(អង់គ្លេស) – ក្រុមហ៊ុន Arc Aero Systems បានបង្ហាញយន្តហោះកូនកាត់ឧទ្ធម្ភាគចក្រ Linx P9 ដែលនឹងអាចយកឈ្នះលើបណ្ដាឧទ្ធម្ភាគចក្រដែលមានទំហំប្រហាក់ប្រហែលគ្នា ទាក់ទងនឹងល្បឿន រយៈចម្ងាយ និងការចំណាយនៅក្នុងការហោះហើរ។
គ្រោងឆ្អឹងរបស់ Linx P9 គឺជាការរួមផ្សំរវាងយន្តហោះធម្មតា ឧទ្ធម្ភាគចក្រធម្មតា និងឧទ្ធម្ភាគចក្រមានស្លាបហោះឡើងដោយសេរី។ រចនារូបរាងចម្រុះនេះមានទម្ងន់តែ 1,930 គីឡូក្រាមប៉ុណ្ណោះ។ Linx P9 មានកៅអីចំនួន 9, ស្លាបប្រវែង 12.6 ម៉ែត្រ, ស្លាបកង្ហាររុញច្រានមួយគូនៅផ្នែកខាងក្រៅ និងកន្ទុយខ្នាតធំ នេះបើតាម New Atlas ចុះផ្សាយកាលពីថ្ងៃទី 23 មករា។
ម៉ាស៊ីនរ៉ូទ័រ (rotor) 13 ម៉ែត្ររបស់យន្តហោះនេះ អាចកែប្រែទិសរបស់រង្វិល។ យន្តហោះ Linx P9 នេះប្រើប្រាស់ម៉ូទ័រអគ្គិសនីមួយគ្រឿង ជួយឱ្យរ៉ូទ័រខាងលើវិលបានលឿនដើម្បីឱ្យយន្តហោះអាចហោះឡើង និងចុះចតដោយត្រង់។ ក្រោយពីបានហោះឡើងទៅលើ ស្លាបកង្ហាររុញច្រាននឹងដំណើរការ និងផ្ដល់កម្លាំងលើកជាង 90% អនុញ្ញាតឱ្យរ៉ូទ័រដំណើរការយឺតមកវិញបាន។ រូបរាងរបស់ Linx P9 រួមចំណែកកាត់បន្ថយកម្លាំងកកិត និងកម្លាំងលើកមិនមានសមប្បមាណ (កម្លាំងមិនស្មើគ្នា)។ ជាលទ្ធផល យន្តហោះនេះអាចហោះក្នុងល្បឿនធ្វើដំណើរផ្លូវឆ្ងាយ 370 គីឡូម៉ែត្រ/ម៉ោង។
ស្លាបកង្ហាររុញច្រានរបស់ Linx P9 ដំណើរការដោយម៉ាស៊ីនទួរប៊ីន (turbomachinery) កម្លាំង 496 សេះ។ យោងតាមក្រុមហ៊ុន Arc Aero Systems ម៉ាស៊ីនទាំងនេះដំណើរការដោយឥន្ធនៈអាកាសចរណ៍និរន្តរភាព អាចជំនួសដោយថ្មផ្ទុកថាមពលអ៊ីដ្រូសែន។ ទំហំ និងល្បឿនរបស់ Linx P9 សមស្របនឹងការហោះហើររយៈចម្ងាយឆ្ងាយ។ Arc Aero Systems ឱ្យដឹងថា យន្តហោះនេះអាចហោះបាន 950 គីឡូម៉ែត្រ ដោយប្រើប្រាស់ឥន្ធនៈ 600 គីឡូក្រាម ឬ 1,300 គីឡូម៉ែត្រនៅពេលបំពាក់ឥន្ធនៈមួយធុងទៀត។ Linx P9 ស៊ីឥន្ធនៈប្រហែល 505 ដុល្លារ/ម៉ោង ទាបជាង 40% ធៀបនឹងការចំណាយទៅលើឧទ្ធម្ភាគចក្រធម្មតាដែលមានទំហំប៉ុនគ្នា។
យន្តហោះ Linx P9 មានពីរចំណុចដែលមានប្រៀបជាងគេ ធៀបនឹងតាក់ស៊ីហោះឡើង និងចុះចតដោយត្រង់នាបច្ចុប្បន្ន។ ទីមួយគឺ រ៉ូទ័រធំរបស់វានឹងត្រូវបានប្រើជាមុខងារដូចឆត្រយោង ក្នុងករណីម៉ាស៊ីនដទៃជួបបញ្ហា។ ទីពីរគឺវាងាយស្រួលក្នុងការសុំលិខិតអនុញ្ញាតទៅតាមច្បាប់បច្ចុប្បន្ន ដោយសារមិនចាំបាច់ឱ្យក្រុមអ្នកតាក់តែងច្បាប់កែប្រែ ឬបង្កើតច្បាប់អនុញ្ញាតថ្មី៕