រាជរដ្ឋាភិបាលអារ៉ាប៊ីសាអូឌីត ប្រកាសអំពីគម្រោងសាងសង់អគារកប់ពពកមួយដែលមានរាងជាគូប កម្ពស់ 400 ម៉ែត្រ ក្នុងមជ្ឈមណ្ឌល Murabba នៅរាជធានីរីយ៉ាដ និងមានឈ្មោះថា Mukaab។
តំបន់ Murabba ដែលមានទំហំ 19 គីឡូម៉ែត្រក្រឡា នឹងក្លាយជាមជ្ឈមណ្ឌលថ្មីរបស់រាជធានីរីយ៉ាដ។ តំបន់នេះនឹងត្រូវអភិវឌ្ឍជុំវិញអគារ Mukaab ដែលជាស្ថាបត្យកម្មធំជាងគេបំផុតមួយរបស់ពិភពលោក។ អគារ Mukaab មានកម្ពស់ 400 ម៉ែត្រ និងបណ្ដោយ ឬទទឹងប្រវែង 400 ម៉ែត្រ។ យោងតាម Dezeen នេះគឺជាអគារខ្ពស់ជាងគេបង្អស់នៅក្នុងទីក្រុង និងអាចដាក់មនុស្សបានរាប់សែននាក់។
អគារមានរូបរាងជាគូបនេះនឹងបិទជិតមួយផ្នែក ដែលរួមមានរូបរាងត្រីកោណជាច្រើនត្រូវបានតម្រួតលើគ្នា។ អគារនេះនឹងមានលំហមិនមានជាន់រហូតដល់កំពូល ហើយខាងក្នុងមានអគារមួយដែលមានរាងដូចគូទខ្យង។
រាជទាយាទ Mohammed bin Salman របស់អារ៉ាប៊ីសាអូឌីតប្រកាសបង្កើតក្រុមហ៊ុន New Murabba Development ដើម្បីកែប្រែតំបន់កណ្ដាលរាជធានីរីយ៉ាដ តាមរយៈការសាងសង់អគារខាងលើដែលនឹងនាំមកនូវបទពិសោធន៍រស់នៅ ធ្វើការ និងកំសាន្តយ៉ាងពិសេស។ គម្រោងនេះនឹងផ្ដោតលើស្ថិរភាព ដោយមានតំបន់បៃតង ផ្លូវសម្រាប់ថ្មើរជើង និងជិះគង់ ក្នុងបំណងជួយលើកកម្ពស់គុណភាពជីវិត។ តំបន់ Murabba នឹងមានសារមន្ទីរ សាលាមហាវិទ្យាល័យផ្នែកបច្ចេកវិទ្យានិងស្ថាបត្យកម្ម សាលមហោស្រព ទីតាំងកំសាន្ត និងទីតាំងវប្បធម៌ជាង 80 កន្លែង។
គម្រោងសាងសង់អគារកប់ពពក Mukaab ដែលមានរាងជាគូប កម្ពស់ 400 ម៉ែត្រ នៅរាជធានីរីយ៉ាដ
Murabba នឹងមានផ្ទៃរបស់ជាន់នានាសរុបជាង 25 លានម៉ែត្រក្រឡា ដោយមានមនុស្សរស់នៅចំនួន 104,000 គ្រួសារ, មានបន្ទប់សណ្ឋាគារចំនួន 9,000, កន្លែងលក់រាយមានទំហំសរុប 980,000 ម៉ែទ្រក្រឡា, ការិយាល័យ 1.4 លានម៉ែត្រក្រឡា, ទីតាំងកំសាន្ត 620,000 ម៉ែត្រក្រឡា និងសហគមន៍មូលដ្ឋាន 1.8 លានម៉ែត្រក្រឡា។ គម្រោង Murabba នឹងមានប្រព័ន្ធចរាចរណ៍ក្នុងក្រុង និងមានចម្ងាយពីព្រលានយន្តតែ 20 នាទីប៉ុណ្ណោះ នៅពេលជិះឡាន។ តាមការគណនា គម្រោងនេះនឹងបង្កើតបានការងារថ្មីចំនួន 334,000 កន្លែងនៅពេលសាងសង់រួចរាល់នៅឆ្នាំ 3030៕