Skip to content

ជប៉ុន​បោះទុន $3លាន​សាងសង់​សាកលវិទ្យាល័យ​ជំនាញ​កសិកម្ម​នៅ​កម្ពុជា

ភ្នំពេញ៖ ដោយ​សម្លឹង​ឃើញ​កម្ពុជា​ជាទី​តាំង​ភូមិសាស្ត្រ​មួយ​នៅ​អាស៊ី​ដែល​អំណោយផល​ផ្នែក​កសិកម្ម  ក្រុមហ៊ុន​ដ៏​ធំ​មួយ​របស់​ជប៉ុន​គ្រោង​បោះទុន​ប្រមាណ​ជា 3លាន​ដុល្លារ​អាមេរិក ដើម្បី​សាងសង់​សាកលវិទ្យាល័យ​បណ្តុះបណ្តាល​ជំនាញ​កសិកម្ម ទេសចរណ៍ និង​ថែទាំ​មនុស្ស​ចាស់​លើកដំបូង​នៅ​កម្ពុជា​យើង។

ដំណឹង​សាងសង់​សាកលវិទ្យាល័យ​ថ្មី​មួយ​នេះ​ត្រូវបាន​ឱ្យដឹង​នៅពេលដែល​លោក Yoshio Kondo នាយក​ក្រុមហ៊ុន Procast Asia Co.,Ltd បាន​ដឹកនាំ​គណៈប្រតិភូ​នៃ​សមាគម Toukaizaikai ដែលជា​សមាគម​មួយ​មាន​ក្រុមហ៊ុន​ផ្នែក​ឧស្សាហកម្ម ផ្នែក​សេវាកម្ម ផ្នែក​វេជ្ជសាស្ត្រ និង​ហិរញ្ញវត្ថុ​សរុប​ជាង300ក្រុមហ៊ុន​ជា​សមាជិក​មក​កម្ពុជា​ដើម្បី​ស្វែងយល់​ពី​ភាពអនុគ្រោះ និង​លក្ខខណ្ឌ​ការងារ​ដែល​ពាក់ព័ន្ធ​នឹង​ការវិនិយោគ​នៅ​ប្រទេស​កម្ពុជា​ជាមួយ​ឯកឧត្តម​បណ្ឌិត អ៊ិត សំហេង រដ្ឋមន្ត្រីក្រសួង​ការងារ និង​បណ្ដុះបណ្ដាល​វិជ្ជាជីវៈ។

លោក Yoshio Kondo នាយក​ក្រុមហ៊ុន Procast Asia co.,Ltd ប្រចាំ​នៅ​កម្ពុជា​បាន​បញ្ជាក់ដែរថា ទៅ​ថ្ងៃ​អនាគត សមាគម Toukaizaikai នឹង​ពង្រីក​ការវិនិយោគទុន​នៅ​ប្រទេស​កម្ពុជា ខណៈ​បច្ចុប្បន្ន​ក្រុមហ៊ុន​របស់លោក​បាន និង​កំពុង​សាងសង់​សាកលវិទ្យាល័យ​មួយ​ដើម្បី​បណ្ដុះបណ្ដាល​លើ​ជំនាញ​ថែទាំ​ជន​ចាស់ជរា កសិកម្ម និង​ទេសចរណ៍ នៅ​តំបន់​ខាំ​កូ​ស៊ី​ធី ស្ថិតក្នុង​ខណ្ឌ​សែន​សុខ​ដែល​គ្រោង​នឹង​ចំណាយ​ថវិកា​ប្រមាណ​ជា3លាន​ដុល្លារ​អាមេរិក​ក្នុងការ​សាងសង់​អគារ​សាកលវិទ្យាល័យ​ថ្មី​មួយ​នេះ។

ក្នុងជំនួប​ដ៏​កម្រ​នេះ​ឯកឧត្តម​បណ្ឌិត អ៊ិត សំហេង រដ្ឋមន្ត្រីក្រសួង​ការងារ និង​បណ្ដុះបណ្ដាល​វិជ្ជាជីវៈ​មានប្រសាសន៍​បញ្ជាក់ថា នៅពេល​ខាងមុខនេះ​ក្រុមហ៊ុន Procast Asia នឹង​ពង្រីក​គម្រោង​វិនិយោគ​របស់ខ្លួន​នៅ​កម្ពុជា​ដែល​អាច​ផ្ដល់នូវ​កាលានុវត្តភាព​បន្ថែមទៀត​សម្រាប់​អភិវឌ្ឍ​សេដ្ឋកិច្ចជាតិ ក៏ដូចជា​ការបង្កើត​នូវ​ឱកាស​ការងារថ្មីៗជូន​ដល់​ប្រជាពលរដ្ឋ​កម្ពុជា​ផងដែរ។

ឯកឧត្តម​បណ្ឌិត បាន​ជូនដំណឹង​ទៅ​ក្រុម​គណៈប្រតិភូ​នៃ​សមាគម Toukaizaikai នូវ​ព័ត៌មាន​មួយចំនួន​ពាក់ព័ន្ធ​នឹង​ភាពអនុគ្រោះ និង​លក្ខខណ្ឌ​ការងារ ក៏ដូចជា​ភាព​រីកចម្រើន​នៃ​សេដ្ឋកិច្ចកម្ពុជា​នាពេល​បច្ចុប្បន្ន ជាពិសេស​កិច្ចសហប្រតិបត្តិការ​ល្អ​រវាង​កម្ពុជា និង​ជប៉ុន​ក្នុងដំណាក់កាល​បច្ចុប្បន្ន​នេះ។ លើសពីនេះ​ទៀត គឺ​ភាពរឹងមាំ​នៃ​សន្តិភាព និង​ស្ថិរភាព​ពេញ​ប្រទេស​កម្ពុជា​ផងដែរ។ ហើយ​សមាគម​បានចាប់ផ្ដើម​ធ្វើការ​សិក្សា​ស្វែងយល់​តាមរយៈ​ព័ត៌មាន​នានា​រួចហើយ គ្រាន់តែ​សមាគម​ត្រូវធ្វើ​ការពិនិត្យ​ស្ថានភាព​ជាក់ស្ដែង​នៅ​កម្ពុជា​បន្ថែមទៀត​ដើម្បី​យល់ដឹង​ឱ្យ​កាន់តែ​ប្រាកដ​ច្បាស់។

ទោះយ៉ាងណា​លោកនាយក​ក្រុមហ៊ុន Procast មិនទាន់​អាច​បញ្ជាក់​ពី​ទំហំ​វិនិយោគ​ច្បាស់លាស់ និង​ថ្ងៃ​ចាប់ផ្ដើម​នៃ​ការវិនិយោគ​នៅឡើយ​ទេ ដោយសារ​ត្រូវ​រង់ចាំ​បញ្ចប់​ការត្រួតពិនិត្យ​ជាក់ស្ដែង និង​ត្រូវ​ឆ្លងកាត់​បែបបទ​គតិយុត្ត​នៅ​កម្ពុជា​ជាច្រើន​ដំណាក់កាល​តទៅទៀត៕

Leave a Reply

Your email address will not be published. Required fields are marked *