«Ant-Man and the Wasp: Quantumania» (Ant-Man 3) ត្រូវបានប្រដូចទៅនឹងកំណែ «Star Wars» របស់ពិភពភាពយន្ត Marvel។
ស្នាដៃភាពយន្តនេះគឺជាវគ្គដោយឡែកទីបីស្ដីពីកំពូលវីរបុរសមនុស្សស្រមោចរបស់ Marvel បន្ទាប់ពីជោគជ័យផ្នែកហិរញ្ញវត្ថុរបស់វគ្គ Ant-Man (2015) និង Ant-Man and the Wasp (2018)។ សាច់រឿងក្នុងខ្សែភាពយន្តដែលយកតាមទិដ្ឋភាពក្រោយមហាសង្គ្រាមជាមួយ Thanos ក្នុងរឿង Avengers: Endgame (2019) Scott Lang (សម្ដែងដោយ Paul Rudd) បណ្ដែតបណ្ដោយការងារជាមហាវីរបុរស ហើយផ្ដោតលើការអភិវឌ្ឍអាជីពសរសេរសៀវភៅ និយាយអំពីស្នាដៃរបស់ខ្លួនក្នុងអតីតកាល។ ចំណែក Cassie ដែលជាកូនស្រីរបស់គាត់ ក្លាយជាសកម្មជនសង្គមដែលជួបបញ្ហាជាញឹកញាប់។
ក្នុងពេលមួយដែលបានទៅជួបកូនស្រី Scott Lang ក៏បានដឹងថា Cassie កំពុងអភិវឌ្ឍឧបករណ៍មួយដែលអាចតភ្ជាប់ជាមួយនឹងពិភពល្អិត Quantum Realm។ ក្នុងពេលនោះ បញ្ហាមួយបានកើតឡើង និងធ្វើឱ្យក្រុម Scott Lang, Cassie, Hope, ប្ដីប្រពន្ធ Hank – Janet (ឪពុកម្ដាយរបស់ Hope) ធ្លាក់ទៅក្នុងពិភពល្អិតរបស់ ចក្រវាលភាពយន្ត Marvel (Marvel Cinematic Universe)។ ពួកគេត្រូវបានបំបែកជាពីរក្រុម។ ឪពុក និងកូនមនុស្សស្រមោចត្រូវបានអ្នកស្រុកមួយក្រុមចាប់យកទៅសួរចម្លើយ។ ចំណែក Janet (អ្នកដែលធ្លាប់បានជាប់គាំងច្រើនឆ្នាំក្នុងពិភពល្អិត Quantum Realm) នាំស្វាមី និងកូន Hope ស្វែងរកមិត្តចាស់នៅទីនេះដើម្បីសុំជំនួយ។
«Ant-Man 3» ពង្រីកចក្រវាលភាពយន្ត Marvel នាំទស្សនិកជនទៅកាន់ពិភពល្អិត ជាតំបន់ដែលមិនទាន់ត្រូវបានបង្ហាញច្រើនក្នុងវគ្គមុនៗ។
នេះគឺជាពិភពដោយឡែកដែលមានសត្វ និងអរិយធម៌ច្រើនប្រភេទ។ ក៏ប៉ុន្តែ គ្រប់យ៉ាងបានកែប្រែនៅពេលកំណែមួយរបស់ Kang the Conqueror (សម្ដែងដោយ Janathan Majors) ត្រូវបាននិរទេសមកដល់ទីនេះ។ ជននេះបានយកកម្លាំងមកវិញបន្តិចម្ដងៗ និងដណ្ដើមបានពិភពល្អិតទាំងមូល ហើយរង់ចាំត្រលប់ទៅកាន់ពិភពធម្មតាដើម្បីបន្តសង្គ្រាមឈ្លានពាន បំផ្លាញពេលវេលា។
ឈុតដកស្រង់សំខាន់ៗរបស់ខ្សែភាពយន្តរឿង Ant-Man and the Wasp: Quantumania (Ant-Man 3)
Kang អាចផ្លាស់ទីទៅកាន់បន្ទាត់ពេលវេលាផ្សេងៗគ្នាដើម្បីបង្កើតឡើងវិញនូវផែនការគ្រប់គ្រងពិភពលោករបស់ខ្លួន។ តួអង្គនេះបានបង្ហាញខ្លួនលើកដំបូងក្នុងអេក្រង់ទូរទស្សន៍នៅក្នុងរដូវទីមួយ ស៊េរី Loki (2021) ដែលសម្ដែងដោយ Jonathan Majors។ Kang ក៏គ្រោងនឹងបង្ហាញខ្លួនជាថ្មីនៅក្នុងវគ្គ Avengers: The Kang Dynasty (2025) និង Avengers: Secret Wars (2026)។ Kang ប្រហែលនឹងក្លាយជាតួអង្គអាក្រក់សំខាន់បំផុតរបស់ Marvel Cinematic Universe (MCU) នៅក្នុងដំណាក់កាលបន្ទាប់ ក្រោយពីការចាកចេញរបស់ Thanos។
វត្តមានរបស់ Kang និងតំបន់ Quantum Realm គឺជាទិដ្ឋភាពទាក់ទាញបំផុតសម្រាប់អ្នកគាំទ្ររបស់ Marvel នៅក្នុងរឿង Ant-Man and the Wasp: Quantumania (Ant-Man 3)។ Ant-Man 3 ខ្សែភាពយន្តនេះក្លាយជាគ្រឹះសំខាន់ដើម្បីអភិវឌ្ឍសាច់រឿងរបស់យីហោភាពយន្តនេះ ហើយក៏ជាស្នាដៃដំបូងនៅក្នុងដំណាក់កាលទី 5 របស់ MCU។
ទិដ្ឋភាពប្រយុទ្ធរវាងក្រុម Scott Lang និងក្រុមកំណាច Kang ត្រូវបានទំព័រសារព័ត៌មានភាពយន្ត Variety និង Rotten Tomatoes ជាដើម បញ្ចេញមតិថា ធ្វើឱ្យទស្សនិកជនស្រមៃដល់ខ្សែភាពយន្តមួយចំនួនរបស់យីហោ Star Wars។
ក៏ប៉ុន្តែ «Ant-Man and the Wasp: Quantumania» ទទួលបានពិន្ទុ «ស្រស់» ត្រឹម 48% ប៉ុណ្ណោះ ក្នុងចំណោមអត្ថបទវាយតម្លៃចំនួន 289 នេះបើតាម Rotten Tomatoes។ ទំព័រ BBC បានហៅ Ant-Man 3 ថាជាគម្រោងអន់បំផុតរបស់ Marvel គិតត្រឹមបច្ចុប្បន្ន។ យ៉ាងណាក៏ដោយ ខ្សែភាពយន្តនេះក៏ទទួលបានការសរសើរច្រើនផងដែរ ពិសេសគឺតារាសម្ដែងជាតួអង្គចិត្តអាក្រក់ Janathan Majors៕