ក្លឹបបាល់ទាត់ Chelsea ត្រូវបានគេជឿថា បាន «បើកឡើងវិញ» នូវការចរចាជាមួយក្លឹប Benfica ស្ដីពីកិច្ចព្រមព្រៀងប្រកបដោយសក្ដានុពលសម្រាប់កីឡាករអាហ្សង់ទីន Enzo Fernandez។
ម្ចាស់កម្មសិទ្ធិលើក្លឹប Chelsea លោក Todd Boehly បានចំណាយប្រាក់ជាង 500 លានផោនសម្រាប់ទិញកីឡាករថ្មី 16 រូប រាប់ចាប់តាំងពីរដូវកាលទិញដូរកីឡាករឆ្នាំកន្លង។
ខ្សែការពារ Malo Gusto អាយុ 19 ឆ្នាំ បានក្លាយជាកីឡាករបន្ថែមថ្មីបំផុតសម្រាប់ក្រុមរបស់គ្រូបង្វឹក Graham Potter នៅចុងសប្ដាហ៍នេះ បន្ទាប់ពីបានចុះកិច្ចព្រមព្រៀងដែលមានសុពលភាពរហូតដល់ឆ្នាំ 2030 ក្រោយពីករណីទិញដូរតម្លៃ 31 លានផោនពី Lyon។
កាលពីដើមសប្ដាហ៍នេះ មានព័ត៌មានថា Boehly មានផែនការចំណាយប្រាក់បន្ថែមដើម្បីដណ្ដើមយកខ្សែបម្រើជនជាតិអាហ្សង់ទីន វ័យ 21 ឆ្នាំ កីឡាករ Fernandez។ សំណើរបស់ Chelsea តម្លៃ 112 លានផោន (ច្រើនជាង 6 លានផោនធៀបនឹងសំណើ 105 លានផោនមុននោះ) ត្រូវបានបដិសេធក្នុងខែនេះ។ ប្រការនេះធ្វើឱ្យមនុស្សជាច្រើជឿថា Chelsea បានបោះបង់ការតាមចាប់យកកីឡាករ Fernandez យ៉ាងឆាប់ក៏ត្រឹមរដូវក្ដៅខាងមុខ។
ក៏ប៉ុន្តែ ទំព័រ The Telegraph បានឱ្យដឹងថា ក្លឹបម្ចាស់កីឡដ្ឋាន Stamford Bridge បានចាប់ផ្ដើមការចរចាឡើងវិញជាមួយនឹង Benfica នៅពេលពួកគេប្ដេជ្ញាចិត្តទិញយកសមាជិកម្ចាស់ពានរង្វាន់ជើងឯក World Cup 2022 ឱ្យបានមុនវេលាផុតកំណត់ ត្រឹមម៉ោង 23 ថ្ងៃទី 31 មករា 2023។
អ្នកជំនាញខាងព័ត៌មានស្ដីពីការទិញដូរកីឡាករ Fabrizio Romano ក៏បានបង្ហោះសារលើ Twitter ថា «Chelsea បានវិលត្រលប់មកចរចាផ្ទាល់ជាមួយ Benfica សម្រាប់ការទិញដូរ Enzo Fernandez។ ពួកគេចង់បានកីឡាករនេះតាមគ្រប់មធ្យោបាយ-Chelsea នឹងឱ្យថ្លៃ 120 លានអឺរ៉ូ (105 ផោនអង់គ្លេស)»។
លោក Fabrizio បន្ថែមថា «ប្រធាន Benfica លោក Rui Costa នៅតែមិនទាន់មានបំណងទទួលយក ប៉ុន្តែ Chelsea នឹងប្ដេជ្ញាចិត្តបង្ហើយការទិញដូរឱ្យបាននៅពេលឥឡូវ»។
Fernandez ទើបតែចេញពី River Plate និងបានចូលទាត់ឱ្យ Benfica ចាប់ពីរដូវក្ដៅឆ្នាំកន្លង ហើយកិច្ចសន្យានៅមានសុពលភាពរហូតដល់ឆ្នាំ 2027។ Fernandez បានលេងពេញពីរតង់ក្នុងការប្រកួតដែល Benfica ឈ្នះ Pacos Ferreira 2-0 កាលពីថ្ងៃព្រហស្បតិ៍កន្លង៕