មិនត្រឹមតែចង់ចាកចេញពីក្លឹប PSG ទៅកាន់គោលដៅក្នុងក្ដីស្រមៃនោះទេ ប៉ុន្តែខ្សែប្រយុទ្ធ Kylian Mbappe ថែមទាំងចង់អូសសហការីស្និទ្ធស្នាលមួយរូបនៅបារីសទៅជាមួយខ្លួនទៀតផង។
កាលពីរដូវក្ដៅឆ្នាំមុន Mbappe បង្កឱ្យមានការកក្រើនវិស័យបាល់ទាត់នៅពេលបោះបង់ឱកាសទាត់ឱ្យ Real Madrid ដើម្បីនៅជាមួយ PSG។ ប៉ុន្តែនេះមិនមែនមានន័យថា Mbappe និង Real Madrid បានផ្ដាច់ទំនាក់ទំនងឡើយ។
យោងតាម Football Espana កំពូលតារាបាល់ទាត់បារាំង Mbappe ចង់ទៅកាន់ Real Madrid នៅរដូវក្ដៅឆ្នាំនេះ ដោយហេតុថា ស្ថានការណ៍នៅ PSG ពេលនេះមានអស្ថិរភាព ក្នុងនោះមានទាំងបញ្ហាផ្ទៃក្នុង លទ្ធផលនៃការប្រកួតមិនល្អ បរាជ័យក្នុងផែនការទិញដូរកីឡាករជាដើម។ បញ្ហាទាំងនេះបានធ្វើឱ្យ Mbappe មានការសង្ស័យអំពីលទ្ធភាពដែលគាត់អាចរីកចម្រើន បើសិនបន្តនៅជាមួយ PSG។
ខ្សែប្រយុទ្ធវ័យ 24 ឆ្នាំរូបនេះយល់ថា មានតែទៅចូលរួមជាមួយ Real Madrid នោះទេ ទើបគាត់អាចឆ្ពោះទៅក្បែរពានរង្វាន់ Champions League និងគ្រាប់បាល់មាស។
ក៏ប៉ុន្តែ Mbappe នឹងមិនចង់ចាកចេញទៅម្នាក់ឯងឡើយ។ យោងតាម Football Espana ដដែល កីឡាករនេះនឹងអូសទាញមិត្តជិតស្និទ្ធរបស់ខ្លួនគឺ Achraf Hakimi ទៅជាមួយ។
កីឡាករ Achraf Hakimi ជាជនជាតិម៉ារ៉ុក និងត្រូវបានបណ្ដុះបណ្ដាលពីក្លឹប Los Blancos (Real Madrid) និងបានឡើងដល់ក្រុមទីមួយក្នុងឆ្នាំ 2017 មុនពេលទៅកាន់ Dortmund និង Inter។
ការដែលមាន Hakimi ទៅជាមួយនៅពេលលេងឱ្យ Real នឹងជួយឱ្យ Mbappe សម្របខ្លួននឹងជីវភាពនៅអេស្ប៉ាញបានឆាប់រហ័ស។ ជាងនេះទៀត Real ក៏ត្រូវបានគេជឿថា កំពុងស្វែងរកខ្សែការពារម្នាក់ដើម្បីជំនួស Dani Carvajal ខណៈដែល Hakimi ក៏ត្រូវបានទាក់ទងឡើងវិញ។
ការទិញដូរកីឡាករដ៏ធំខាងលើនេះពិតជាអាចកើតឡើងនៅក្នុងរដូវក្ដៅឆ្នាំនេះ ដោយតម្លៃសរុបអាចឡើងដល់ 250 លានអឺរ៉ូ (180 លានសម្រាប់ Mbappe និង 70 លានសម្រាប់ Hakimi)៕