មេធាវីរបស់ Kathryn Mayorga (អ្នកដែលបានប្ដឹងកីឡាករបាល់ទាត់ Cristiano Ronaldo ពីបទរំលោភបំពានផ្លូវភេទ កាលពីឆ្នាំ 2009) ត្រូវតុលាការបង្គាប់ឱ្យបង់ប្រាក់សំណងជំងឺចិត្ត 334,637.5 ដុល្លារអាម៉េរិក ទៅឱ្យកំពូលតារាបាល់ទាត់ Cristiano Ronaldo ព្រោះតែសកម្មភាពដែល «មិនមានបំណងល្អ»។
ចៅក្រមតុលាការអាម៉េរិកមួយរូបបានប្រកាសថា មេធាវី Leslie Stovall របស់ Mayorga ត្រូវតែបង់ប្រាក់សំណងជំងឺចិត្តនេះដោយផ្ទាល់ដៃទៅឱ្យ Ronaldo។ សេចក្ដីសម្រេចនេះត្រូវបានធ្វើឡើងបន្ទាប់ពីកីឡាករខ្សែប្រយុទ្ធជនជាតិព័រទុយហ្កាល់ បាននិយាយថា គាត់បានរងផលប៉ះពាល់ដោយសារតែ «សកម្មភាពគ្រោះថ្នាក់» របស់មេធាវីនៅក្នុងរឿងក្ដីដែលបានអូសបន្លាយពេលយ៉ាងយូរនេះ។
Cristiano Ronaldo តែងតែបដិសេធការចោទដែលថា ខ្លួនបានរំលោភបំពានផ្លូវភេទលើ Mayorga ដែលបច្ចុប្បន្នមានអាយុ 40 ឆ្នាំ នៅក្នុងសណ្ឋាគារមួយនៅ Las Vegas កាលពីឆ្នាំ 2009 និងអះអាងថា ពួកគេមានទំនាក់ទំនងផ្លូវភេទដោយមានការព្រមព្រៀង។ ប៉ូលិសក៏មិនធ្លាប់បានលើកឡើងការចោទប្រកាន់ណាមួយឡើយ ទាក់ទងនឹងរឿងក្ដីនេះ។
យោងតាមសម្ដីរបស់ Mayora កីឡាករ Ronaldo បានរំលោភបំពានផ្លូវភេទលើនាងនៅ Palms Casino Resort ក្នុងទីក្រុង Las Vegas កាលពីខែមិថុនា 2009 ពេលកីឡាករនេះកំពុងទាត់ឱ្យ Man Utd។ ឆ្នាំ 2010 Mayorga បានយល់ព្រមទទួលយកប្រាក់ 375,000 ដុល្លារពី Ronaldo ជាថ្នូរនឹងការយល់ព្រមរក្សាការសម្ងាត់នេះ។
ក៏ប៉ុន្តែ មកដល់ឆ្នាំ 2018 ស្រីស្អាតជនជាតិអាម៉េរិកខាងលើក៏បានប្រែក្រឡាស់ និងបានដាក់ពាក្យបណ្ដឹងឡើងតុលាការនៅ Las Vegas។ ក្រុមមេធាវីរបស់ Mayorga យល់ថា កូនក្ដីរបស់ខ្លួនចុះហត្ថលេខាជាមួយ Ronaldo ក្នុងស្ថានភាព «ស្មារតីមិនធម្មតា» និងត្រូវបង្ខំ។
ដូច្នេះហើយ Mayorga ក៏ទាមទារសំណងជំងឺចិត្តក្នុងរយៈពេលជាង 10 ឆ្នាំ ចំនួន 78 លានដុល្លារអាម៉េរិកពី Ronaldo ក្រោយពី Football Leaks បង្ហើបឱ្យដឹងអំពីការទាក់ទងគ្នារវាងមេធាវីរបស់ Ronaldo។ ខែមិថុនា 2022 ចៅក្រមខណ្ឌ Jennifer Dorsey បានច្រានចោលសំណើនេះ។
ក្រុមមេធាវីរបស់ Ronaldo និយាយច្រើនដងហើយថា ឯកសារនានាដែលដើមបណ្ដឹងប្រមូលបានគឺក្លែងក្លាយ និងធ្វើឡើងក្នុងបំណងបង្ខូចកេរ្តិ៍ឈ្មោះរបស់កូនក្ដីរបស់ខ្លួន។ ដូច្នេះភាគីខាង Ronaldo ក៏ទាមទារសំណង 609,680 ដុល្លារដែលបានចំណាយលើរឿងក្ដី ពីមេធាវី Leslie Stovall និងក្រុមមេធាវីរបស់ Mayorga។
ប៉ុន្តែ ចៅក្រម Dorsey បានសម្រេចចិត្តបង្គាប់ឱ្យ Stovall និងសហការី បង់ប្រាក់សំណងត្រឹមពាក់កណ្ដាលនៃការទាមទារខាងលើ ព្រោះយល់ថា Ronaldo គួរណាស់តែធ្វើសកម្មភាពឱ្យបានឆាប់ដើម្បីឆ្លើយតបនឹងពាក្យបណ្ដឹង។
កាលពីអំឡុងពេលកើតហេតុ Ronaldo (មានវ័យទើបតែ 24 ឆ្នាំ និងទាត់ឱ្យក្លឹប Man Utd ជាលើកដំបូង) ទៅលំហែកាយនៅ Las Vegas ជាមួយនឹងបងថ្លៃ និងប្អូនជីដូនមួយ។ ចំណែក Mayorga ដែលកាលណោះមានវ័យ 25 ឆ្នាំ ក៏ទើបចូលប្រលូកក្នុងវិស័យដើរម៉ូដ និងកំពុងធ្វើការក្នុងក្លឹបរាត្រី Rain ខាងក្នុង Palms Casino Resort។ ពួកគេបានជួបគ្នានៅទីតាំង VIP របស់រីសតនេះ៕