ថ្មីៗនេះ ក្រុមកីឡាករបាល់ទាត់របស់ក្លឹប PSG ដែលមាន Messi, Neymar, Mbappe ជាដើម បានជួបជុំគ្នា និងធ្វើដំណើរទៅមើលមជ្ឈមណ្ឌលហ្វឹកហាត់ថ្មីរបស់ពួកគេ ដែលនឹងសង់រួចរាល់នៅឆ្នាំក្រោយ។
កាលពីថ្ងៃទី 26 មករា Messi បានត្រលប់មកកាន់ក្លឹប PSG ក្រោយការសម្រាកលំហែកាយរយៈពេលខ្លីជាមួយគ្រួសារនៅប្រទេសស្វ៊ីស។ Messi គ្រោងនឹងត្រលប់ទៅចូលរួមការប្រកួតរវាង PSG និង Reims នៅ Ligue 1 ក្នុងថ្ងៃទី 30 មករាខាងមុខ។
មុននោះ Lionel Messi រួមនឹងប្រធាន Al-Khelaifi និងសមាជិកទាំងអស់របស់ PSG បានរួមដំណើរទៅធ្វើទស្សនកិច្ចនៅមជ្ឈមណ្ឌលហ្វឹកហាត់ថ្មីរបស់ក្លឹប ដែលនឹងត្រូវប្រគល់ឱ្យពួកគេចាប់ពីរដូវកាល 2023-2024។
មជ្ឈមណ្ឌលហ្វឹកហាត់ថ្មីរបស់ PSG ត្រូវបានហៅថា Campus PSG ដែលមានចម្ងាយពីមជ្ឈមណ្ឌលចាស់ Camp des Loges ប្រហែល 8 គីឡូម៉ែត្រ។ ទីនេះមានទំហំធំជាង 74 ហិកតា ក្នុងនោះមានអគារទំហំ 10,000 ម៉ែត្រក្រឡា សម្រាប់ក្រុមកីឡាករ។ ក្រោយពីនេះ Campus PSG ក៏មានទីលានហ្វឹកហាត់ចំនួន 17 និងបន្ទប់ប្រណិតចំនួន 43 សម្រាប់កិច្ចប្រជុំមុនការប្រកួត។
យោងតាម PSG នេះគឺជាទីតាំងដែលមិនមានកន្លែងណាល្អជាង សម្រាប់បម្រើដល់ការបណ្ដុះបណ្ដាល និងលើកកម្ពស់ប្រសិទ្ធភាពក្រុម និងបុគ្គល។ ខាងក្នុងបន្ទប់ទាំងឡាយនឹងត្រូវបានបំពាក់បច្ចេកវិទ្យាទំនើបបំផុតដើម្បីជួយឱ្យកីឡាករយកកម្លាំងមកវិញ និងលើកកម្ពស់សុខភាពរាងកាយក្រោយការប្រកួតម្ដងៗ។
ដោយមានមជ្ឈមណ្ឌលហ្វឹកហាត់ថ្មីនេះ Paris Saint-Germain សង្ឃឹមថា គុណភាពនៃការហ្វឹកហាត់របស់ពួកគេនឹងបានប្រសើរឡើង។
Campus PSG ត្រូវបានរៀបគម្រោងសាងសង់តាំងតែពីក្លឹប PSG បានធ្លាក់ទៅលើដៃ Qatar Sport Investment។ ម្ចាស់ក្លឹបនៅប្រទេសកាតា បានចំណាយប្រាក់អស់ 300 លានអឺរ៉ូ និងចំណាយពេលជិត 4 ឆ្នាំដើម្បីសាងសង់មជ្ឈមណ្ឌលហ្វឹកហាត់ Campus PSG ដែលគ្រោងនឹងស្ថាបនារួចរាល់ជាស្ថាពរនៅក្នុងឆ្នាំ 2024៕