ត្រូវបាន​ដឹកនាំ​រឿង​ដោយ​ជនជាតិ​កាណាដា លោក James Cameron៕

Leave a Comment