(បារាំង)- Lionel Messi យកឈ្នះលើគេឯងចំពោះគ្រាប់បាល់ឈ្នះពីការទាត់បាល់ពិន័យសេរី (Free Kick) និងស៊ុតបាល់ពីចម្ងាយនៅអឺរ៉ុប ក្នុងអំឡុងប្រហែល 6 ខែកន្លង ដោយថ្វីជើងដ៏អស្ចារ្យកាលពីថ្ងៃទី 19 កុម្ភៈ 2023។
នាទីទី 5 នៃការថែមម៉ោងក្នុងតង់ទីពីរពេលប្រកួតជាមួយ Lille នៅក្នុងវគ្គ 24 Ligue 1 កីឡាករ Messi ទាត់បាល់ពិន័យចម្ងាយប្រហែល 20 ម៉ែត្រ ហើយបាល់ក៏ហោះចំបង្គោល និងខ្ទាតចូលទី ជួយឱ្យក្លឹប PSG ឈ្នះ 4-3។ នេះគឺជាគ្រាប់បាល់ទី 61 របស់ Messi ដែលរកបានពីការទាត់បាល់ពិន័យសេរី (Free Kick) នៅក្នុងអាជីព ហើយក៏ជាកីឡាករទី 8 ដែលធ្វើបានដូច្នេះ បន្ទាប់ពី Juninho, Pele, Victor Legrottaglie, Ronaldinho, David Beckham, Diego Maradona និង Zico។ ប៉ុន្តែ Messi នៅតែចាញ់ឯតទគ្គកម្មរបស់ Juninho រហូតដល់ 16 គ្រាប់។
ចាប់តាំងពីខែមករា 2016 Messi រកបាន 27 គ្រាប់ពីការទាត់បាល់ពិន័យសេរី (Free Kick) ហើយនេះគឺជាតួលេខច្រើនជាងគេនៅពានរង្វាន់លំដាប់កំពូលទាំង 5 នៅអឺរ៉ុប។ Messi រកបានគ្រាប់បាល់នេះច្រើនជាងឆ្ងាយធៀបនឹងកីឡាករលំដាប់ទីពីរគឺ James Ward-Prowse ដែលរកបាន 17 គ្រាប់ឱ្យ Southampton នៅក្នុងដំណាក់កាលខាងលើ។
រាប់ចាប់ពីរដូវបាល់ទាត់ឆ្នាំ 2017-2018 Messi ក៏រកបាន 40 គ្រាប់ដោយការទាត់ពីខាងក្រៅតំបន់គ្រោះថ្នាក់នៅក្នុង 5 ពានរង្វាន់ធំៗនៅអឺរ៉ុប ច្រើនជាងទ្វេដងធៀបនឹងកីឡាករលំដាប់ទីពីរ Kevin de Bruyne។
https://www.youtube.com/watch?v=4MFQi59s1Wk
PSG យកឈ្នះលើ Lille 4-3 កាលពីថ្ងៃទី 19 កុម្ភៈ 2023
បើគិតត្រឹមតែពានរង្វាន់ជើងឯកថ្នាក់ជាតិ ក្នុងអាជីព Messi រកបាន 41 គ្រាប់ពីការទាត់បាល់ពិន័យ 450 លើក ដែលស្មើនឹងអត្រា 9.1%។ អត្រានេះរបស់ Cristiano Ronaldo គឺត្រឹមតែ 6.2% ប៉ុណ្ណោះ ដោយរកបាន 33 គ្រាប់ពីការទាត់បាល់ពិន័យ 532 គ្រាប់។ នៅក្នុងអាជីពរបស់ខ្លួន Ronaldo រកបាន 58 គ្រាប់ពីការទាត់បាល់ពិន័យ។
«Messi ទាត់បាល់ពិន័យបានល្អជាងគេលើពិភពលោក។ ខ្ញុំមិនភ្ញាក់ផ្អើលទេ នៅពេលគាត់ទាត់ចូលទី» គ្រូបង្វឹក Paulo Fonseca របស់ក្លឹបបារាំង Lille ថ្លែងដូច្នេះបន្ទាប់ពីការប្រកួតចាញ់ PSG កាលពីថ្ងៃទី 19 កុម្ភៈ៕