តំណាង​ក្រុមហ៊ុន​ថា Haaland របស់ Man City មានតម្លៃ​ខ្លួន «មួយ​ពាន់​លាន​ដុល្លារ​អាម៉េរិក»

Rafaela Pimenta តំណាង​របស់​កីឡាករ Erling Haaland ជឿថា ថ្ងៃ​ដែល​ខ្សែប្រយុទ្ធ​ជនជាតិ​ន័​រ​វែ​សមាន​តម្លៃ​មួយ​ពាន់​លាន​ដុល្លារ​អាម៉េរិក ជិត​មកដល់។

«Erling Haaland មានតម្លៃ​មួយ​ពាន់​លាន​ដុល្លារ​អាម៉េរិក។ ខ្ញុំ​មិន​សន្និដ្ឋាន ប៉ុន្តែ​ខ្ញុំ​ប្រាកដ​ជាមួយនឹង​តួលេខ​នេះ។ អ្នកផ្សេង​អាច​គិតថា ខ្ញុំ​និយាយ​ផ្ដាស ហើយ​យល់ថា មិនមាន​ក្លឹប​ណាមួយ​ហ៊ាន​ចំណាយ​ទឹកប្រាក់​នោះ។ ក៏ប៉ុន្តែ កត្តា​អាយុ សមត្ថភាព ការអភិវឌ្ឍ​ខ្លួន និង​អាកប្បកិរិយា ខ្ញុំ​កំណត់​តម្លៃ​ខ្លួន​របស់​កីឡាករ​នេះ​រហូតដល់​មួយ​ពាន់​លាន​ដុល្លារ​អាម៉េរិក។ ពុំមាន​អ្នកណាម្នាក់​ដឹង​មុន​អំពី​អនាគត ប៉ុន្តែ​ថ្ងៃនោះ​នឹង​មកដល់» Pimenta និយាយ​កាលពី​ថ្ងៃទី 20 កុម្ភៈ ក្នុង​កម្មវិធី Telefoot របស់​ទូរទស្សន៍ TF1 ដូច្នេះ។

Pimenta ចូលមក​ជំនួស Mino Raiola ក្នុងការ​គ្រប់គ្រង​ក្រុមហ៊ុន​តំណាង​កីឡាករ One បន្ទាប់ពី​ភ្នាក់ងារ​បាល់ទាត់​អ៊ីតាលី បានទទួល​មរណភាព​កាលពី​ឆ្នាំ​កន្លង។ នេះ​គឺជា​ក្រុមហ៊ុន​គ្រប់គ្រង Haaland និង​កីឡាករល្បីៗជាច្រើនរូប​ទៀត មានដូចជា Marco Verratti, Paul Pogba, Zlatan Ibrahimovic ឬ Gianluigi Donnarumma ជាដើម។ល។ បើ​គិត​អំពី​តម្លៃ​ទិញដូរ Haaland គឺជា​កីឡាករ​មានតម្លៃ​ជាងគេ​ដែល Pimenta កំពុង​គ្រប់គ្រង។

កាលពី​រដូវក្ដៅ​ឆ្នាំ​កន្លង Manchester City ចំណាយ​តែ 63 លាន​ដុល្លារ​ប៉ុន្តែ ក្នុង​ការទិញ Haaland។ ប៉ុន្តែ ក្លឹប​ម្ចាស់​កីឡដ្ឋាន Etihad បានធ្វើឱ្យ​កីឡាករ​វ័យ 22 ឆ្នាំ​រូបនេះ ទៅជា​ខ្សែប្រយុទ្ធ​ដែល​ទទួលបាន​អត្ថប្រយោជន៍​ច្រើនជាងគេ​នៅ​លី​គ​កំពូល​អង់គ្លេស ដោយ​ប្រាក់ចំណូល​បាន​ពី​បៀវត្សរ៍ និង​រង្វាន់​ឡើងដល់​ជិត​មួយ​លាន​ដុល្លារ​អាម៉េរិក/សប្ដាហ៍។

ទិដ្ឋភាព​នៃការ​ស៊ុតបញ្ចូល​ទីរបស់កីឡាករ​ Erling Haaland

Haaland ក៏បាន​បង្ហាញ​អំពី​តម្លៃ​របស់ខ្លួន បន្ទាប់ពី​បាន​ទៅ​រួមរស់​ជាមួយ Man City។ កីឡាករ​នេះ​រកបាន 32 គ្រាប់​នៅក្នុង​ការប្រកួត​នានា ក្នុងនោះ​មាន 26 គ្រាប់​នៅ English Premier League និង 5 គ្រាប់​នៅ Champions League។

យោងតាម​អ្នកស្រី Pimenta តម្លៃ​ខ្លួន​របស់​កីឡាករ​នឹង​បន្ត​កើនឡើង​នាពេល​អនាគត។ ដូច្នេះ អ្នកជំនួញ​ជនជាតិ​ប្រេ​ស៊ី​ល​រូបនេះ​ជឿថា Haaland អាច​បំបែក​ឯតទគ្គ​កម្ម​តម្លៃ​ទិញដូរ​កីឡាករ បើសិន​ចាក​ចេញពី Man City។ បច្ចុប្បន្ន កំណត់ត្រា​ស្តីពី​តម្លៃ​ទិញដូរ​កីឡាករ​បាល់ទាត់​លើ​ពិភពលោក នៅតែ​ជា​របស់ Neymar ដោយ PSG បាន​ចំណាយ 263 លាន​ដុល្លារ​អាម៉េរិក ក្នុង​ការទិញ​កីឡាករ​នេះ​ពី Barca កាលពី​រដូវក្ដៅ​ឆ្នាំ 2017៕

Leave a Comment