អ្នកនិយមលេងឧបករណ៍ភ្លេងហ្គីតារច្បាស់ជាមិនអាចរំលងបទចម្រៀងមួយនេះបានឡើយ ជាប្រភេទបទងាយៗ ចង្វាក់បែប Cuteៗ តាមស្ទីលយុវវ័យសម័យថ្មី ដែលមានចំណងជើងថា “ចង់ឱ្យគ្រប់យ៉ាងដូចដើម” ជាការបកស្រាយ និងនិពន្ធដោយ តារាចម្រៀង Sky ។ អារម្មណ៍ដែលផុសចេញពីការស្រឡាញ់ និងមានទេពកោសល្យក្នុងការផលិតស្នាដៃថ្មីៗ ដើម្បីឱ្យមហាជនអ្នកគាំទ្របានទទួលនោះ គឺជាកម្លាំងជំរុញចិត្តឱ្យតារាចម្រៀងរូបនេះ និពន្ធទំនុកច្រៀង និងទំនុកបទភ្លេងដោយខ្លួនលោកផ្ទាល់ក្នុងការបម្រើអារម្មណ៍អ្នកនិយមគាំទ្រស្ដាប់បទ Original song ដែលជាស្នាដៃកូនខែ្មរផ្ទាល់។
លោក ចាន់ធី មករា ឬមានឈ្មោះនៅក្នុងសិល្បៈហៅថា Sky បានប្រាប់សារព័ត៌មាន ឡារ៉ែន ថា “ចម្រៀងនិពន្ធថ្មីដំបូងដែលខ្ញុំបានធ្វើឡើងនេះ បានផលិតជាផ្លូវការហើយ ក៏ប៉ុន្ដែខ្ញុំក៏នៅតែបន្ដផលិតបទជាច្រើនទៀតផងដែរ ។ ពេលនេះគឺមានការគាំទ្រពីអ្នកទាំងអស់គ្នាហ្នឹងហើយដែលជាកម្លាំងចិត្តយ៉ាងសំខាន់សម្រាប់ខ្ញុំ ជាពិសេសស្នាដៃកូនខ្មែរផ្ទាល់តែម្ដង។ សង្ឃឹមថា អ្នកទាំងអស់គ្នាជាកូនខ្មែរបានចាប់អារម្មណ៍ និងលើកទឹកចិត្តកូនខ្មែរដូចគ្នាក្នុងការផលិតស្នាដៃនិពន្ធថ្មីនេះ” ។
តារាចម្រៀងរូបនេះបានរំឭកប្រាប់ថា នៅពេលដែលលោកចូលសិល្បៈដំបូងៗ និងឡើងច្រៀងនៅតាមស្ថានីយទូរទស្សន៍ក្នុងស្រុកជាច្រើននោះ លោកមានការសោកស្ដាយយ៉ាងខ្លាំងដែលពេលនោះមិនមានបទចម្រៀងផ្ទាល់ខ្លួន ដូច្នេះពេលនេះបើទោះបីជាលំបាក ឬគ្មានថវិកាគ្រប់គ្រាន់ក្នុងការផលិតបទចម្រៀងយ៉ាងនេះក្ដី ក៏លោកបានសន្សាទុកនៅក្នុងចិត្តថា លោកគ្រោងនឹងផលិតបទចម្រៀងថ្មីៗសម្រាប់កូនខ្មែរ និងរូបលោកផ្ទាល់ឱ្យបាន។
ជាចុងក្រោយ តារាវ័យក្មេងរូបនេះក៏បានថ្លែងអំណរគុណដល់អ្នកគាំទ្រទាំងអស់ ដែលបានស្រឡាញ់ និងគាំទ្រចម្រៀងលោក និងជាពិសេសផងដែរនោះ តារាចម្រៀងរូបនេះគ្រោងនឹងផលិតជាវីដេអូចម្រៀងដែលធានាថា នឹងទាក់ចិត្តយុវវ័យខ្លាំងបំផុតនៅពេលឆាប់ៗខាងមុខនេះ៕