ក្មេងប្រុសជនជាតិបង់ក្លាដែសម្នាក់អាយុ 15 ឆ្នាំ បានជាប់ដោយមិនដឹងខ្លួននៅក្នុងកុងតឺន័រមួយពេលកំពុងលេងល្បែងបិទពួន ហើយមួយសប្ដាហ៍ក្រោយមកទើបត្រូវបានប្រទះឃើញនៅប្រទេសម៉ាឡេស៊ី។
កាលពីថ្ងៃទី 17 មករា ក្រុមបុគ្គលិកលើកដាក់កុងតឺន័រពីកប៉ាល់បង់ក្លាដែសនៅឯកំពង់ផែ Klang ប្រទេសម៉ាឡេស៊ី មានការភ្ញាក់ផ្អើលខ្លាំងនៅពេលបានឃើញ Fahim ដែលជាក្មេងប្រុសបរទេស ឈានជើងចេញពីកុងតឺន័រក្នុងសភាពអស់កម្លាំងខ្លាំង។
ដំបូងឡើយ បុគ្គលិកនៅកំពង់ផែខាងលើស្មានថា ក្មេងនេះជាជនរងគ្រោះក្នុងអំពើជួញដូរមនុស្ស ទើបរាយការណ៍ប្រាប់សមត្ថកិច្ច។ រដ្ឋមន្ត្រីក្រសួងមហាផ្ទៃម៉ាឡេស៊ី បានឱ្យដឹងថា ក្រោយពីបានស៊ើបអង្កេត សមត្ថកិច្ចមិនបានរកឃើញសញ្ញាណាមួយបង្ហាញថានេះគឺជាអំពើជួញដូរមនុស្សឡើយ។ យោងតាមអាជ្ញាធរម៉ាឡេស៊ី ក្មេងនេះដេកភ្លេចខ្លួនក្នុងកុងតឺន័រ និងត្រូវបានរកឃើញនៅម៉ាឡេស៊ី។
India Times ផ្សាយថា កាលពីថ្ងៃទី 11 មករា Fahim កំពុងលេងបិទពួនជាមួយមិត្តភក្ដិនៅទីក្រុង Chittagong ប្រទេសបង់ក្លាដែស និងបានចូលទៅពួនក្នុងកុងតឺន័រ ហើយក៏បានដេកលក់។ កុងតឺន័រនេះ ក្រោយមកក៏ត្រូវបានលើកដាក់ទៅលើកប៉ាល់មួយគ្រឿង ធ្វើដំណើរទៅកាន់កំពង់ផែ Klang នៅប្រទេសម៉ាឡេស៊ី ដែលមានចម្ងាយពី Chittagong ប្រហែល 3,700 គីឡូម៉ែត្រ។
ក្នុងរយៈពេល 6 ថ្ងៃដែលជាប់ក្នុងកុងតឺន័រ Fahim បានស្រែកឱ្យជួយ ប៉ុន្តែមិនមានអ្នកណាឮសោះ។ ក្រុមមន្ត្រីម៉ាឡេស៊ី កំពុងតែធ្វើលិខិតស្នាមដើម្បីនាំ Fahim ត្រលប់ទៅបង់ក្លាដែសវិញ ក្រោយពីត្រូវបានព្យាបាលអាការអស់កម្លាំង។
កាលពីខែតុលា 2022 ប៉ូលិសម៉ាឡេស៊ីក៏ធ្លាប់បានប្រទះឃើញសាកសពក្មេងប្រុសអាយុ 15 ឆ្នាំម្នាក់កំពុងរលួយនៅក្នុងកុងតឺន័រដែលត្រូវបានដឹកពី Chittagong ទៅកាន់កំពង់ផែ Penang៕