Adolf Dassler បានបោះបង់មុខរបរធ្វើនំដើម្បីវិលទៅរកមុខរបរដេរស្បែកជើងរបស់គ្រួសារ និងបានដឹកនាំ Adidas ឆ្លងកាត់ការលំបាកធំៗរបស់សេដ្ឋកិច្ចអាល្លឺម៉ង់ បន្ទាប់ពីសង្គ្រាមលោកផ្ទុះឡើង និងបញ្ចប់។
Adidas គឺជាយីហោផលិតផលកីឡាលំដាប់កំពូលរបស់ពិភពលោក និងមានលក់ស្បែកជើងដែលស្ថិតក្នុងប្រភេទប្រណិត និងថ្លៃបំផុតលើពិភពលោក។ យោងតាមក្រុមហ៊ុន Macro Trends តម្លៃមូលធនទីផ្សាររបស់ Adidas គិតត្រឹមខែមករា 2023 គឺ 30 ពាន់លានដុល្លារអាម៉េរិក។ ក៏ប៉ុន្តែ មុនពេលបានក្លាយជាក្រុមហ៊ុនជោគជ័យដូចសព្វថ្ងៃ Adidas ដំបូងឡើយគ្រាន់តែជារោងជាងស្បែកជើងដ៏តូចមួយប៉ុណ្ណោះនៅក្នុងបន្ទប់បោកខោអាវរបស់គ្រួសារ។
Adidas ត្រូវបានបង្កើតឡើងដោយ Adolf Dassler។ Adolf កើតឆ្នាំ 1900 នៅទីរួមស្រុក Herzogenaurach (ប្រទេសអាល្លឺម៉ង់) នៅក្នុងគ្រួសារក្រីក្រមួយដែលមានកូន 4 នាក់ ដែលមានឪពុកជាជាងដេរស្បែកជើង និងម្ដាយជាអ្នកបោកអ៊ុតខោអាវ។ ក្រោយពីបានបញ្ចប់មធ្យមសិក្សា Adolf ក៏រៀនធ្វើនំទៅតាមបំណងរបស់ឪពុក។ ប៉ុន្តែ ដោយសារការធ្វើនំមិនមែនជាចំណូលចិត្ត ដូច្នេះ Adolf ក៏វិលទៅរៀនដេរស្បែកជើង។
ក្រៅពីការងារដេរស្បែកជើង Adolf ក៏ចូលចិត្តលេងកីឡាមួយចំនួន មានដូចជា បាល់ទាត់ និងវាយបុកជាដើម។ ប្រការនេះធ្វើឱ្យគាត់រកឃើញគន្លឹះមួយដែលក្រោយមកបានជួយឱ្យ Adidas ទទួលបានជោគជ័យ នោះគឺ «កីឡាករពេលនោះសុទ្ធតែពាក់ស្បែកជើងមួយប្រភេទដូចគ្នា។ Adolf យល់ថា បើសិនគេធ្វើស្បែកជើងទៅតាមប្រភេទកីឡានីមួយៗ អ្នកពាក់នឹងមានប្រៀបជាងមុន»។
ឆ្នាំ 1919 Adolf បានកែប្រែកន្លែងបោកអ៊ុតខោអាវនៅក្រោយផ្ទះឱ្យទៅជាកន្លែងដេរស្បែកជើង។ គាត់ក៏រកបានប្រាក់ពីការជួសជុលស្បែកជើងឱ្យអ្នកភូមិ។ ប្រការនេះក៏ជួយឱ្យគាត់មានពេលច្រើនសម្រាប់ច្នៃ និងផលិតស្បែកជើងទៅតាមក្ដីស្រមៃប្រកបដោយការច្នៃប្រឌិតរបស់គាត់។
ឆ្នាំ 1942 Adolf និងបងប្រុសរបស់គាត់ក៏បានសហការគ្នាបើកក្រុមហ៊ុនមួយដែលដាក់ឈ្មោះថា Dassler Brothers Shoe Factory។ ឆ្នាំ 1929 ពួកគេបានរើរោងចក្រដេរស្បែកជើងទៅកាន់ទីតាំងថ្មី។ នៅទីនេះ ពួកគេផលិតស្បែកជើងរាប់រយគូជារៀងរាល់ថ្ងៃ។ ទំហំរបស់រោងចក្រក៏ចេះតែធំឡើង។ Adolf ក៏ចូលរួមព្រឹត្តិការណ៍កីឡាជាហូរហែ និងបង្កើតបានទំនាក់ទំនងល្អ និងកិច្ចសហការជាមួយកីឡាករ ក៏ដូចជាក្លឹបកីឡានានានៅក្នុងស្រុក និងបរទេស។ កិច្ចការនេះក៏ចេះតែត្រូវបានធ្វើឡើង និងពង្រីកវិសាលភាពជាបន្តបន្ទាប់។
ឆ្នាំ 1949 Adolf បង្កើតក្រុមហ៊ុន Adidas ដោយយកតាមឈ្មោះខ្លួនឯង គឺ Adolf (Adi) និង Dassler (das) បន្ទាប់ពីបានចែកក្រុមហ៊ុនរួម Dassler Brothers Shoe Factory ជាមួយបងប្រុស ម្នាក់ពាក់កណ្ដាល។
ក្នុងសង្គ្រាមលោកលើកទីពីរដែលកំពុងកើតឡើង Adolf ត្រូវដឹកនាំក្រុមហ៊ុនដោយការច្នៃប្រឌិត និងស្មារតីរកស៊ីដំណាក់កាលដំបូង។ Adolf បានប្រើប្រាស់ទំនាក់ទំនងដែលមានស្រាប់របស់ខ្លួនដើម្បីរកដៃគូសហការដែលអាចផ្គត់ផ្គង់វត្ថុធាតុសំណល់ពីសង្គ្រាម។ Adolf ក៏រកបានពាណិជ្ជសញ្ញាសម្រាប់ផលិតផលរបស់ខ្លួន ដែលមានរហូតដល់បច្ចុប្បន្ន។
Adolf ត្រូវបានគេជឿថាជាមនុស្សព្យាយាម តស៊ូនឹងការងារ។ ឆ្នាំអាយុ 50 Adolf នៅតែលេងកីឡាមួយចំនួនដើម្បីតាមដាននិន្នាការប្រើប្រាស់ស្បែកជើងដើម្បីអភិវឌ្ឍផលិតផល។ បន្តបន្ទាប់មកទៀត Adidas ក៏ចេះតែរកបានដៃគូសហការ និងដៃគូជំនួញថ្មីៗ និងពង្រីកការផ្សព្វផ្សាយយ៉ាងទូលំទូលាយ។
លោក Adolf បានទទួលមរណភាពកាលពីឆ្នាំ 1978។ អ្នកស្រី Kathe ដែលជាភរិយារបស់លោកក៏បន្តគ្រប់គ្រងក្រុមហ៊ុន Adidas ជាមួយនឹងកូនប្រុស Horst រហូតដល់អ្នកស្រីបានលាចាកលោកកាលពីឆ្នាំ 1984។
បច្ចុប្បន្ន Adidas គឺជាមួយក្នុងចំណោមយីហោសម្លៀកបំពាក់កីឡាលំដាប់កំពូលលើពិភពលោក ទន្ទឹមនឹង Nike ឬ Puma។ ប្រាក់ចំណូលប្រចាំឆ្នាំក្នុងឆ្នាំ 2021 របស់ Adidas គឺ 25 ពាន់លានដុល្លារអាម៉េរិក កើន 10% ធៀបនឹងឆ្នាំ 2020 ហើយប្រាក់ចំណេញប្រចាំឆ្នាំគឺ 2.3 ពាន់លានដុល្លារ៕