ការ​ទិញ​ក្លឹប Man United៖ មហាសេដ្ឋី​កាតាទទួល​បានការ​គាំទ្រ​ពី Bank of America 

ប្រធាន​ធនាគារ​អ៊ីស្លាម​កាតា ទទួលបាន​ការគាំទ្រ​បន្ថែម​ពី Bank of America នៅក្នុង​ការដណ្ដើម​ទិញ​ក្លឹប​បាល់ទាត់ Manchester United។

យោងតាម Bloomberg ធនាគារ Bank of America ត្រូវបាន​ជ្រើសរើស​ជា​ស្ថាប័ន​គាំទ្រ ទីប្រឹក្សា​របស់លោក Sheikh Jassim Bin Hamad Al Thani ជា​អ្នកវិនិយោគ​ដែល​បានស្នើ​ទិញ​ក្លឹប Man United កាលពីពេលថ្មីៗនេះ។

លោក Sheikh Jassim Bin Hamad Al Thani គឺជា​កូនប្រុស​របស់​អតីត​នាយករដ្ឋមន្ត្រី​កាតា Hamad bin Jassim bin Jaber Al Thani។ តំណាង​អ្នកនាំពាក្យ​របស់លោក Sheikh Jassim Bin Hamad Al Thani បានបញ្ជាក់​អំពី​ការជ្រើសរើស Bank of America ធ្វើជា​ទីប្រឹក្សា គាំទ្រ​ដល់​លោក Sheikh Jassim ក្នុងការ​ទិញដូរ​ខាងលើ។

លោក Sheikh Jassim បច្ចុប្បន្ន​ជា​ប្រធាន​ធនាគារ​អ៊ីស្លាម​កាតា និង​ជា​អតីត​សមាជិក​ក្រុមប្រឹក្សាភិបាល​របស់ Credit Suisse Group AG។ មុននេះ លោក Sheikh Jassim បានស្នើ​ទិញ​ក្លឹប MU ក្នុងតម្លៃ​ប្រហែល 5 ពាន់​លាន​ផោន (ប្រហែល 6 ពាន់​លាន​ដុល្លារ​អាម៉េរិក)។

ក្នុងការ​ដណ្ដើម​ទិញ MU លោក Sheikh Jassim នឹងត្រូវ​ប្រកួតប្រជែង​ជាមួយ​មហាសេដ្ឋី Jim Ratcliffe ដែល​ទទួលបាន​ការគាំទ្រ​ពី​ធនាគារ Goldman Sachs៕

Leave a Comment