Skip to content

គ្រូបង្វឹក​នៅក្លឹប Al Nassr ​និយាយ​ថា «Cristiano Ronaldo នឹង​ត្រលប់​ទៅកាន់​អឺរ៉ុប»

(អារ៉ាប៊ីសាអូឌីត) – គ្រូបង្វឹក​ Rudi Garcia បាន​ឱ្យ​ដឹង​ថា ខ្សែប្រយុទ្ធ Cristiano Ronaldo នឹង​ត្រលប់ទៅកាន់​អឺរ៉ុប​ដើម្បី​ប្រកួត​ និង​មិន​ចូល​និវត្តន៍​ត្រឹម​​ក្លឹប​ Al Nassr របស់​អារ៉ាប៊ីសាអូឌីត​ឡើយ។

បន្ទាប់ពី​បាន​បញ្ចប់​កិច្ច​សន្យា​មុនកាល​កំណត់​​ 6 ខែ​ជាមួយ​ Manchester United កំពូល​តារា​បាល់​ទាត់ Ronaldo បាន​បិទ​ទំព័រ​ 20 ឆ្នាំ​ដែល​បាន​លេង​បាល់​នៅ​ទ្វីប​អឺរ៉ុប ហើយ​មក​កាន់​ក្លឹប Al Nassr។ Ronaldo ទទួលបាន​ប្រាក់​បៀវត្សរ៍ 200 លាន​ដុល្លារ​អាម៉េរិក​ដែល​ជា​កំណត់​ត្រា​ពិភពលោក​ក្នុង​ប្រវត្តិសាស្ត្រ​បាល់​ទាត់​ ទៅតាម​កិច្ច​ព្រម​ព្រៀង​ដែលមាន​សុពលភាព​រហូតដល់​ខែ​មិថុនា 2025​។

យោង​​តាម​ការ​អះអាង​របស់ Ronaldo ក្រោយ​ពី​ដណ្ដើម​បាន​គ្រប់​តំណែងធំៗ​​នៅ​អឺរ៉ុប គាត់ចង់​ចែក​រំលែក​បទ​ពិសោធន៍​នៅ​ទ្វីប​អាស៊ី​។

ក៏ប៉ុន្តែ គ្រូបង្វឹក Rudi Garcia យល់​ថា ក្លឹប Al Nassr អាច​មិន​មែនជា​ចំណត​ចុង​ក្រោយ​ក្នុងអាជីព​របស់​ Ronaldo។ គ្រូបង្វឹក​ជនជាតិ​បារាំង​រូប​នេះ​ប្រាប់ Sport កាល​ពី​ថ្ងៃទី 29 មករា​ថា «គាត់​ (Ronaldo) គឺជា​ម្នាក់ក្នុងចំណោម​កីឡាករ​ឆ្នើម​បំផុត​លើ​ពិភពលោក​។ Ronaldo នឹង​មិន​បញ្ចប់​អាជីព​នៅត្រឹម​ក្លឹប​ Al Nassr ឡើយ ប៉ុន្តែ​នឹង​ត្រលប់​ទៅកាន់​អឺរ៉ុប​»។

បច្ចុប្បន្ន Ronaldo និង​មិត្ត​រួម​ក្រុម​នៅ Al Nassr កំពុង​នាំ​មុខ​គេ​នៅ​ក្នុង​ការ​ប្រកួតដណ្ដើម​ពាន​រង្វាន់ Saudi Pro League របស់​អារ៉ាប៊ីសាអូឌីត ដោយ​មាន 33 ពិន្ទុ ក្រោយ​ការ​ទាត់បាន​ 14 ប្រកួត​ ហើយ​នឹង​ត្រូវ​ប៉ះ​ក្រុម Al Fateh នៅ​ក្នុងការ​ប្រកួត​បន្ទាប់​នៅ​ថ្ងៃទី 03 កុម្ភៈ 2023​៕

Leave a Reply

Your email address will not be published. Required fields are marked *